ភ្នំពេញៈ ក្រុម​អ្នកវិភាគ​បាន​អះអាង​ថា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​កម្ពុជា​នឹង​មើលឃើញ​ការពិត​អំពី​កម្ពុជា បន្ទាប់ពី​លោកស្រី​បាន​មកដល់​ប្រទេស​កម្ពុជា ខណៈ​ការសន្និដ្ឋាន​អំពី​ការដក​ការអនុគ្រោះ​ពន្ធ​សម្រាប់​ការនាំ​ចូល​ពី​កម្ពុជា​នូវ​ទំនិញ​គ្រប់​ប្រភេទ​លើកលែង​តែ​សព្វាវុធ​ (EBA) ​កំពុង​ខិតជិត​មកដល់​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី​បាន​មក​ដល់​ប្រទេស​ កម្ពុជា និង​បាន​ថ្វាយ​សារតាំង​ដល់​ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅ​ព្រះបរមរាជរាំង​។ នេះ​បើ​យោង​តាម​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។

គណៈប្រតិភូ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា​លោកស្រី Carmen Moreno មាន​កិតិ្តយស​យ៉ាងខ្លាំង​ត្រូវ​បាន​ទទួល​ដោយ​ព្រះមហាក្សត្រ និង​ទទួលស្គាល់​ជា​ផ្លូវការ​ជា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។

លោកស្រី Carmen Moreno ត្រូវបាន​ស្រង់​សម្តី​ដោយ​គណៈប្រតិភូ​របស់​លោកស្រី​ក្នុង​ប្រទេស​កម្ពុជា និង​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​វា​ជា​បុព្វសិទ្ធិ​សម្រាប់​ខ្ញុំ​ដែល​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជា​ប្រទេស​មួយ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ និង​ជា​កន្លែង​ដែល​ខ្ញុំ​បានឃើញ​វឌ្ឍនភាព​ក្នុង​រយៈកាល​ជាច្រើន​ឆ្នាំ​កន្លងមក​។ នេះ​ក៏​ជា​លទ្ធផល​នៃ​ភាព​ជា​ដៃគូ​របស់​យើង​ក្នុង​ការអភិវឌ្ឍ ហើយ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​រួម​ចំណែក​ដល់​ការពង្រឹងភាព​ជា​ដៃគូ​នេះ និង​ទំនាក់ទំនង​របស់​យើង​» ។

លោកស្រី Carmen Moreno ដែលជា​ជនជាតិ​អេស្ប៉ាញ​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា​កាលពី​ខែកក្កដា​ដោយ​ជំនួស​លោក George Edgar ជនជាតិ​អង់គ្លេស​ដែល​ទើប​ផុត​អាណត្តិ​បេសកកម្ម​នៅ​កម្ពុជា​របស់លោក​កាលពី​ខែ​កញ្ញា​។

លោកស្រី Moreno មិនបាន​ឆ្លើយតប​នឹង​សំណួរ​របស់​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ផ្ញើ​តាម​អ៊ីមែល​នោះ​ទេ​កាលពី​ថ្ងៃ​អង្គារ​។

លោកស្រី​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ថ្មី និង​គណៈប្រតិភូ​ពេលចេញ​ពី​គាល់​ព្រះមហាក្សត្រ​។ រូបថត សហការី

សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​នីតិវិធី​ដក​ការអនុគ្រោះ​ពន្ធ​សម្រាប់​ការនាំ​ចូល​ទំនិញ​គ្រប់យ៉ាង​លើកលែង​តែ​សព្វាវុធ​ (EBA) ​ពី​កម្ពុជា​កាលពី​ថ្ងៃទី​ ១២ ខែ​កុម្ភៈ ដោយ​លើកឡើង​អំពី​ការរំលោភបំពាន​សិទ្ធិ​ការងារ ការរំលោភ​យក​ដីធ្លី និង​ការបង្ក្រាប​ផ្នែក​នយោបាយ​។

កាលពី​ពាក់កណ្តាល​ខែ​សីហា​សហភាព​អឺរ៉ុប​បានប្រកាសថា ខ្លួន​បាន​បញ្ចប់​ការស៊ើបអង្កេត ហើយ​លទ្ធផល​រកឃើញ​របស់​ពួកគេ​ត្រូវ​បាន​រំពឹងថា​នឹង​ផ្ញើរ​មក​កម្ពុជា​ក្នុង​រយៈពេល​ ៣ ​ខែ​គិត​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការបិទ​ការស៊ើបអង្កេត​របស់​ពួកគេ​។ ប្រសិន​បើ​នីតិវិធី​មិន​ផ្លាស់ប្តូរ ការសន្និដ្ឋាន​នឹង​មក​ដល់​កម្ពុជា​មិន​ហួស​ពី​សប្តាហ៍​ក្រោយ ។

ប៉ុន្តែ​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​​អន្តរជាតិ​បាន​ថ្លែងថា មិនទាន់​ទទួល​បាន​របាយការណ៍​ពី​សហភាព​អឺរ៉ុប​ទេ​។

ប៉ុន្តែ​តាម​ប្រភព​មួយ​ដែល​ដឹង​រឿងនេះ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងថា ការបោះពុម្ព​សេចក្តី​សន្និដ្ឋាន​ដែល​ធ្វើឡើង​ដោយ​លោកស្រី Cecilia Malmstrom ស្នងការ​អឺរ៉ុប​ផ្នែក​ពាណិជ្ជកម្ម និង​លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​មិនទាន់​បាន​ផ្ញើមក​កម្ពុជា​នៅ​ឡើយ​ទេ​។ នៅពេល​ដែល​កម្ពុជា​ទទួល​បាន​ការបោះពុម្ព​នេះ ប្រទេស​កម្ពុជា​មាន​រយៈពេល​ ១ ​ខែ ដើម្បី​ផ្តល់​មតិយោបល់​ត្រឡប់​ទៅវិញ​។

លោក​បាន​ថ្លែងថា មតិយោបល់​របស់​កម្ពុជា​នឹង​ទទួល​យក​ដោយ​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​ថ្មី​គឺ Ursula von der Leyen ។

ប្រភព​នេះ​បាន​បញ្ជាក់ថា​៖ «​តាម​ដែល​ខ្ញុំ​ដឹង​តាម​លក្ខណៈ​ផ្ទាល់ខ្លួន​វា​មិន​ច្បាស់​ជាង​អ្វីដែល គណៈកម្មការ​ថ្មី​នឹង​ស្នើ​ទៅ​គណៈរដ្ឋមន្ត្រី​របស់​សហភាព​អឺរ៉ុប​ទេ​។ មានការ​ផ្លាស់ប្តូរ​ផ្នែក​នយោបាយ​នៅ​អឺរ៉ុប ហើយ​វា​គ្រោះថ្នាក់​ដែល​ធ្វើការ​ព្យាករ​ជាមុន​»​។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា​លោក​មិន​ឃើញថា លោកស្រី Moreno អាច​ធ្វើអ្វី​បាន​ច្រើន​ជាង​អគ្គរដ្ឋទូត​មុន លោក George Edgar ក្នុងការ​ដោះស្រាយ​បញ្ហា​ EBA ​នោះទេ លុះត្រាតែ​រដ្ឋាភិបាល​យើង​ធ្វើ​តាម​សហភាព​អឺរ៉ុប​ក្នុង​ការលើក​កម្ពស់​គោលការណ៍​សិទ្ធិមនុស្ស​ដែល​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង EBA ។

ទោះយ៉ាងណា​លោក សុខ ទូច ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោកស្រី Moreno នឹង​ឃើញ​ការអភិវឌ្ឍ​ពិតប្រាកដ​នៅ​កម្ពុជា​ដែល​ខុស​ពី​អ្វី​ដែល​បាន​ផ្តល់​ទៅ​សហភាព​អឺរ៉ុប​ដោយ ក្រុមប្រឆាំង​។ ​

លោក​បាន​បន្ត​ថា ​អ្វីដែល​លោកស្រី Moreno អាច​យកចិត្ត​ទុកដាក់​ពិសេស​នោះ​គឺ​តម្លាភាព​ចំពោះ​ការចោទប្រកាន់​អំពី​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។

លោក​ សុខ ទូច បាន​ថ្លែង​ថា កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត​រវាង​សហភាព​អឺរ៉ុប និង កម្ពុជា​មិនគួរ​ជា​កិច្ចសហប្រតិបត្តិការ​​ «​ដែល​ដាក់​សម្ពាធ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ទៅលើ​គ្នា​ទៅវិញ​ទៅមក​នោះទេ​»​។

លោក​ថា​៖ «​ខ្ញុំ​គិតថា​កាតព្វកិច្ច​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​គឺ​ត្រូវ​ផ្សព្វផ្សាយ​អ្វី​ដែល​ល្អ​អំពី​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​។ វា​ខុសពី​អ្វី​ដែល​ក្រុម​ប្រឆាំង​ធ្វើ​។ ប្រសិនបើ​លោកស្រី​មិន​លម្អៀង លោកស្រី​នឹង​អាច​ធ្វើឲ្យ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ដឹង​ច្រើន​ជាង​មុន​អំពី​កម្ពុជា និង​ជំរុញ​ការវិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​»​។

លោក​បាន​បន្តថា​៖ «​យើង​សង្ឃឹម​ថា​សហភាព​អឺរ៉ុប​នឹង​ក្លាយ​ជា​ដៃគូ​ល្អ​របស់​យើង​ក្នុង​វិស័យ​ទេសចរណ៍ និង​កសិកម្ម ហើយ​បង្កើត​ទីក្រុង​ស្អាត​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​តូច​នេះ​មាន​ភាពទាក់ទាញ​ចំពោះ​វិនិយោគិន​»៕ PS