ភ្នំពេញៈ ស្រប​ពេល​មេដឹកនាំ​នយោបាយ​កំពូល​ ២ ​រូប​បាន​បែរ​ខ្នង​ប្រកាស​មិន​ខ្ចី​និយាយ​រក​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​មិន​ដឹង​ថ្ងៃ​ណា​បែរ​មុខ​មក​រក​គ្នា​ឡើងវិញ ដើម្បី​រួម​គ្នា​កសាង និង​លើក​មុខមាត់​កិត្តិយស​ប្រទេស​ជាតិ​នោះ អ្នកវិភាគ​ក៏​បាន​ទូល​សុំ​ព្រះមហាក្សត្រ​យាង​ធ្វើ​ជា​អាជ្ញាកណ្តាល​សម្របសម្រួល​ក្នុង​ជម្លោះ​នយោបាយ​នេះ​ដូច​ដែល​អតីត​ព្រះមហាក្សត្រ​បរមរតនកោដ្ឋ​នរោត្តម សីហនុ ធ្លាប់​បាន​ធ្វើ​។

ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា ព្រះមហាក្សត្រ​នរោត្តម សីហមុនី បច្ចុប្បន្ន ព្រះអង្គ​ក៏​អាច​ជួយ​ផ្សះផ្សា​ជាតិ​តាមរយៈ​ធ្វើ​ជា​អាជ្ញាកណ្តាល​សម្របសម្រួល​មេដឹកនាំ​នយោបាយ​កំពូល​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​អតីត​មេបក្ស​ប្រឆាំង លោក​ សម រង្ស៊ី បាន​ដែរ​ដោយ​កោះ​ហៅ​មេដឹកនាំ​ទាំង​ ២ ​នេះ​ឲ្យ​មក​ចូល​តុ​ចរចា ក្រោយពី​មេដឹកនាំ​ទាំង​ ២ ​បាន​ប្រកាស​ម៉ឺងម៉ាត់​ថ្មីៗ​នេះ​ថា​មិន​ជួប​ចរចា​គ្នា​។

ការបំពេញ​ព្រះរាជ​តួនាទី​បែប​នេះ​របស់​ព្រះអង្គ គឺ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ព្រះរាជតួនាទី​របស់​ព្រះមហាក្សត្រ​ក្នុង​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ​នៅ​ពេល​មាន​វិបត្តិ​នយោបាយ​។

អ្នកវិភាគ​នយោបាយ​លោក​ មាស នី និង​ លោក​ ព្រាប កុល ដែល​ក៏​ជា​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ផងដែរ​នោះ​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ស្ថានភាព​ពេល​នេះ​ព្រះមហាក្សត្រ​ដែល​មាន​ព្រះរាជតួនាទី​ផ្សះផ្សា​ជាតិ​នោះ ព្រះអង្គ​អាច​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​កើតឡើង​នេះ តាមរយៈ​ការធ្វើ​ជា​អាជ្ញាកណ្តាល​សម្របសម្រួល​។ ដូច្នេះ​ព្រះអង្គ​គួរ​តែ​ធ្វើ​យ៉ាង​ណា​សម្រប​សម្រួល​ឲ្យ​លោក​ ហ៊ុន សែន និង​លោក​ សម រង្ស៊ី ឈាន​មួយ​ជំហាន​ម្នាក់​បែរ​មុខ​រក​គ្នា និង​និយាយ​គ្នា ដើម្បី​បញ្ចប់​នូវ​ជម្លោះ​នយោបាយ​ខ្មែរ និង​ខ្មែរ​។

លោក​ មាស នី ថ្លែង​ថា​៖ «​រដ្ឋធម្មនុញ្ញ​បាន​ចែង​ច្បាស់​ហើយ ព្រះករុណា​មាន​តួនាទី​ជា​និមិត្តរូប​នៃ​ការផ្សះផ្សា​ជាតិ​នៃ​ការបង្រួបបង្រួម​ជាតិ​។ អ៊ីចឹង​នៅ​ពេល​ដែល​មាន​វិបត្តិ​ជាប់គាំង​នយោបាយ អ្នក​នយោបាយ​ឈ្លោះ​គ្នា​មាន​តែ​តួអង្គ​ព្រះករុណា​ទេ​ដែល​ជា​អ្នក​ចេញ​មុខមក​ក្នុង​ការ​សម្របសម្រួល​ហ្នឹង​»​។

លោក​ក៏​បាន​សំដៅ​ទៅ​ដល់​អតីតព្រះមហាក្សត្រ​នរោត្តម សីហនុ ព្រះអង្គ​ក៏​ធ្លាប់​បំពេញ​ព្រះរាជតួនាទី​ខ្លះៗ​ដែរ​ក្នុង​ការ​សម្របសម្រួល​ជម្លោះ​នយោបាយ​នេះ​។

ស្ថិត​ក្នុង​ស្ថានភាព​ជម្លោះ​នយោបាយ​បែប​នេះ​លោក​ មាស នី ថ្លែង​ថា​ប្រទេស​នីមួយៗ​តែងតែ​មាន​យន្តការ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ហើយ​បើ​មិន​មាន​នោះ​ទេ វា​ធ្វើឲ្យ​អ្នក​មាន​អំណាច​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​។

លោក​បន្ថែម​ថា​៖​ «​បើ​សិន​ [​នៅមាន​] ​សកម្មភាព​បែប​នេះ ប្រទេស​ខ្មែរ​យើង​មាន​វិបត្តិ​នយោបាយ​រក​ច្រក​អត់​ចេញ ឈ្លោះ​គ្នា​ទាល់​តែ​អស់ដៃ​អស់ជើង​រៀង​ខ្លួន​។ ឈ្លោះ​គ្នា​មែនទែន​ទៅ​លែង​គិត​ពី​ប្រជាធិបតេយ្យ អព្យាក្រឹត​អី​អស់រលីង​ហើយ​គឺ​ថា​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​រស់​ទៅ​ខាង​ណា​ក៏​ទៅ​សិន​ដែរ ហើយ​អាហ្នឹង​វា​ជា​គ្រោះថ្នាក់​សម្រាប់​សង្គមជាតិ​មួយ​នេះ បើ​សិន​ជា​អ្នកដឹកនាំ​ខ្មែរ​យើង​ធ្វើ​របៀប​នេះ​»​។

ដោយ​ឡែក​លោក​ ព្រាប កុល ដែល​ធ្លាប់​ព្រលយ​ថា​លោក​ធ្លាប់​ជួប​និយាយ​គ្នា​ជាមួយ​តួអង្គ​អ្នក​នយោបាយ​សំខាន់ៗ​នាពេល​កន្លង​មក​ក្នុង​អំឡុង​ស្ថានភាព​នយោបាយ​មិន​ល្អ​នេះ​ក៏​បាន​លើក​ឡើង​ដែរ​ថា ការផ្សះផ្សា​ជាតិ​ជា​ប្រធានបទ​ដ៏សំខាន់​សម្រាប់​កម្ពុជា​នាពេល​បច្ចុប្បន្ន ហើយ​កិច្ចការ​នេះ​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការស្ម័គ្រចិត្ត​ចរចា​ដោយ​ភាគី​ជម្លោះ​ដោយ​ផ្ទាល់ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ​។

លោក​បន្ថែម​ថា​៖ «​ក្នុង​ករណី​ដែល​ភាគី​ជម្លោះ​មិន​អាច​ចាប់ផ្តើម​ការសន្ទនា ឬ​ការចរចា​ដោយ​ខ្លួនឯង​បាន​ព្រះមហាក្សត្រ​គួរ​បំពេញ​ព្រះរាជតួនាទី​ដោយ​សម្របសម្រួល​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ដូច​ដែល​ព្រះបរមរតនកោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ធ្លាប់​បាន​បំពេញ​ព្រះរាជកិច្ច​នាពេល​កន្លង​ទៅ​»​។

លោក​បាន​បន្ត​ថា​៖ «​មធ្យោបាយ​មួយ​ទៀត​គឺ​អាច​ពឹងពាក់​ដល់​ប្រទេស​ជា​មិត្ត ដូចជា​ជប៉ុន ឬ​ប្រទេស​នៅ​ទ្វីបអឺរ៉ុប ដើម្បី​ជួយ​សម្របសម្រួល​»​។

ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច​លោក​ សុខ ឥសាន បញ្ជាក់​ថា​ស្ថានភាព​នយោបាយ​ជាមួយ​បក្សប្រឆាំង ទោះបី​ពឹង​ផ្អែក​លើ​ព្រះមហាក្សត្រ​ក៏​មិន​អាច​ទៅ​រួច​ដែរ ពីព្រោះ​ថា​ព្រះមហាក្សត្រ​មាន​ព្រះរាជតួនាទី​សម្រប​សម្រួល​នយោបាយ ដើម្បី​ធានា​និរន្តរភាព និង​ស្ថិរភាព​នៃ​ដំណើរការ​កិច្ចការ​របស់​រដ្ឋ​។ ម្យ៉ាង​ទៀត​នោះ​គឺ​ថា​អតីត​បក្សប្រឆាំង​មាន​បញ្ហា​ត្រូវ​ប្រឈមមុខ​ច្បាប់ ហើយ​ដោះស្រាយ​តាម​គោលការណ៍​ច្បាប់​រួច​ទៅ​ហើយ​។

លោក​ថ្លែង​ថា​៖ «​បើ​ចង់​ដោះស្រាយ ដោះស្រាយ​មុន​គោលការណ៍​ច្បាប់ ឥឡូវ​យើង​អនុវត្ត​ច្បាប់​រួច​ទៅ​ហើយ អ៊ីចឹង​មិន​អាច​ព្រះរាជតួនាទី​របស់​ព្រះករុណា​ហ្នឹង​រំលោភ​លើ​ច្បាប់​បាន​ទេ​»​។

លោក​បន្ថែម​ថា​លោក​ សម រង្ស៊ី មិន​មាន​តួនាទី​អ្វី​ដែល​ជា​តំណាង​ឲ្យ​អតីត​បក្សប្រឆាំង​ត្រូវ​មក​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ ព្រោះ​លោក​កំពុង​ប្រឈម​នឹង​ផ្លូវច្បាប់​។

លោក​ថា​៖ «​ជំហរ​របស់​ទណ្ឌិត​ សម រង្ស៊ី បាន​ប្រកាស​ជា​ចំហ​ហើយ គាត់​មិន​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​ជាមួយ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ ហ៊ុន សែន ទេ​ទុក​ឲ្យ​អន្តរជាតិ​ចរចា អ៊ីចឹង​គឺ​ជូន​តាម​សំណូមពរ​របស់​គាត់​»​។

នៅពេល​សួរ​ថា តើ​ក្រៅ​ពី​លោក​ សម រង្ស៊ី គណបក្ស​កាន់អំណាច​អាច​ចរចា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រឆាំង​បាន​ដែរ​ឬ​យ៉ាងណា​នោះ លោក​ ឥសាន បញ្ជាក់​ថា​ក្រៅពី​ថ្នាក់ដឹកនាំ​ចំនួន​ ១១៨ ​រូប​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​របស់​បក្សប្រឆាំង​នោះ​គឺ​មិន​មាន​មន្ត្រី​ណា​របស់​បក្ស​នេះ​អាច​មក​ចរចា​ជាមួយ​បក្ស​លោក​បាន​ឡើយ​។

លោក​ចំអក​ថា​ មាន​តែ​រង់ចាំ​ដល់​ឆ្នាំ​ ២០២៣ ​តែ​ប៉ុណ្ណោះ​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​អាច​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ ដោយ​ស្វ័យប្រវត្តិ​មិន​ចាំបាច់​ចរចា​។

ទោះ​ជា​យ៉ាង​ណា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្ស​ប្រឆាំង​លោក​ អ៊ូ ច័ន្ទរ័ត្ន គាំទ្រ​ឲ្យ​មាន​ការយាង​ធ្វើ​ជា​អាជ្ញាកណ្តាល​ពី​ព្រះមហាក្សត្រ​ស្រប​តាម​ព្រះរាជតួនាទី​របស់​ព្រះអង្គ​ក្នុង​ការ​សម្របសម្រួល​រវាង​មេដឹកនាំ​ទាំង​ ២ ​នេះ​។

លោក​ ច័ន្ទរ័ត្ន ថ្លែង​ថា​៖ «​បើសិន​ជា​ថ្នាក់ដឹកនាំ​នយោបាយ​នៅ​តែ​បោះសម្តី​ទៅវិញ​ទៅមក​របៀប​នេះ​មិន​អាច​នឹង​រក​ដំណោះស្រាយ​បាន​ទេ​។ យើង​អត់​ព្រម​ទទួល​ស្គាល់​ថា បើ​សិន​ជា​មិន​ព្រម​ដោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ​ទេ​គ្មាន​អ្នក​ណា​គេ​អាច​ជួយ​ដោះស្រាយ​យើង​បាន​ទេ​។ គេ​គ្រាន់​តែ​អន្តរាគមន៍​ម្តងម្កាល ដើម្បី​ឲ្យ​យើង​ត្រូវ​គ្នា​វិញ ដើម្បី​ឲ្យ​យើង​ជជែក​គ្នា​។ ប៉ុន្តែ​រឿង​ចរចា នៅ​ទីបំផុត​គឺ​ត្រូវ​តែ​ចរចា​រវាង​ខ្មែរ និង​ខ្មែរ​ហ្នឹងឯង​»៕