ភ្នំពេញៈ លោក​ សម រង្ស៊ី ​ប្រធាន​ស្ដី​ទី​គណ​បក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បានតុលា​ការ​រំលាយ​ បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ក្នុង​ស្រុក​ងើប​ឡើង​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ ជា​អ្វី​ដែល​អ្នក​វិភាគ​ថ្កោល​ទោស ​ខណៈ​មន្ត្រី​រាជ​រដ្ឋា​ភិ​​បាល​ចំអក​ចំពោះ​ការ​អំពា​វនាវ​នេះ ស្រប​ពេល​ដែល​​ក្រុម​អ្នក​គាំទ្រ​​អតី​តបក្ស​ប្រឆាំង​នៅ​អឺរ៉ុប​ត្រៀម​បាតុក​ម្ម​នៅ​ថ្ងៃ​ទី ១​ មីនា​ ដើម្បីទាមទារ​សិទ្ធិ​មនុស្ស​នៅកម្ពុជា។

ក្នុង​វីដេអូ​ឃ្លីប​ដែល​លោក​បង្ហោះ​កាល​ពី​ថ្ងៃ​អង្គារ លោក​ សម រង្ស៊ី ថ្លែង​ថា៖ «ក្នុង​ឆ្នាំ ​២០១៩ ​នេះ យើង​ត្រូវ​ដណ្ដើម​ប្រទេស​កម្ពុជា​យក​មក​សង​ប្រជា​រាស្ត្រ​ខ្មែរ​វិញ។ នេះ​ជា​សាច់​រឿង​ផង ជា​​គោល​ដៅ​យើង​ផង ជា​បេសកកម្ម​ប្រវត្តិសាស្ត្រ​ដែល​យើ​ងត្រូវ​ចូលរួម​បំពេញ​បេសកកម្ម​នេះ​ប្រកប​ដោយ​ជោគ​ជ័យដណ្ដើម​ប្រទេស​កម្ពុជា​យក​​មក​សង​ប្រជា​រាស្ត្រ​ខ្មែរ​វិញ»។

ការ​ថ្លែង​របស់​លោក ​សម រង្ស៊ី បាន​ធ្វើឡើ​ងក្នុ​ងពេល​ជួប​ជា​មួយ​អ្នក​គាំទ្រ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក។ ក្នុង​ជំនួប​នោះ លោក​ថា ការ​យក​ប្រទេស​កម្ពុជា​មក​វិញ​នេះ ​មិន​ឲ្យ​ផុត​ពី​ឆ្នាំ​ ២០១៩ ​នេះ​ទេ។ លោក​អំពាវ​នាវ​ឲ្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​រួម​មាន ​ពលករ​ កម្មករ ​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចូល​រួម​ដំណើរ​វិល​ត្រឡប់​ទៅកម្ពុជា​ជា​មួយ​គ្នា​ដើម្បី​ចាប់​ដៃ​ជាមួយ​ពល​រដ្ឋ​ក្នុង​ស្រុក​ដែល​កំពុង​ភ័យ​ខ្លាច។

លោក​ថ្លែង​ថា៖ «ដូច្នេះ​យើង​ត្រូវ​ប្រមូល​កម្លាំង​យើង​ចូល​ស្រុកហើយ​បំផុស​​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​ឲ្យ​ងើប​ឈរ​ឡើង​ដើម្បី​ទាម​ទារ​ការ​ផ្លាស់​ប្តូរ​ដែល​យើង​ចង់​បាន​ទាំងអស់​គ្នា»។

ទោះ​យ៉ាង​ណា​លោក​ថា មិន​ចង់​ឲ្យមាន​ការ​បង្ហូរ​ឈាម​ទេ បើ​ទោះ​បី​ជា​អះ​អាង​ថា​ លោក​​ជាមួយ​ពល​រដ្ឋនឹង​​ចូល​ទៅ​ចាប់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ក៏ដោយ។

លោក​បាន​បង្ហើប​ថា ​មាន​បណ្ដាញ​ធ្វើ​ការ​ក្នុង​ស្រុក​ដោយ​​ស្ងាត់ៗ ​និង​ដោយ​​ចេញ​មុខ រួម​ទាំងការ​​ធ្វើ​សង្គ្រាម​ចិត្តសាស្ត្រ​ជាមួយ​កង​ទ័ព​ដោយ​បំផុស​បំផុល​ទឹក​ចិត្ត​ទាហាន​កុំ​ឲ្យ​កា​រពារអំណាច​របស់​លោក ហ៊ុន សែន។​

លោក ប៉ុល ហំម អតីត​អនុ​ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​បានថ្លែងថា​​ លោក​មិន​អាច​ទស្សន៍ទាយ​ថា​ តើលោក សម រង្ស៊ី ពិត​ជា​នឹង​ត្រឡប់​មក​វិញ​មែន​ឬ​មិន​មែន​ទេ ដោយ​សារ​លោក​នៅ​កម្ពុជា​​មិន​ធ្លាប់​បាន​ទាក់ទង​គ្នា។

ដោយ​សារ​ជាប់​​បម្រាម​ហាម​​ធ្វើ​នយោ​បាយ​ លោក​ ប៉ុល ហំម បាន​ថ្លែង​ថា លោក​មិន​អាច​អត្ថាធិប្បាយ​បាន​ទេ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ជំហ​រថា៖ «ដូច​ដឹង​ស្រាប់​ហើយ​ រឿង​ធ្វើ​នយោបាយ​អី ខ្ញុំ​នៅ​ក្នុង​បម្រាម​នៅ​ឡើយ។ តែ​បើ​ទុក​ជា​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​​មាន​គម្រោង​ផែន​ការ​អី​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រមូល​ផ្ដុំ​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​ទេ។បើ​គាត់​ធ្វើ​បាន​អី​ខ្ញុំ​មិន​ដឹង​ទេណា មិន​មែន​តាម​រយៈ​ខ្ញុំ​ទេ»។

យ៉ាង​ណា​ក្ដីលោក សុខ ឥសាន អ្នក​នាំពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​បាន​ចំអក​ឲ្យលោក ​សម​ រង្ស៊ី ដោយ​លោក​បានថ្លែង​ថា បើ​ចង់​ប្ដូរ​របប​ត្រូវ​ចូល​មក​ប្ដូរ​ជាក់​ស្ដែង​ មិន​មែន​គ្រាន់​តែ​ស្រែក​ពី​ចម្ងាយ​ទេ។​

លោក​ថ្លែង​ថា៖ «បើ​ចង់​ប្តូរ​របប​សព្វ​ថ្ងៃ​ដូច​បាន​ស្រែក​មែន​នោះ​​ សូម​អញ្ជើញ​ទណ្ឌិត​និង​បក្ខពួក​ជាពិសេស​អ្នក​វិភាគ​រត់​ចោល​ស្រុក​វ័យ​ក្មេង​​ចូល​មក​ក្នុង​ស្រុក​ខ្មែរ​ទៅ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជាក់​ស្តែង​នៅ​នឹង​កន្លែង​តែ​ម្តង​។​ ប្រជាជន​កម្ពុជា​នៅ​រង់​ចាំ​ទណ្ឌិត​និង​អស់​លោក​ចូល​មក​ដឹក​នាំ​ផ្ទាល់​​ តែ​ប្រជា​ជន​កម្ពុជា​មិន​ត្រូវ​ការ​ការ​ញុះ​ញង់​ពី​ចម្ងាយ​ជា​ដាច់​ខាត​។ បើ​មក​ដឹក​នាំ​ផ្ទាល់​ទើប​ហៅ​ថា​ក្លា​ហាន​​ តែ​បើ​គ្រាន់​តែ​ស្រែក​ពី​ចម្ងាយ​អត់​បាន​ការ​ទេ»។

លោក​ សុខ ​ឥសាន ​បាន​បន្ដ​ថា​ លោក សម រង្ស៊ី ​តែង​និយាយ​ផ្ទុយ​ពី​ការ​ពិតដោយ​លោ​កថា កម្ពុជា​កំពុង​រីកច​ម្រើន ប៉ុន្តែ​លោក សម ​រង្ស៊ី ថា​ កំពុង​លិច​លង់​ក្រីក្រ​យ៉ាប់​យ៉ឺន។ កម្ពុជា​មាន​ស្ថិរ​ភាព ប៉ុន្តែ​លោក​ សម រង្ស៊ី ថា​ កម្ពុជា​កំពុង​ច្របូក​ច្របល់ អស្ថិរភាព។​

លោក​បញ្ជាក់​ថា៖ «ទណ្ឌិត​កំពុង​រត់​ចោល​ស្រុក​​មិន​ហ៊ាន​ចូល​ស្រុក​​ បែរ​ជា​ថា​ចង់​មក​ចាប់​សម្តេច​ ហ៊ុន​​ សែន ទៅ​វិញ​។ ខ្លួន​ឯង​កំពុង​អស់​អ្នក​គាំទ្រ​ បែរ​ជា​និយាយ​ថា​មាន​អ្នក​គាំទ្រ​រាប់​លាន​នាក់​នៅ​ក្រៅ​ប្រទេស​»។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជ​រដ្ឋាភិ​បាល បាន​ថ្លែង​ថា រដ្ឋាភិបាល​មិន​ប្រឆាំង​នឹង​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ីទេ។ ប៉ុន្តែ​ការ​វិល​ត្រឡប់​ក្នុង​រូបភាព​ជា​ឧទ្ទាម​មក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្រប​ច្បាប់​​នោះ កម្ពុជា​នឹង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង។

លោក​ថ្លែង​ថា៖ «វា​ជា​ការ​អំពាវ​នាវ​របៀប​ឧទ្ទាមបង្ក​ចលា​ចល ការ​អំពាវ​នាវ​នេះ​ជា​អំពើ​ខុស​ច្បាប់​កម្ពុជា។រដ្ឋា​ភិបាល​នឹង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាងហើយ​ជំហរ​របស់​កងប្រដាប់​អាវុធ​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ក្នុង​កិច្ច​ការ​ពារ​ច្បាប់ ការពារ​​រដ្ឋាភិបាល​ ប្រឆាំង​ដាច់​ខាត​ក្រុម​បះបោរ ក្រុម​​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​​ប្រឆាំង​រដ្ឋាភិបាល»។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ក៏​មិន​យល់​ស្រប​ចំពោះការ​ប្រមូល​កម្លាំង​ប្រជា​ជន​​មក​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ដែរ ដោយ​លោក​ថ្លែង​យ៉ាង​ខ្លី​ថា៖ «ខ្ញុំ​មិន​យល់​ស្រប ហើយ​ថ្កោលទោស​ការ​អំពាវ​នាវ​បែប​នេះ»។​

ប៉ុន្តែ​នៅ​ពេល​សួរ​ថា តើ​នឹង​មាន​អ្វីកើត​ឡើង​ប្រសិន​បើ​មាន​ចលនា​ប្រជាជន​មែន​នោះ លោក ម៉ុងហៃ បាន​ថ្លែង​ថា៖ «ប្រហែល​ជា​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​គណបក្ស​ទាំង​ ២​ ដែល​​ទំហំនិង​លទ្ធផល​ដូច​ដែល​ការ​ប្រយុទ្ធ​គ្នា​ពី​មុន​ធ្លាប់​បាន​បង្ហាញ​ហើយ គឺ​ថា​ លទ្ធ​ផល​មិន​អាច​គិត​ទុក​មុន​បាន»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ សកម្មជន​អតីតគណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទ្វីបអឺរ៉ុបកំពុងត្រៀម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​ ១ ខែ​មីនា​ខាង​មុខ​នៅ​ទីក្រុង​ប្រ៊ុច​សែល​ ប្រទេស​បែលហ្ស៊ិក ដើម្បី​អ្វី​ដែល​ពួក​គេ​​ថា «ទាមទារ​សិទ្ធិ​មនុស្ស​នៅកម្ពុជា»។

លោក ណណ ហ៊ី អាយុ ៧៣ ​ឆ្នាំ ដែល​ជា​សកម្មជន​អតីតគណបក្ស​សង្គ្រោះជាតិ​ម្នាក់​​​នៅ​ប្រទេស​បែលហ្ស៊ិកបាន​ប្រាប់​កាល​ពី​ម្សិល​មិញ​ថា ការ​ធ្វើ​បាតុកម្ម​នេះ​​គឺ​​ធ្វើ​ឡើង​មុន​ថ្ងៃ​គម្រប់​ខួប​ ១៨​ ខែ​នៃ​ការចាប់​ខ្លួនលោក កឹម សុខា និង​មុន​ពេល​ ​សហភាព​អឺរ៉ុប​គ្រោង​នឹង​សម្រេច​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពីកម្ពុជា​ដែល​លោក​ថានឹង​ធ្វើ​នៅ​ខែ​មីនា។

លោក​បានបញ្ជាក់ថា៖ «គេ​​ប្រហែល​សម្រេច​ដក (EBA) នៅ​ក្នុង​ខែ ៣ ​នេះ​ប្រសិនបើ​របប​អាណត្តិ​ទី​ ៦ ​នេះ ​មិន​ព្រម​គោរព ​៥ ​ចំណុច​​ ដែល​គេ​សុំ​ឲ្យ​វិលថយ​ក្រោយ​វិញ​ដើម្បីរក​លទ្ធិ​ប្រជាធិបតេយ្យ​សេរីភាព​ជូន​ស្រុក​ខ្មែរ​វិញ។ យើង​ដឹង​ថា ​វា​ប៉ះពា​រធ្ងន់​ធ្ងរ​ណាស់​ បើ​យើង​មិន​ព្រម​ធ្វើ​តាម​គេ»៕