សហរដ្ឋអាមេរិក៖ អ្នក​សារព័ត៌មាន​ចំនួន​ ២៤ ​នាក់​មក​ពី ២៤ ​ប្រទេស​ផ្សេងៗ​គ្នា​ក្នុង​ពិភព​លោក​ដែល​រួម​មាន​ទាំង​ កម្ពុជា ​ផងដែរ​ បាន​នឹង​កំពុង​តែ​ធ្វើ​ការ​ស្វែង​យល់ ​និង ​ទស្សនកិច្ច​រាយការណ៍​ព័ត៌មាន​ជា​លក្ខណៈ​អន្តរជាតិ​មួយ​នៅ​សហរដ្ឋអាមេរិក ស្តីពី​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត​ និង ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សារព័ត៌មាន​អន្តរជាតិ​ វ៉ាស៊ីនតោន​ (FPC) តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​នីមួយៗ​ក្រោម​ប្រធានបទ «ចំណេះ​ដឹង​សារព័ត៌មាន​ និង ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត​និង​ព័ត៌មាន​ក្លែងក្លាយ ដោយ​បាន​ចាប់​ផ្តើម​ពីថ្ងៃ​ទី ២៥ ​ខែ កញ្ញា ដល់​ថ្ងៃ​ទី ៦ ​ខែ តុលា ​ឆ្នាំ​ ២០១៨ ​នេះ​នៅ​ក្នុង​រដ្ឋ​ Washington, Philadelphia និង New York។

ទស្សនកិច្ច​រាយការណ៍​ជា​លក្ខណៈ​អន្តរជាតិ​នេះ​ផ្តោត​លើ​និន្នាការ និង​បច្ចេក​ទេស​ជាច្រើន ដើម្បី​យល់​ដឹង និង​ឆ្លើយតប​ទៅ​នឹង​ព័ត៌មាន​ភូត​កុហក, ព័ត៌មាន​លំអៀង ឬក៏ ព័ត៌មាន​បោក​ប្រាស់ និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្តល់​ព័ត៌មាន​ខុស។

អ្នកសារព័ត៌មាន នឹង​មាន​ឱកាស​ជួប​និង​ជជែក​ជាមួយ​អ្នក​ជំនាញ​ ជាច្រើន​ស្ថាប័ន​ស្តីពី​ប្រធាន​បទ​នេះ​ក៏​ដូចជា វិធីសាស្រ្ត​ក្នុង​ការ​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុង​ពិភព​លោក​ក៏​ដូចជា នៅ កម្ពុជា ផងដែរ។

លើស​ពី​នោះ ពួកគេ​នឹង​អាច​ធ្វើ​សេចក្តី​រាយការណ៍​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នៅ​ក្នុង​សហរដ្ឋ អាមេរិក ដើម្បី​ធ្វើ​ការ​អប់រំ​សារធារណជន​ពី​បញ្ហា​នេះ​ ក៏​ដូច​ជា លើក​ទឹក​ចិត្ត និង លើក​កម្ពស់​វិជ្ជាជីវៈសារព័ត៌មាន​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ និង វិជ្ជាជីវ និង ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ផ្តល់​ព័ត៌មាន​មិន​ត្រឹម​ត្រូវ ដែល​រួមមាន​ទាំង​ព័ត៌មាន​បែប​ឃោសនា និង​ការ​ផ្តល់​ព័ត៌មាន​ខុស​ដែល​ឧបត្ថម្ភ​ដោយ​ស្ថាប័ន​រដ្ឋ។

លើសពីនេះ ទស្សនកិច្ច​នេះ នឹង​បង្ហាញ​ពី​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ ដែល​ការ​ផ្តល់​ព័ត៌មាន​ខុស ចោទ​ជា​បញ្ហា​ចំពោះ​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ និង​សារធារណជន​មូលដ្ឋាន​ និង ចំពោះ​កម្មវិធី​ផ្សេងៗ ដែល​លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

អ្នកសារព័ត៌មានចូលរួម​ស្តាប់​ពី​វាគ្មិនជំនាញ​​ក្នុង​កិច្ចប្រជុំ​កាល​ពី​ម្សិលមិញ។ រូបថត ផាក់ ស៊ាងលី

លោក Benjamin Weber នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​អន្តរជាតិ​វ៉ាស៊ីនតោន FPC ប្រចាំ​រដ្ឋ Washington និង New York នៃ​នាយកដ្ឋាន​រដ្ឋ​របស់​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន កាល​ពី​ម្សិលមិញ​ថា​ FPC បាន​រៀប​ចំ​ទស្សនកិច្ច​បែប​នេះ​ជាច្រើន​មក​ហើយ។

លោក​ថា ប្រធានបទ​ឆ្នំា​នេះ ដែល​ស្តីពី​ចំណេះ​ដឹង​សារព័ត៌មាន និង ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត​ និង ព័ត៌មាន​ក្លែង​ក្លាយ​នេះ គឺជា​ឱកាស​មួយ​សម្រាប់​អ្នក​សារព័ត៌មាន បាន​ចូល​រួម ដើម្បី​បង្កើន​ការ​ជជែក​អំពី​បញ្ហា​នេះ ដែល​វា​ជា​កង្វល់​របស់​សាធារណជន និង​វិជ្ជា​ជីវសារព័ត៌មាន។

លោក​បាន​បន្ត​ថា ពាក្យ​ព័ត៌មាន​ក្លែងក្លាយ​នេះ (Fake News) ត្រូវ​បាន​ប្រើ​ប្រាស់ និង​ឃើញ​មាន​វត្តមាន​ជាច្រើន​ឆ្នាំ​មក​ហើយ គឺ​ប្រហែល​ជា​តាំង​ពី​ឆ្នាំ ១៨៩៨ មក​ម៉្លេះ។

លោក Benjamin បាន​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា វា​តែងតែ​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​អ្នក​សារព័ត៌មាន ដើម្បី​ទទួល​បាន​ការ​ពិត និង ក៏​ជា​ការ​លំបាក​មួយ​សម្រាប់​សាធារណជន​ផងដែរ ក្នុង​ការ​ស្វែងរក​ប្រភព​ព័ត៌មាន​ដែល​គួរ​ឲ្យ​ជឿជាក់​បាន។

អ្នក​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវ​ត្រឹមត្រូវ គឺ​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត​ដល់​សាធារណជន»។

លោក​ជឿ​ជាក់​ថា ការ​ចូលរួម​កម្មវិធី​នេះ អាច​ជួយ​ពួក​គេ​ឲ្យ​មាន​លទ្ធភាព​បំពេញ​ការងារ​បាន​ល្អ​ប្រសើរ​ជាង​មុន ហើយ​ការ​លើក​ទឹក​ចិត្ត ការ​គាំទ្រ និង ផ្តល់​ជា​កិត្តយស​ដល់​អ្នក​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវ​ត្រឹមត្រូវ គឺជា​រឿង​សំខាន់​ដែល​ត្រូវ​ធ្វើ៕