ព្រះសីហនុៈ ក្រសួង​ការពារ​ជាតិ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​បាន​បើក​ទ្វារ​ដល់​អ្នក​កាសែត​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ជាង ​៧០ ​នាក់ ​ចូល​ទៅ​កាន់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ដើម្បី​ជា​សាក្សី​ផ្ទាល់​ភ្នែក​បញ្ជាក់​ការ​ពិត​ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​តាម​បណ្ដាញ​ផ្សព្វផ្សាយ​បរទេស​មួយ​ចំនួន​មក​លើក​ម្ពុជាថា​ ​បាន​អនុញ្ញាត​ឲ្យ​ចិន​សាងសង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​ក្នុង​តំបន់​សមុទ្រ​។​

ការ​ធ្វើ​ដំណើរ​របស់​អ្នក​កាសែត​ទាំង​នោះ​ទៅ​​​កាន់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​រួមមាន​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​ល្បីៗ​ដែល​មាន​ការិយាល័យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដូច​ជា ​Reuters AP ​AFP និង​សារព័ត៌មាន​ជាច្រើន​ទៀត​ត្រូវ​បាន​រៀបចំ​ដោយ​លោក​ ​ឈុំ ​សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ​និង​លោក ​ផៃ​ ​ស៊ីផាន​ ​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​ ​ក្នុង​គោល​បំណង​បង្ហាញ​ការ​ពិត និង​បញ្ចប់​រឿង​ប្រឌិត​ដ៏​អាក្រក់​បំផុត​មក​លើ​កម្ពុជា​។​

ក្រុម​មន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​ និង​កង​ទ័ព​ជើង​ទឹក​រាម​ ​បាន​នាំ​អ្នក​សារព័ត៌មាន​ចូល​ទៅ​មើល​ឃ្លាំង​ដាក់​ថែរក្សា​​សម្ភារ​យោធា​ដែល​ជា​ជំនួយ​របស់​ពលរដ្ឋ​អាមេរិកាំង​ជួយ​សាងសង់​ក្នុង​ឆ្នាំ​ ២០១៦​។​ ​​​សារព័ត៌មាន​អាមេរិក​ The​ Wall Street Journal​ និង​សារព័ត៌មាន​អន្តរ​ជាតិ​មួយ​ចំនួន​ទៀត​បាន​​ចុះ​ផ្សាយ​ថា ​កម្ពុជា​-ចិន​ បាន​ចុះ​ហត្ថលេខា​ជា​សម្ងាត់​ជាមួយ​គ្នា​កាល​ពី​អំឡុង​ត្រី​មាស​ទី​២ ឆ្នាំ​ ២០១៩ ​នេះ​ផ្ដល់​សិទ្ធ​ឲ្យ​ប្រទេស​ ចិន​ កសាង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​មួយ​នៅ​ឈូង​សមុទ្រ​ខ្មែរ​ក្នុង​ខេត្ត​ព្រះ​សីហនុ​រយៈពេល ​៣០ ​ឆ្នាំ​។​

ភ្នំពេញ​ប៉ុស្តិ៍​​ មិន​បាន​ឃើញ​វត្តមាន​ទ័ព​បរទេស ​ឬ​ឃើញ​សញ្ញាណ​អ្វី​ពាក់ព័ន្ធ​នឹង​វត្តមាន​ចិន​​​នៅ​លើ​ទីតាំង​នោះ​ទេ​តែ​ឃើញ​អូប័រ​ ​សព្វាវុធ​ ​នៅ​ក្នុង​ឃ្លាំង​ ​និង​អគារ​ ក៏​ដូច​ជា​នាវា​ចម្បាំង​​មួយ​ចំនួន​នៅ​លើ​សមុទ្រ​ ​ក្នុង​មូលដ្ឋាន​យោធា​នោះ​។​​

លោក​ ​ឆាយ​ ​សុផល​ អ្នក​សារព័ត៌មាន​ ​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្លិប​អ្នក​កាសែត​កម្ពុជា​បាន ​បញ្ជាក់​ក្រោយ​ដំណើរ​ទស្សនកិច្ច​ថា​ពុំ​មាន​សញ្ញាណ​ណា​មួយ​ដែល​បង្ហាញ​ថា​ ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​នេះ​មាន​វត្តមាន​កង​ទ័ព​បរទេស​ដូច​ការ​លើក​ឡើង​របស់​សារព័ត៌មាន​​បរទេស​នោះ​ទេ។​​

លោក ​សុផល​ ថ្លែង​ថា​៖ ​«​ជា​រួម​យើង​មើល​ទៅ​អត់​មាន​ឃើញ​មូលដ្ឋាន​កង​ទ័ព​បរទេស​នៅ​ទីនោះ​ទេ​ ​ហើយ​វា​ជា​កន្លែង​ មិន​ស័ក្តិសម​​ដែល​ប្រទេស​មហា​អំណាច​ដូច​ជា​ចិន ​ឬ​អាមេរិក​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ទី​នោះ​ដែរ​ដោយសារ​តែ​កន្លែង​ហ្នឹង​វា​តូច​ដូច​ជា​មិន​មាន​អ្វី​ខុស​ប្លែក​ទេ​បើ​ប្រៀបធៀប​ ៣ ​ឆ្នាំ​មុន ​ដែល​ខ្ញុំ​ធ្លាប់​បាន​ទៅ»​។​ លោក​ សុផល​ ក៏​បាន​អះអាង​ផង​ដែរ​ថា​ កាសែត​ ​The Wall Street Journal ​អាច​ទទួល​ព័ត៌មាន​ពី​ប្រភព​មិន​ច្បាស់​ ហើយ​ធ្វើ​ការ​ចុះ​ផ្សាយ​ដោយ​មិន​បាន​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ច្បាស់លាស់​ពី​ដំណឹង​ដែល​ខ្លួន​ទទួល​បាន​។​

លោក​ ​ពុយ​ ​គា​ ​ទីភ្នាក់ងារ​សារព័ត៌មាន​​ជប៉ុន​ ​Kyodo News​ បាន​អះងអាង​​ថា​ ​ចិន​មិន​ត្រូវ​ការ​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​​ឡើយ​ ​​ដោយសារ​តែ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​មូលដ្ឋាន​ទ័ព​ចិន​ដ៏​ធំ​ ​នៅ​ក្បែរ​អាស៊ី​អាគ្នេយ៍​រួច​ទៅ​ហើយ​។​

លោក​ ​ពុយ​ ​គា ​បាន​ ថ្លែង​​ថា​៖​ ​«​តាម​ភូមិសាស្ត្រ​នយោបាយ​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ​ចិន​មាន​ភាព​ទូលំទូលាយ​ ​បរិបូណ៌​ហើយ​ ​គាត់​ចង់​ចល័ត​ទៅ​ណា​ក៏​បាន​។​ ​នៅ​ស្រុក​ខ្មែរ​នេះ ​គឺ​ជា​ច្រក​មួយ​តូច​ណាស់​ វា​ចង្អៀត​មែន​ទែន ​គ្មាន​ផល​ប្រយោជន៍​អ្វី​សម្រាប់​គាត់ ​(​ចិន​) ​មក​ចល័ត ​(​ទ័ព​) ពី​ ១ ​កន្លែង​ទៅ ​១ កន្លែង​ទេ»​។​

លោក​ ​ឈុំ​ ​សុជាតិ​ ​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ការ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​បាន​បំភ្លឺ​ការ​ពិត​ចំពោះ​ការ​ប្រឌិត​ព័ត៌មាន​របស់​សារព័ត៌មាន​បរទេស​ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់​។​

លោក ឈុំ សុជាតិ​ និង​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​សុក្រ​។ រូប ម៉ិច ដារ៉ា

លោក​ សុជាតិ​ ថ្លែង​​ថា៖ ​«​នេះ​ហើយ​ជា​សន្តាន​ចិត្ត​របស់​សម្តេច​ពិជ័យ​សេនា​ ដែល​លោក​មាន​ការ​ស្មោះត្រង់​ ​ចំពោះ​មតិ​ជាតិ ​និង​អន្តរជាតិ​ ​ទោះ​បី​រង​ការ​ចោទ​ប្រកាន់​យ៉ាង​ណា​ក៏​ដោយ ​ប៉ុន្តែ​ពេល​នេះ​អស់​លោក​ជា​ភ្នែក​ជា​ច្រមុះ​ទាំង​ជាតិ​ ​និង​អន្តរជាតិ​អាច​មើល​ឃើញ​ហើយ​តើ​យើង​មាន​អ្វី​លាក់​បាំង​ទៀត​។​ ​ពួក​បរទេស​ដែល​គេ​ចោទ​ថា ​យើង​មាន​នេះ​មាន​នោះ ​ធ្វើ​នេះ​ធ្វើ​នោះ ​ហើយ​នៅ​ថ្ងៃ​នេះ​ ​យើង​បង្ហាញ​ទាំង​អស់​តែ​ម្តង​​»​។​

លោក​ បាន​ឲ្យ​ដឹង​ទៀត​​ថា​៖ «​ឥឡូវ​កាល​មក​ឃើញ​នេះ​វា​ច្បាស់​ជាង​និយាយ​ យើង​និយាយ ​១០០ ​ដង ​មិន​ស្មើ​យើង​មើល​ឃើញ ​១ ដង​ទេ។​ ​អ្វី​ដែល​យើង​ចង់​ឃើញ​ចង់​បាន​ ឯក​ឧត្តម​ អ៊ុក​ សីហា គាត់​នឹង​នាំ​ទៅ។​ ​អត់​មាន​អី​លាក់លៀម​ទេ​ព្រោះ​ថ្វី​ដ្បិត​ ​ទី​នេះ​គឺ​ជា​តំបន់​យោធា​ការពារ​ដោយ​យោធា​មែន​​ ​ប៉ុន្តែ​យើង​អត់​មាន​អី​លាក់លៀម​ដែរ​ ​ទោះ​យើង​ចង់​លាក់​ក៏​មិន​ជិត​ដែរ ​ព្រោះ​សម័យ​ឥឡូវ​មាន​ ​Satellit​e​ ​[​ផ្កាយ​រណប​]​ មាន​ស្អីៗ​ច្រើន​ណាស់​​តែ​ឥឡូវ​មក​ មើល​ជាក់​ស្តែង​»​។

លោក​ ​ផៃ​ ស៊ីផាន​ ក៏​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ដំណើរ​ទស្សនកិច្ច​ថា​ ការ​បើក​បង្ហាញ​នៅ​ថ្ងៃ​នេះ​នឹង​អាច​បំបាត់​ព័ត៌មាន ដែល​លោក​ហៅ​ថា​ជា​ព័ត៌​មាន​ក្លែងក្លាយ​បាន​។​​

លោក​ថ្លែង​ថា​៖ ​«​កម្ពុជា​ពេល​នេះ ​ឆ្លៀត​ឱកាស​បង្ហាញ​នូវ​អ្វី​ទៅ​ដែល​ហៅ​ថា​ជា​តម្លាភាព ហើយ​កម្ពុជា​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​នូវ​គណនីយភាព​ យើង​មិន​​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ក្នុង​សង្គម​របស់​អាស៊ាន​នោះ​ទេ​។​ ​ខ្ញុំ​ជឿជាក់​ថា ​ឱ​កាស​ដែល​យើង​មក​នេះ​គឺ​យើង​បាន​សម្លាប់​នូវ Fake News នឹង​ជាក់​ស្តែង​នៅ​នឹង​កន្លែង​»​។​

លោក​ សុជាតិ​ ​ក៏​បាន​បដិសេធ​ថា ​មិន​មាន​អគារ​ណា​មួយ​ក្នុង​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម​ដែល​មាន​ទំហំ ​ប្រមាណ ​១០០ ​ហិកតា​ជាប់​សមុទ្រ ត្រូវ​បាន​សាងសង់ ​ឬ​គ្រប់គ្រង​ដោយ​យោធា​បរទេស​នោះ​ទេ ហើយ​ថា ​ការ​ស្ថាបនា​ព្រលាន​យន្តហោះ​នៅ​តារា​សាគរ ខេត្ត​កោះកុង​ ​មិន​ពាក់ព័ន្ធ​នឹង​ការ​បម្រើ​សកម្មភាព​យោធា​ឡើយ​។​

លោក​ ​គិ​ន​ ភា​ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ​បាន​អះអាង​ផង​ដែរ​ថា​​​ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ​បាន​បង្ហាញ​ការ​ពិត​ និង​ជម្រះ​ការ​ចោទ​ប្រកាន់​ផ្សេងៗ ​ដែល​សារព័ត៌មាន​បរទេស​មួយ​ចំនួន​បាន​ប្រឌិត​ឡើង​ដើម្បី​ដាក់​កំហុស​មក​លើ​កម្ពុជា​។​

លោក​ ភា ថ្លែង​​ថា​៖ ​«​យើង​មើល​ទៅ ​អ្វី​ត្រូវ​បាន​បង្ហាញ​ការ​ពិត​ ហើយ​ទស្សនកិច្ច​ហ្នឹង​គឺ​បាន​បើក​ចំហ​ឲ្យ​ ​អស់​ការ​សង្ស័យ​ទាំង​អស់​គ្នា ​ហើយ​តាម​ការ​ពិត​យើង​មើល​ឃើញ​ថា ​ពុំ​មាន​អ្វី​ដែល​ខុស​ប្លែក​ធម្មតា​នោះ​ទេ​ទីតាំង​ហ្នឹង​វា​មិនមាន​សមុទ្រ​ទឹក​ជ្រៅ​ដែល​អាច​ទទួល​នា​វា​ទម្ងន់​ធ្ញន់ៗ​បាន​ទេ​។​ សរុប​មក​គេ​ផលិត​ព័ត៌មាន​ក្លែងក្លាយ ​និង​ប្រឌិត​ដើម្បី​ដាក់​កំហុស​មក​លើ​កម្ពុជា»​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​លោកស្រី​ Emily Zeeberg អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​ សហរដ្ឋ​អាមេរិក​បន្ត​លើក​ស្ទួយ​សន្តិភាព ​និង​វិបុលភាព​ក្នុង​អាស៊ី​អាគ្នេយ៍​ និង​សហគមន៍​អាស៊ាន​។

លោកស្រី​ បាន​ឲ្យ​ដឹង​តាមរយៈ​អ៊ីមែល​ថា​៖​​ «​យើង​ព្រួយ​បារម្ភ​ថា​អាច​មាន​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​ ហើយ​អាច​នឹង​គំរាមកំហែង​ដល់​ស្ថិរភាព​តំបន់ ​និង​តួនាទី​អាស៊ាន​»​។​

លោកស្រី​បន្ត​ថា៖ ​«សហរដ្ឋ​អាមេរិក​ស្វែងរក​ទំនាក់ទំនង​ទ្វេភាគី ​ដែល​មាន​ប្រយោជន៍​ដល់​កម្ពុជា​ ​ហើយ​បម្រើឲ្យ​ផល​ប្រយោជន៍​ពលរដ្ឋ​អាមេរិក​ និង​ពលរដ្ឋ​កម្ពុជា​»​៕​