
អ្នកសារព៍ត៌មានកំពុងចុះយកព័ត៌មានក្នុងហេតុការណ៍មួយ នាពេលកន្លងទៅ។ ហុង មិនា
ភ្នំពេញ៖ គ្រប់ភាគីទាំងរាជរដ្ឋាភិបាលសមាគម និងសមាគមអ្នកសារព័ត៌មានក្នុងស្រុកនៅថ្ងៃនេះ បានចេញសេចក្ដីថ្លែងការណ៍ចូលរួមប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ដោយបង្ហាញនូវឆន្ទៈតែមួយជំរុញឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយដោយគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងថា សារព័ត៌មាននៅកម្ពុជាបច្ចុប្បន្នមានសម្បូរបែប ហើយមានចំនួនច្រើន តាំងពីទម្រង់នៃកាសែតរហូតដល់ឌីជីថលអនឡាញ ប៉ុន្តែទម្រង់នៃបរិមាណ និងស្ថាប័នសារព័ត៌មានច្រើន មិនបានឆ្លុះបញ្ចាំងទាំងស្រុងអំពីគុណភាព សេរីភាព និងឯករាជភាពនៃវិស័យសារព័ត៌មាននៅកម្ពុជានោះទេ។
លោក ប៉ា ចន្ទរឿន បានថ្លែងថា៖ «អ្នកសារព័ត៌មានមួយចំនួនដែលទទួលបានអាជ្ញាបណ្ណពីក្រសួងព័ត៌មាន បានផ្សព្វផ្សាយគ្រប់រូបភាពច្រើនសណ្ឋានដែលប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈ។ អ្នកកាសែតអនឡាញ អ្នកកាសែតហ្វេសប៊ុកហ្នឹងស្អីក៏គាត់ផ្សាយដែរ គាត់អត់បានយកចិត្តទុកដាក់ប៉ុន្មានទៅលើ ក្រមសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មានទេ ដែលចំណុចនេះទាមទារឲ្យមានការយកចិត្តទុកដាក់ក្នុងការអប់រំ និងបណ្តុះបណ្តាលពួកគាត់បន្ថែម»។
លោក ប៉ា ចន្ទរឿន ថ្លែងថា ស្ថានភាពនៃអ្នកសារព័ត៌មានក៏នៅតែមានការប្រឈមច្រើន ដូចជាការគំរាមកំហែង ការបំភិតបំភ័យ ដាក់គុកដាក់ច្រវ៉ាក់ ជាពិសេសចេញពីសេចក្ដីរាយការណ៍អំពីរឿងរ៉ាវរសើបមួយចំនួន នៅក្នុងសង្គមរាប់តាំងពីរឿងពុករលួយរហូតរឿងនយោបាយ។
លោក ប៉ា ចន្ទរឿន ថ្លែងថា៖ «បើសង្គមណាដែលអត់មានសេរីភាពសារព័ត៌មាន សង្គមនោះក៏អត់មានប្រជាធិបតេយ្យដែរ អីចឹងគ្រប់ភាគីទាំងអស់គួរតែពិនិត្យឡើងវិញ ហើយរិះរកគ្រប់មធ្យោបាយ ទាំងផ្ទាល់ទាំងប្រយោលដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មានឡើងវិញ ដើម្បីឲ្យវិស័យសារព័ត៌មានដើរតួឲ្យបានគ្រប់ជ្រុងជ្រោយក្នុងការបម្រើសង្គមទាំងមូល»។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានអំពាវនាវដល់មិត្តអ្នកសារព័ត៌មាន និងមិត្តនិយមប្រើប្រាស់បណ្ដាញសង្គមកុំធ្វើជាឧបករណ៍នៃព័ត៌មានទុច្ចរិត កុំធ្វើជាមធ្យោបាយផ្សាយព័ត៌មានមិនពិត កុំតាំងខ្លួនជាអ្នកអត្ថធិប្បាយបែបញុះញង់ អុជអាល បំភ្លៃ បំភ្លើស។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាថ្លែងថា នៅពេលដែលជំងឺកូវីដ ១៩ មានការរីករាលដាលខ្លាំង អាជ្ញាធរមានវិធានការបិទខ្ទប់ ដែលក្នុងពេលបិទខ្ទប់នោះបានប៉ះទាំងអស់ មិនត្រឹមតែសេដ្ឋកិច្ច សង្គមកិច្ច មុខរបរការងារគ្រប់បែបយ៉ាងទេ តែវាក៏ប៉ះពាល់អ្នកសារព័ត៌មានផងដែរ ដោយសារអ្នកសារព័ត៌មានក៏ស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវគោរពតាមវិធានការ ប៉ុន្តែការបិទខ្ទប់នោះ មិនមែនចាត់ទុកថាជាការធ្វើទុកបុកម្និញទៅលើសេរីភាពសារព័ត៌មាននោះទេ។
លោក បូណា ថ្លែងថា៖ «នៅក្នុងដំណាក់កាលកូវីដ ១៩ គ្មានអ្នកណាអាចអនុវត្តសេរីភាពពេញលេញដូចដែលយើងអត់មានកូវីដ ១៩ នោះទេ។ នេះជាការពិតមួយដែលយើងត្រូវទទួលស្គាល់ ហើយនៅពេលដែលយើងអនុវត្តនូវវិធានការផ្សេងៗ តែងតែមានការប្រទាំងប្រទើសខ្លះដែលទាំងអស់គ្នាត្រូវយោគយល់ ហើយនិងត្រូវចូលរួមអនុវត្តទាំងអស់គ្នា» ។
លោក ប៉ែន បូណា ថ្លែងថា មានបញ្ហាប្រទាំងប្រទើសខ្លះក្នុងពេលអនុវត្តវិធានការ ក្នុងនោះមានអ្នកកាសែតខ្លះត្រូវបានអាជ្ញាធររារាំងមិនឲ្យចូលទៅកន្លែងផ្សេងៗ ខណៈអ្នកខ្លះត្រូវបានទទួលរងនូវវិធានការក្នុងក្របខ័ណ្ឌនៃព័ត៌មានក្លែងក្លាយ។ នៅកម្ពុជារដ្ឋាភិបាលមានការអនុគ្រោះចំពោះអ្នកសារព័ត៌មានច្រើនហើយ ដែលត្រូវបានក្រសួងព័ត៌មានសម្របសម្រួល ចេញកាតចេញអីឲ្យខ្លះ ដើម្បីអាចដើរហើរធ្វើការងារបាន។
ជាការអបអរដល់ទិវាសារព័ត៌មានពិភពលោក ៣ ឧសភា ក្លិបអ្នកកាសែតកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ថា អ្នកសារព័ត៌មានក៏បានដើរតួនាទីជាអ្នកបន្សាបព័ត៌មានក្លែងក្លាយ ដែលកើតមានយ៉ាងច្រើន នៅលើប្រព័ន្ធអនឡាញសង្គមហ្វេសប៊ុកក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ផងដែរ៕