ភ្នំពេញៈ អ្នកសារព័ត៌មាន មន្ត្រី​ជំនាញ​ផ្នែក​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ស្ថានទូត​ប្រមាណ​ជា​ ៥០ ​នាក់​ បាន​ជួបប្រជុំ​គ្នា​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​សម្ដែង​ការអបអរសាទរ​ទិវា​អន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​ព័ត៌មាន​សកល​ដែល​ប្រកាស​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​ ៧៤ នៅ​ថ្ងៃទី​ ២៨ ខែ​កញ្ញា ចំ​ពេល​ដែល​ពិភពលោក​ប្រឈម​ជាមួយ​ការរីករាលដាល​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។ ​កម្មវិធី​នេះ​បានបង្ហាញ​តួនាទី​សំខាន់​នៃ​ការទទួល​បាន​ព័ត៌មាន​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ​ដូចជា​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នាពេល​បច្ចុប្បន្ន និង​ក្នុង​ការរៀបចំ​គោលនយោបាយ​ប្រកប​ដោយ​ចីរភាព​។

កាលពី​ថ្ងៃទី​ ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ (​យូណេស្កូ​) បាន​ប្រកាស​យក​ថ្ងៃទី​ ២៨ ខែ​កញ្ញា ជា​ទិវា​អន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​សកល ដោយ​មើលឃើញ​ថា អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​រដ្ឋាភិបាល​ជាច្រើន​នៅលើ​ពិភពលោក បានអនុម័ត និង​ប្រារព្ធ​ពិធី​នេះ​។

ក្រសួង​ព័ត៌មាន​ និង​ UNESCO បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម ដោយបាន​អះអាង​ថា ការ​ប្រារព្ធ​ឡើង​នូវ​ទិវា​អន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​សកល​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​ក្រសួង​ព័ត៌មាន​ក្រោម​ការពិគ្រោះ​យោបល់​ជាមួយ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ធ្វើការ​លើ​ការអនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​ចុងឆ្នាំ​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា​៖ «​មនុស្ស​បាន​ដឹងថា​ការទទួល​ព័ត៌មាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​អាច​ជា​បញ្ហា​នៃ​ជីវិត​ និង​ការស្លាប់​។ ការទទួល​បាន​ព័ត៌មាន​ក៏​អាច​ធ្វើឲ្យ​ប្រជាជន​អាច​ធ្វើតាម​ការឆ្លើយតប​ចំពោះ​វិបត្តិ​ដូចជា​ច្បាប់​បង្ខាំង បទប្បញ្ញត្តិ​នៃ​ការធ្វើដំណើរ​ និង​សាលារៀន ការធ្វើ​តេស្ត​រក​មេរោគ ការផ្គត់ផ្គង់​ឧបករណ៍​វេជ្ជសាស្ត្រ​ និង​ជំនួយ​សេដ្ឋកិច្ច ឬ​កញ្ចប់​ជំនួយ​»​។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​ពិធី​នោះ​ថា ស្រប​ទៅ​នឹង​បរិបទ​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន រាជរដ្ឋាភិបាល​ក៏​បាន​ប្រឹងប្រែង​ជំរុញ​ឲ្យ​មាន​សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​កំពុង​បង្កើត​ឲ្យ​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។

លោក​ថ្លែង​ថា​៖ «​សិទ្ធិសេរីភាព​ក្នុង​ការទទួល​បាន​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​យើង ឃើញ​ថា​កាន់តែ​ទូលំទូលាយ និង​ទទួលបាន​ព័ត៌មាន​ពី​គ្រប់​ប្រភព​ទាំងអស់​ដូច​បានឃើញ​ប្រជាពលរដ្ឋ​កម្ពុជា លោក​បាន​ទទួល​ព័ត៌មាន​បាន​លឿន និង​ច្រើន​ប្រភព​តាមរយៈ​ការរីកចម្រើន​ប្រព័ន្ធ​ព័ត៌មាន​»​។

ទន្ទឹម​គ្នា​នេះដែរ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស.ស.ស.ក) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ អបអរសាទរ​ទិវា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ដែរ ដោយ​បាន​លើក​ទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា​ឲ្យ​បន្ត​ប្រើប្រាស់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក្នុង​ឧត្តមគតិ​ដើម្បី​ពង្រឹង​សមត្ថភាព​ជាតិ ដើម្បី​បណ្តុះ​ស្មារតី​កម្ពុជា​និយម និង​បន្ត​ប្រើប្រាស់​លំហ​សិទ្ធិសេរីភាព​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​អំពី​ផលប្រយោជន៍​ជាតិ​ជា​មុន​។

ស.ស.ស.ក បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​យើង​អាច​ប្រើប្រាស់​សិទ្ធិ​នេះ ដើម្បី​ស្វែងយល់​ព័ត៌មាន​គ្រប់​ទិដ្ឋភាព​មិន​ត្រឹមតែ​អំពី​វឌ្ឍនភាព​នៃ​ប្រទេសជាតិ​របស់​យើង​តែ​ប៉ុណ្ណោះ​ទេ គឺ​យើង​ត្រូវ​តាមដាន​ជាប្រចាំ​អំពី​សភាពការណ៍​វិវឌ្ឍន៍​ប្រែប្រួល​ឥតឈប់ឈរ​នៃ​បញ្ហា​តំបន់ និង​ពិភពលោក​ផងដែរ​»​។ ​«​យើង​សង្ឃឹម​​ថា​ច្បាប់​នេះ​នឹង​ក្លាយ​ជា​មធ្យោបាយ​បន្ថែម​រួមចំណែក​ពង្រឹង​ពង្រីក​នូវ​ឥរិយាបថ ផ្នត់គំនិត និង​វប្បធម៌ ប្រជាធិបតេយ្យ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​»​។

ស.ស.ស.ក បាន​ថ្លែង​ទៅកាន់​ទិវា​អន្តរជាតិ​នោះ​ថា​៖ «​ថ្ងៃនេះ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា សូម​ចូលរួម​ជាមួយ​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក អបអរសាទរ​ទិវា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​ត្រូវ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​ ៧៤ ប្រកាស​នៅ​ថ្ងៃទី​ ២៨ ខែ កញ្ញា ឆ្នាំ​ ២០១៩ ក្នុង​គោលបំណង​បង្កើត​ឱកាស​ចូលរួម ដើម្បី​ពិភពលោក​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​»​។

លោក Sardar Umar Alam តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​នោះដែរ​ថា នៅ​ប្រទេស​កម្ពុជា ទាក់ទង​នឹង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​គឺ​បាន​ផ្តល់​សេរីភាព​ច្រើនជាង​មុន ដូចជា​ការផ្តួចផ្តើម​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ សិទ្ធិ​ទទួល​ព័ត៌មាន ដែល​រដ្ឋាភិបាល​កម្ពុជា មាន​គោលបំណង​ក្នុង​ការអនុម័ត​ច្បាប់​នេះ​ឲ្យ​បាន​នៅ​ឆ្នាំ ២០២០​។

លោក Sardar បាន​ថ្លែងថា​៖ «​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​នឹង​ត្រូវ​បានអនុម័ត​ក្នុង​ពេល​ឆាប់ៗ ហើយ​វា​នឹង​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​ក្នុង​​ការផ្តល់​នូវ​សេរីភាព​បញ្ចេញ​មតិ​ពេញលេញ​។ គោលការណ៍​សំខាន់​នៃ​ច្បាប់​នេះ គឺ​ត្រូវ​ឲ្យ​មាន​ការបញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ខ្ពស់បំផុត និង​ដោយ​រលូន​»៕