កោះកុងៈ មន្ត្រី​បរិស្ថាន​ខេត្តកោះកុង​បាន​បញ្ជូន​អ្នក​សារព័ត៌មាន ២ នាក់​ទៅ​តុលាការ​នៅ​ថ្ងៃទី ២៩ ខែ​មេសា ពាក់ព័ន្ធ​ការរារាំង​ការងារ​សមត្ថកិច្ច ពេល​កំពុង​ចុះ​ប្រតិបត្តិការ បង្ក្រាប​បទល្មើស ធនធាន​ធម្មជាតិ​នៅក្នុង​ភូមិ​ជីត្រេះ ឃុំ​អណ្តូងទឹក ស្រុក​បុទុមសាគរ។

លោក​ ហ៊ុន ម៉ារ៉ាឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែមេសា​នេះ​ថា នៅ​ថ្ងៃទី ២៨ ខែ​មេសា ឆ្នាំ ២០២១ វេលា​ម៉ោង ៨ ព្រឹក ក្រុមការងារ​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បុគ្គលិក​អង្គការ​អភិវឌ្ឍន៍​ដៃគូ​បាន​ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ត្រង់​ចំណុច​កំពង់ភ្លូរ ស្ថិតក្នុង​ភូមិ​ជីត្រេះ ឃុំ​អណ្តូងទឹក ហើយ​បាន​ប្រទះឃើញ​ខ្ទម ដែល​ពលរដ្ឋ​សង់​ខុសច្បាប់​ស្ថិតក្នុង​តំបន់​អភិរក្ស​នៃ​ឧទ្យាន​ជាតិ​បុទុមសាគរ។

លោក​ថ្លែងថា៖ «នៅពេល​ក្រុមការងារ​កំពុង​ប្រតិបត្តិ​ការរុះរើ​ខ្ទម​ក៏​មាន​អ្នកសារព័ត៌មាន​ចំនួន ៥ នាក់​បាន​ធ្វើ​សកម្មភាព​ថតរូបភាព និង រារាំង​ធ្វើឲ្យ​រាំងស្ទះ​ដល់​សមត្ថកិច្ច​កំពុង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ធនធានធម្មជាតិ»។

នៅពេល​នោះ​ក្រុម​សមត្ថកិច្ច​បាន​ធ្វើការ​ហាមឃាត់​ជាច្រើន​ដង ប៉ុន្តែ​ពួកគាត់ មិន​ព្រមស្តាប់ ហើយ​បាន​ប្រើពាក្យ​សម្តី​មិន​សមរម្យ​ទៀតផង។ ដូច​ច្នេះ​ក្រុម​សមត្ថកិច្ច​បាន​សម្រេច​ចាប់ខ្លួន​ចំនួន ២ នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

បើតាម​លោក ហ៊ុន ម៉ារ៉ាឌី ជនសង្ស័យ​ទាំង ២ នាក់​ម្នាក់​ឈ្មោះ នួន ប៊ុនថា ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បុទុមសាគរ ខេត្តកោះកុង ជា​ជំនួយការ​គេហទំព័រ រស្មី​ក្រុង​ច្បារមន ដែល​បាន​ប្រើប្រាស់​កាត​កាសែត​ផុតកំណត់​ថ្ងៃទី ២១ ខែ​មករា ឆ្នាំ២០២១។

ម្នាក់ទៀត​ឈ្មោះ ផល សៀប ភេទ​ប្រុស អាយុ ៤១ ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​តានី ឃុំ​ភ្ញីមាស ស្រុក​គិរីសារគរ ខេត្តកោះកុង។ គាត់​ជា​អ្នក​យកព័ត៌មាន​នៃ​អង្គភាព​ព័ត៌មាន ឥទ្ធិពល​ព្រះអាទិត្យ ដែល​ពុំមាន​ការចុះបញ្ជី​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង​ទេ។

ចំណែក​អ្នកព័ត៌មាន ៣ រូប​ផ្សេងទៀត​បាន​រត់គេចខ្លួន​បាត់។

លោក​ ហ៊ុន ម៉ារ៉ាឌី បញ្ជាក់ថា ករណី​បង្កឡើង​ដោយ​ជនសង្ស័យ​ខាងលើនេះ​ផ្ទុយ​ពី​ច្បាប់​ស្តីពី តំបន់​ការពារ​ធម្មជាតិ​តាម​មាត្រា ៦១ ចំណុច ៧ គឺ​រារាំង​ដល់​មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ក្នុង​ការចុះអនុវត្ត​មុខនាទី និង​ភារកិច្ច​របស់ខ្លួន។

យោងតាម​មាត្រា ៦១ នៃ​ច្បាប់​ស្តី​តំបន់​ការពារ​ធម្មជាតិ​ចែង​ថា ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី ៣ ដែល​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី ៣ ចែងថា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ពី ១៥ លាន​រៀល ដល់ ១៥០ លាន​រៀល៕