បន្ទាយមានជ័យៈ តុលាការខេត្ត​បន្ទាយមានជ័យ​បានចេញ​ដីកា​កោះហៅ​អ្នកសារព័ត៌មាន​ដែលជា​ម្ចាស់​គេហទំព័រ​សារព័ត៌មាន​អនឡាញ​ចំនួន ២ ​នាក់​ឱ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ១១ ខែមីនា ពាក់ព័ន្ធ​នឹង​ករណី​បរិហារកេរ្តិ៍ ដែល​ការចេញ​ដីកា​នេះ​កើតមានឡើង បន្ទាប់ពី​អ្នកសារព័ត៌មាន​ម្នាក់​បាន​ចុះផ្សាយ​ព័ត៌មាន​មួយ​ទាក់ទង​រឿង​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ឧកញ៉ា​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​។

លោក ទាវ សំអុល ចាងហ្វាង​គេហទំព័រ​សារព័ត៌មាន​ «​ថ្ងៃ​ថ្មី​» ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ៥ ខែ​មីនា លោក​ទទួលបាន​ដីកា​កោះហៅ​ពី​តុលាការ​ដើម្បី​ចូលទៅ​បំភ្លឺ​នៅ​ថ្ងៃទី​ ១១ ខែមីនា ប៉ុន្តែ​ដីកា​នោះ​មិនបាន​ដាក់ឈ្មោះ​ដើមបណ្ដឹង​នោះទេ​។

លោក​បញ្ជាក់ថា នៅក្នុង​ដីកា​គ្រាន់តែ​បញ្ជាក់ថា ការកោះហៅ​នេះ​ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ករណី​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​សារព័ត៌មាន​ដែល​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០១៩​។

លោក​បញ្ជាក់ថា​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០១៩ គឺ​លោក​បាន​ផ្សព្វផ្សាយ​រឿង​ទំនាស់​ដីធ្លី​ប្រវែង ២ ​ម៉ែត្រ​នៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ដែលមាន​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​ឧកញ៉ា​ម្នាក់​ឈ្មោះ ឡាច ប៊ុនលីម​។

លោក​ថា​៖ «​ខ្ញុំ​ផ្សាយ​ព័ត៌មាន​ហ្នឹង គឺ​មិនបាន​បញ្ចេញបញ្ចូល​អី​ទេ ហើយ​ក៏​បាន​សាកសួរ​ភាគី​ទាំងសងខាង​។ ខ្ញុំ​សំណូមពរ​ទៅដល់​ថ្នាក់លើ​សូម​ឲ្យ​ជួយ​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​គឺ​សូម​យក​ច្បាប់​អ្នក​សារព័ត៌មាន​មក​អនុវត្ត​»​។

ចំណែក​លោក លី ម៉េងហ៊ុយ អ្នកសារព័ត៌មាន​ម្នាក់ទៀត​ដែលជា​ម្ចាស់​គេហទំព័រ​សារព័ត៌មាន​អនឡាញ​ «​ម្ចាស់ការ​» ដែល​ត្រូវបាន​តុលាការ​កោះហៅ​ដែរនោះ​បាន​ថ្លែង​ថា លោក​មិនបាន​ចុះផ្សាយ​អំពី​ករណី​ទំនាស់​ដីធ្លី​ប្រវែង ២ ​ម៉ែត្រ​រវាង​ពលរដ្ឋ និង​ឧកញ៉ា ឡាច ប៊ុនលីម នោះទេ​។

ប៉ុន្តែ​លោក​បញ្ជាក់ថា លោក​បាន​ចុះផ្សាយ​ព័ត៌មាន​មួយ​គឺ​បន្ទាប់ពី​លោក​ ទាវ សំអុល ត្រូវបាន​អធិការ​ក្រុង​ប៉ោយប៉ែត​កោះហៅ​ឱ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ២៦ ខែ​ធ្នូ ជុំវិញ​លោក ទាវ សំអុល ​ដែល​បាន​ចុះទៅ​កន្លែង​កើតហេតុ​ហើយ​បាន​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ រឿង​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ និង​ឧកញ៉ា​រូបនេះ​កាលពី​ថ្ងៃ​ទី​ ២១ ខែធ្នូ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អត់​បាន​សរសេរ​រឿង​ឧកញ៉ា​រំលោភ​ដី​អី គឺ​ខ្ញុំ​អត់​ដឹង​ទេ ហើយ​ខ្ញុំ​អត់​បាន​ចោទ​គាត់​ (​ឧកញ៉ា​)​ទេ បើ​ខ្ញុំ​មិនបាន​សរសេរ​ផង ហេតុ​អ្វីដែល​ខ្ញុំ​ចោទ​គាត់​កើត​»​។

លោក លី ម៉េងហ៊ុយ បន្ថែមថា​៖ «​ខ្ញុំ​មាន​ការខកចិត្ត​ជាខ្លាំង​ចំពោះ​អ្នក​ដែល​ប្ដឹង មិនដឹងថា​លោក​ណា​ទេ ប៉ុន្តែ​បណ្ដឹង​នេះ​គឺ​គោលបំណង​បំបាក់​ស្មារតី​អ្នកសារព័ត៌មាន ហើយ​រំលោភ​លើ​ច្បាប់​របប​សារព័ត៌មាន​។ ការចុះផ្សាយ​ខុស គឺ​អត់​មាន​ឱ្យ​អ្នកសារព័ត៌មាន​ទៅ​បំភ្លឺ​ទេ ទី​ ១ ហើយ​ទី​ ២ ​កាលពី​ពេល​ថ្មីៗ​នេះ សម្ដេច​តេជោ​ប្រកាស​ហើយ គឺ​រាល់​ការចុះផ្សាយ​របស់​អ្នក​សារព័ត៌មាន​អត់​មាន​ទោស​ទណ្ឌ​អី​ទេ​»​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក រឿន លីណា ​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងថា លោក​មិនទាន់​បានដឹង​ច្បាស់​អំពី​ដីកា​កោះហៅ​នេះ​ទេ ដោយសារ​លោក​ជាប់រវល់​មក​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ​។

លោក​ មឿន ឈានរិទ្ធ ​សាស្ដ្រាចារ្យ​ផ្នែក​ព័ត៌មាន​បាន​លើកឡើង​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ដើម្បី​លើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ ប្រជាពលរដ្ឋ ឬ​មន្ត្រី​សាធារណៈ​គួរតែ​ឱ្យ​អ្នកសារព័ត៌មាន​ផ្សាយ​កែតម្រូវ​ឡើងវិញ​ ឬ​សរសេរ​ជា​លិខិត​បំភ្លឺ​ដោយ​ខ្លួនឯង ប្រសិន​បើ​យល់​ថា មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់​បាន​ចុះផ្សាយ​ខុស​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់ខ្លួន​។

លោក​ថា​៖ «​ខ្ញុំ​គិតថា តុលាការ​ក៏ដូចជា​ចៅក្រម​មុន​នឹង​អញ្ជើញ​អ្នកសារព័ត៌មាន​ទៅ​បំភ្លឺ គាត់​គួរតែ​ធ្វើការ​ស៊ើបអង្កេត​ដោយ​ខ្លួនឯង​សិន តើ​ការសរសេរ​របស់​អ្នកសារព័ត៌មាន​ហ្នឹង​ពិត​ ឬ​មិនពិត ហើយ​ខ្ញុំ​គិតថា ប្រសិន​បើ​អ្នកសារព័ត៌មាន​បាន​សរសេរ​ចុះផ្សាយ​ប្រកប​ដោយ​សច្ចភាព​គួរតែមាន​សេចក្ដី​ក្លាហាន​ដើម្បី​ចូល​ទៅ​បំភ្លឺ​»៕