ភ្នំពេញៈ មានសំណាកថនិកសត្វតូចៗចំនួន ២០ ០០០ សំណាកទូទាំងប្រទេសត្រូវបានប្រមូល និងគ្រោងធ្វើការស្រាវជ្រាវ អំពីហានិភ័យនៃការចម្លងជំងឺមកមនុស្សតាមរយៈប៉ារ៉ាស៊ីតរបស់ពួកថនិកសត្វ ប្រចៀវ និងជ្រឹង និងសត្វផ្សេងទៀត។នេះបើយោងតាមមន្ត្រីរដ្ឋបាលព្រៃឈើ។
បញ្ហានេះត្រូវបានលើកយកពិភាក្សា កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ រដ្ឋបាលព្រៃឈើ និងអគ្គនាយកដ្ឋានបសុសត្វ និងគ្រឹះស្ថានវេជ្ជសាស្ត្រ អង្គការជាតិ និងអន្តរជាតិប្រមាណ ៥០ នាក់ បានសហការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំទី ៣ និងផែនការសម្រាប់អនុវត្តបន្តឆ្នាំទី ៤ របស់គម្រោងសិក្សាស្រាវជ្រាវអំពីហានិភ័យនៃការចម្លងជំងឺមកមនុស្សពីប៉ារ៉ាស៊ីតរបស់ពពួកថនិកសត្វខ្លួនតូចៗ ប្រចៀវ និងជ្រឹង នៅសណ្ឋាគារ ភ្នំពេញ។
លោក ឈាង ដានី អនុប្រធាននាយកដ្ឋានសត្វព្រៃនិងជីវៈចម្រុះនៃរដ្ឋបាលព្រៃឈើបានថ្លែងឲ្យដឹងថា ការប្រមូលសំណាក បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៧ ហើយបានរកនិងប្រមូលពី ១៥០ ទីតាំងជាងនៅតាមតំបន់នៃខេត្តស្ទើរតែទាំងអស់បានចំនួន ២០ ០០០ សំណាក ដែលភាគច្រើនជា ប្រចៀវ កណ្តុរ កំប្រុក ជ្រឹង រីឯមួយផ្នែកទៀតយកសំណាកពីអ្នកដែលលក់សាច់កណ្ដុរ និងអ្នកដែលប្រមូលអាចម៍ប្រចៀវ។ ចំពោះសំណាកទាំងនោះ ត្រូវបានយកពីតំបន់ធម្មជាតិ។
លោកបញ្ជាក់ថា៖ «យើងទៅយកសំណាកពីតំបន់ធម្មជាតិដូចជាប្រចៀវនិងកណ្តុរ យើងទៅដាក់សំណាញ់ទាក់វានៅក្នុងព្រៃឬនៅក្នុងតំបន់ដាច់ស្រយាល»។
លោក ឈាង ដានី បានអះអាងថា៖ «ដោយយោងតាម ការសិក្សាស្រាវជ្រាវនេះ គឺជាការស្រាវជ្រាវលក្ខណៈប្រព័ន្ធដំបូងនៅក្នុងប្រទេសកម្ពុជា ដោយនៅក្នុងស្រុកខ្មែរវាជាគម្រោងទី ១ តែម្តងដែលមានលក្ខណៈជាប្រព័ន្ធ យើងមិនមែនអនុវត្តតែក្រសួងយើងទេ យើងមានខាងព្រៃឈើ ពេទ្យសត្វ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វយើងក៏មានសាកលវិទ្យាល័យឧសថរបស់សហរដ្ឋអាមេរិក សាកលវិទ្យាល័យជាតិសង្ហបុរី យើងមានអ្នកធ្វើការនៅក្នុងហ្នឹងច្រើន»។
លោកបញ្ជាក់ថា៖ «យើងកំពុងប្រមូលនូវសំណាកសត្វ ពពួកសត្វតូចៗ ថនិកសត្វតូចដូចជាប្រចៀវ ជ្រឹង ហើយពាក់កណ្តាលឆ្នាំហ្នឹង ឬចុងឆ្នាំហ្នឹង យើងនឹងអាចបានលទ្ធផលខ្លះ ព្រោះការសិក្សាមួយៗយើងត្រូវការបញ្ជាក់ជាច្រើនកន្លែង»។
លោក ឈាង ដានីបានថ្លែងថា ការសិក្សាស្រាវជ្រាវនេះ គឺជាអំណះអំណាង សម្រាប់ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពេលដែលទទួលទានសាច់សត្វព្រៃដោយសារ មនុស្ស ភាគច្រើនចូលចិត្តទទួលទានខ្លាំងណាស់។
លោកបញ្ជាក់ថា៖ «បើគាត់ធូរធារគាត់ចង់ញ៉ាំសាច់ល្អ ប៉ុន្តែដោយសារជីវភាពគាត់ខ្វះខាត គាត់ត្រូវប្រើប្រាស់សាច់ពីព្រៃ ដោយសារវាមិនចាំបាច់ត្រូវការចំណាយថវិកា ជាជម្រើសរបស់គាត់ គាត់អត់មានលុយទិញ បង្គា ក្តាម សាច់គោទេ។ វាទាក់ទងនឹងសេដ្ឋកិច្ចរបស់ពួកគាត់ មិនមែនយើងបន្ទោសគាត់ទេ»។
លោកបញ្ជាក់ថា៖ «លទ្ធផលអាចចុងឆ្នាំ ២០១៩ យើងចង់បង្ហាញជាតឹកតាងមួយ (ថា) ការទទួលទានសត្វព្រៃមិនមានការប្រុងប្រយ័ត្នវាអាចមានការឆ្លងជំងឺ នេះវាជាការងារអប់រំផ្សផ្វផ្សាយឲ្យប្រជាជនមានការប្រយ័ត្នប្រយែង ពេលខ្លះគាត់ទៅចាប់សត្វយកមកទទួលទានដោយមិនបានប្រុងប្រយ័ត្ន សត្វព្រៃវាអាចមានមេរោគ សុំឲ្យប្រុងប្រយ័ត្ន យើងយកលទ្ធផលបង្ហាញគាត់។ មួយទៀតការរៀបចំការឆ្លើយតបបើសិនជាមានការផ្ទុះជំងឺពីសត្វព្រៃ យើងត្រូវមានវិធានការនិងឆ្លើយតបឲ្យបានទាន់ពេលវេលា»។
លោក ដានី បានថ្លែងឲ្យដឹងទៀតថា៖ «នៅពេលដែលសំណាកទាំងនោះត្រូវបានរកឃើញថាមានការចម្លងជំងឺប៉ារ៉ាស៊ីតត្រូវយកទៅសិក្សានៅប្រទេសផ្សេងទៀត អាចទៅពិសោធក្នុងមន្ទីរពិសោធក្នុងប្រទេសថៃ ប្រទេសសង្ហបុរី ឬប្រទេសអូស្ត្រាលី បើសិនជាយើងរកឃើញវិជ្ជមាននៃមេរោគណាមួយ យើងត្រូវការផ្ទៀងផ្ទាត់សិន មុនយើងចង់បញ្ជាក់ថា អាហ្នឹងវាមានការឆ្លងសាហាវ វាអាចប៉ះពាល់ (ដល់មនុស្ស) អ៊ីចឹង»៕