ភ្នំពេញ៖ ក្រុម​អ្នក​ស្រាវជ្រាវ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​រក​មិន​ឃើញ​មាន​សត្វ​ត្រយង​ចំពុះ​ស្លាបព្រា ដែល​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ និង​អន្លង់ព្រីង​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា ​ទៀត​ទេ ប៉ុន្តែ​សត្វចាប​ព្រៃវែង ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN បាន​បង្ហាញ​វត្តមាន​សាជាថ្មី​ក្នុង​តំបន់​ទាំង ២ នេះ។

លោក ប៊ូ វរសក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ៣ ខែកុម្ភៈ ​ថា កាល​ពី​ឆ្នាំ ២០១១ និង​ឆ្នាំ ២០១២ នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ ក្រុម​ជំនាញ​អង្គការ​សត្វ​ស្លាប​អន្តរជាតិ​បាន​រក​ឃើញ ​និង​កត់ត្រា​នូវ​ប្រភេទ​សត្វ​ត្រយង​ចំពុះ​ស្លាបព្រា ដែល​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ ប្រមាណ​ជាង ១០ ក្បាល។ លុះ​ដល់​ឆ្នាំ ២០១៥ គេ​បាន​ប្រទះ​ឃើញ​វត្តមាន​របស់​វា​តែ ១ ក្បាល​ប៉ុណ្ណោះ ​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ។ បន្ទាប់​ពី​ឆ្នាំ​នោះ​មក គេ​លែង​ឃើញ​វត្តមាន​របស់​វា​នៅ​ក្នុង​តំបន់​នេះ​ទៀត​ហើយ។

ទោះ​ជា​បែប​ណា លោក វរសក្ស បាន​ថ្លែង​ថា៖ «ថ្វីបើ​ការ​ធ្វើ​ជំរឿន​សត្វ​ស្លាប​នៅ​ក្នុង​ឆ្នាំ ២០២១ នេះ យើង​នៅ​តែ​រក​ពុំ​ឃើញ​វត្តមាន​សត្វ​ត្រយង​ចំពុះ​ស្លាបព្រា ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ប៉ុន្តែ​យើង​មិន​អាច​សន្និដ្ឋាន​ថា សត្វ​ប្រភេទ​នេះ ត្រូវ​បាន​ផុត​ពូជ​ពី​កម្ពុជា​ដោយ​គ្មាន​មូលដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន​ទេ»។

បើតាម​លោក ​វរសក្ស ការ​ធ្វើ​ជំរឿន​សត្វ​ស្លាប​អាស៊ី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២១ នេះ គឺ​ធ្វើ​ឡើង​តែ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ក្នុង​ខេត្ត​តាកែវ និង​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង ក្នុង​ខេត្តកំពត ប៉ុណ្ណោះ មិនមែន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នោះ​ទេ។ ជំរឿន​នេះ​បាន​ចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​ខែ​មករា ​កន្លង​មក។

ជា​លទ្ធផល​ក្រុម​ការងារ​ជំរឿន ដែល​មក​ពី​អង្គការ​ជីវិត​សត្វ​ស្លាប និង​មន្ត្រី​ឧទ្យានុរក្ស​នៃ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ និង​អន្លង់ព្រីង បាន​រក​ឃើញ​មាន​វត្តមាន​សត្វស្លាប​ព្រៃ​ចំនួន ៦៤ ប្រភេទ នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ និង ៤៥ ប្រភេទ ត្រូវ​បាន​រក​ឃើញ​កត់ត្រា​នៅ​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង។

លោក ​វរសក្ស ថ្លែង​ទៀត​ថា៖ «អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ គឺ​នៅ​ក្នុង​ឆ្នាំ​នេះ ក្រុម​ការងារ​ជំរឿន​បាន​រក​ឃើញ​វត្តមាន​សត្វ​ចាប​ព្រៃវែង ចំនួន​ជាង ២០ ក្បាល ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ បន្ទាប់​ពី​បាន​បាត់​ខ្លួន​ពី​តំបន់​នេះ​រយៈពេល ៣ ឆ្នាំ»។

ក្រុម​ការងារ​ក៏​បាន​រក​ឃើញ​សត្វ​ស្លាប ៣ ប្រភេទ​ផ្សេង​ទៀត រួម​មាន​សត្វ​ត្រដេ​រវិច​ក្បាល​ប្រផេះ ចំនួន ៧ ក្បាល សត្វ​ទីតលីត​តូច​ជើង​លឿង​វែង ចំនួន ៣០ ក្បាល និង​សត្វ​ក្បាល​ធំ​វ័ណ្ឌ​ទ្រូង​ខ្មៅ ចំនួន ៤០ ក្បាល។ សត្វ​ស្លាប ៣ ប្រភេទ​នេះ មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ​នៅ​ក្នុង​តំបន់​នេះ។ យ៉ាងណា​ក៏​ដោយ សត្វ​ក្រៀល​នៅ​ក្នុង​ឆ្នាំ​នេះ បាន​បាត់​វត្តមាន​ច្រើន​ក្បាល​ពី​តំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ គឺ​រក​ឃើញ​ត្រឹម​តែ ៧៧ ក្បាល​ប៉ុណ្ណោះ ​ខណៈ​កាល​ពី​ឆ្នាំ​មុន​រក​ឃើញ​រហូត​ដល់ ១០២ ក្បាល។

តាមរយៈ​ការ​ធ្វើ​ជំរឿន​សត្វស្លាប​នៅ​ឆ្នាំ​នេះ ក្រុម​ការងារ​ក៏​បាន​កត់​សម្គាល់​ឃើញ​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​មួយ​នេះ​ផង​ដែរ គឺ​កង្វះ​ទឹក​សម្រាប់​ទ្រទ្រង់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ ដែល​ជា​ប្រភព​ចំណី​អាហារ​សម្រាប់​សត្វ​ស្លាប​ពិសេស​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ និង​ជិត​ផុត​ពូជ​នេះ។

លោក លឹម វ៉ាត អនុប្រធាន​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា ការ​កើន​ឡើង​នៃ​កម្ដៅ​ភព​ផែនដី និង​ការ​ស្រោចស្រព​ស្រូវ​ប្រាំង​របស់​ប្រជាកសិករ​បាន​ធ្វើ​ឱ្យ​ទឹក​ក្នុង​តំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ មាន​ការ​ស្រក​ចុះ​យ៉ាង​ឆាប់​រហ័ស។ លោក​ថ្លែង​ថា៖ «នៅ​ពេល​នេះ​ទឹក​ក្នុង​បឹងព្រែកល្ពៅ នៅ​សេសសល់​តិចតួច​បំផុត ខណៈ​ទឹក​ក្នុង​អាង​ពិសោធ​គ្រប់គ្រង​ទឹក​លើ​ផ្ទៃដី ១៦ ហិកតា ​កំពង់​គោក​រីង​ជា​បណ្ដើរ»។

ដោយ​ឡែក​លោក ឈឹម ម៉េង នាយក​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង ដែល​មាន​ទីតាំង​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា នៅ​ពេល​នេះ ក្រុម​ការងារ​របស់​លោក​នៅ​មិន​ទាន់​បញ្ចប់​ការ​រាប់ និង​កត់ត្រា​សត្វ​ក្រៀល​នៅ​ឡើយ​ទេ ព្រោះ​សត្វ​ក្រៀល​ជា​សត្វ​ទេសន្តប្រវេសន៍ ចូល​ចិត្ត​បំផ្លាស់​ទី​ពី​កន្លែង ១ ទៅ​កន្លែង ១ ដែល​ការ​បំផ្លាស់​ទី​របស់​វា​ធ្វើ​ឡើង​ចាប់​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ដល់​ពាក់​កណ្ដាល​​ខែ​មិថុនា។ «សម្រាប់​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង​មិនមែន​ជា​ទី​ជម្រក​ពង​កូន​របស់​សត្វ​ក្រៀល​នោះ​ទេ តែ​ជា​តំបន់​សំចត​របស់​សត្វ​ក្រៀល​ដែល​មក​ស្នាក់​អាស្រ័យ​សម្រាប់​ការ​ស្វែងរក​ចំណី​អាហារ​នា​រដូវប្រាំង​ប៉ុណ្ណោះ»។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ សត្វ​ក្រៀល​មិន​ចូលចិត្ត​រស់​នៅ ឬ​កាច់​សម្បុក​ពង​កូន​នៅ​លើ​ដើម​ឈើ​នោះ​ទេ ហើយ​ក៏​មិន​ចូលចិត្ត​រស់នៅ​ក្នុង​តំបន់​ដែល​មាន​ទឹក​ជ្រៅ​ខ្លាំង​ពេក​នោះ​ដែរ។ សត្វ​ក្រៀល​ចូលចិត្ត​រស់​នៅ និង​ធ្វើ​សម្បុក​ពង​កូន​នៅ​លើ​វាលស្មៅ ដែល​ជា​តំបន់​ដី​សើម និង​ចូលចិត្ត​ចឹក​ស៊ី​មើម​រុក្ខជាតិ និង​ស្លឹក​រុក្ខជាតិ​ខ្ចីៗ​ដែល​ដុះ​នៅ​តាម​វាលស្មៅ​ក្នុង​តំបន់​ដី​សើម។ សត្វ​ក្រៀល​មាន​ការ​ហោះហើរ​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក។ សត្វ​ក្រៀល​ពេញវ័យ​មាន​កម្ពស់ ១៧៦ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​រហូត​ដល់​ជាង ៦ គីឡូក្រាម៕