ភ្នំពេញៈ សកម្មជន​ដីធ្លី​ល្បី​ឈ្មោះ​ នៅ​តំបន់​បឹងកក់ ​អ្នកស្រី ទេព​ វ​ន្នី បាន​សម្តែង​ការសោកស្ដាយ ការ​ដែល​អ្នក​ស្រី​ត្រូវ​បាន​គេ​ចាប់​​ដាក់​ពន្ធនាគា​រទាំង​ខ្លួន «​មិនមាន​កំហុស​» អស់​រយៈពេល ២ ឆ្នាំ ៥ ថ្ងៃ ជា​អ្វី​ដែល​អ្នក​ស្រី​បាន​អធិប្បាយ​ថា ​ជា​រឿង​ដែល​​មិន​នឹក​ស្មាន​ដល់ ព្រោះ​​តែ​ការតវ៉ា​ទាមទារ​ទីជម្រក​ខ្លួនឯង។

អ្នកស្រី វ​ន្នី​បាន​រំឭកថា អ្នកស្រី និង​សកម្មជន​ដីធ្លី​ទាំងអស់ តាំងពី​កើតមក មិនដែល​គិត​ចង់ទៅ​ហែរ​ក្បួន ទៅមុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ឬ​ទៅ​តស៊ូ​មតិ​នៅតាម​ក្រសួង​ពាក់ព័ន្ធ​នានា​អ្វី​នោះទេ។

អ្នក​ស្រី​ថា៖«ខ្ញុំ​មិន​នឹកស្មានថា ពួក​ខ្ញុំ​ទៅជា​បែប​ហ្នឹង​ទេ។ រឿងនេះ​ជា​រឿង​ដែល​ពួក​ខ្ញុំ​ មិន​នឹក​ស្មាន​ដល់ ព្រោះតែ​ការ​អភិវឌ្ឍ បណ្ដាល​ឲ្យ​ពួក​ខ្ញុំ​ ជាប់​ពន្ធនាគារ​ជា​បន្ដបន្ទាប់ ដោយ​អ​យុត្ដិធម៌​ បែកបាក់​ក្រុមគ្រួសារ ម្ដាយ​ឪពុក កូន​ជាដើម»។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា៖«រស់នៅក្នុង​ពន្ធនាគារ គ្មាន​ខុស​អ្វី​ពីស​ត្វ​នៅក្នុង​ទ្រុង​នោះទេ។ អ៊ី​ចឹង​ ខ្ញុំ​ជាប់ទ្រុង ខ្ញុំ​សម្លឹងមើល​តែ​ដំបូល​គុក ទ្រុង​ដែក និង​សោ​ដែល​គេ​ចាក់ បួន​ប្រាំ​ជាន់ ពី​បន្ទប់​ឃុំឃាំង​យើង រហូតដល់​ក្រៅ»។

​អ្ន​កស្រី​​បញ្ជាក់​ថា៖«ខ្ញុំ​ពិតជា​មានការ​រន្ធត់​ចិ​ត្ដ និង​សង្វេគ​ខ្លាំងណាស់ ពិសេស​ឈឺចាប់​ត្រង់​ខ្លួនឯង​ មិនបាន​ធ្វើ​ខុស ហើយ​ត្រូវ​ជាប់ឃុំ​ទៀត»។

អ្នកស្រី​បាន​លើកឡើងថា ពេល​ត្រលប់មក​ផ្ទះ​វិញ អ្នកស្រី​មិនទាន់​ដឹងថា ត្រូវ​រស់​បែបណា​ ដើម្បី​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើង​វិញ​នៅឡើយ​ទេ ព្រោះ​ខ្លួន​​អ្នក​ស្រី​ក៏​មាន​ជំងឺ​ ហើយ​មុខ​របរ​រក​ប្រាក់​ចំណូល​ក៏​បាត់​បង់​អស់​រលីង​គ្មាន​សល់​។

លោក វ​ន្នី ​បន្ថែម​ថា​៖«អ្នក​ខ្លះ គាត់​មិន​ដឹង គាត់​គិតថា ខ្ញុំ​មាន​ណាស់​ហើយ គាត់​គិតថា ខ្ញុំ​ធ្វើ​នឹងមាន​អ្នកណា​គេ​មក​ជួល​ខ្ញុំ​ហើយ តាមពិត​យើង​ធ្វើ​ដោយ​ចិ​ត្ដ​ស្មោះត្រង់ បើ​មិនមាន​ឆ​ន្ទះ​ជួយ​គ្នា​ពិតប្រាកដ​ទេ នឹង​មិនបាន​ជោគ​ជ័យ​ទេ។ ទោះបី​ផ្ទះ​ខ្ញុំ​ចាស់ ដំបូល​មិនទាន់​ចាក់​ស៊ីម៉ង​ត៍ក៏ដោយ តែ​ខ្ញុំ​សប្បាយ​ចិ​ត្ដ»។

ចំពោះ​ការដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​នេះ អ្នកស្រី ​បាន​ថ្លែង​អំណរ​គុណ​ដល់​លោក នាយករដ្ឋមន្ដ្រី​ហ៊ុន សែន ពិសេស​ ព្រះ​មហាក្សត្រ ដែល​ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថ​លេខា​​លើកលែង​ទោស​ដល់​អ្នកស្រី។

អ្នក​ស្រី​ ទេព វន្នី ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស កាល​ពី​យប់​ថ្ងៃ​ទី ២០ ខែ​សីហា​ឆ្នាំ ២០១៨ ​ដែល​ការ​ដោះ​លែង​នេះ​ ធ្វើ​ឡើង​ភ្លាម​ៗ​ បន្ទាប់​ពី​ព្រះ​មហា​ក្សត្រ​ បាន​លើក​លែង​ទោស ទៅ​តាមការ​ស្នើ​សុំ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។

បើ​យោង​តាមដីកា​បង្គាប់​ឲ្យ​ដោះ​លែង ដែល​ចេញ​ដោយ​លោក គុជ គឹមឡុង ព្រះ​រាជ​អាជ្ញា​រង​ នៃ​អយ្យការ អមសាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី ២០ ខែ​សីហា​ ​ដែល​ធ្វើ​ឡើង​ភ្លាម​ៗ​ បន្ទាប់​ពី​​ព្រះ​មហា​ក្សត្រ​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​​លើក​លែង​ទោស​ បាន​សរសេរ​ថា ឈ្មោះ ​ទេព វន្នី ភេទ​ស្រី ត្រូវ​បាន​ផ្តន្ទា​ទោស​កំណត់​ចំនួន ៦​ ខែ​ ពីបទ​ប្រមាថ​​អ្នក​រាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ និង​បទ​ល្មើស​មួយ​ទៀត ​ត្រូវ​បាន​ផ្តន្ទា​ទោស​ចំនួន ២ ឆ្នាំ​ ៦​ ខែ ពីបទ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស៕