ភ្នំពេញៈ សកម្មជន​ដីធ្លី​ល្បី​ឈ្មោះ​នៅ​សហគមន៍​បឹងកក់​គឺ អ្នកស្រី ទេព វន្នី ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ព្រៃស​វិញ​ហើយ​កាលពី​យប់​មិញ​ដែល​ការដោះលែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​ដល់​អ្នកស្រី វន្នី និង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន​ ៣ រូប​ផ្សេង​ទៀត​។

ព្រះរាជក្រឹត្យ​លើក​លែង​ទោស​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​ចេញ​កាលពី​ថ្ងៃ​​ម្សិលមិញ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ការស្នើសុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

បើ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ដោះលែង​ដែល​ចេញ​ដោយ​លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​យប់មិញ ដែល​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​បាន​សរសេរ​ថា​អ្នកស្រី ទេព វន្នី ត្រូវ​បាន​ផ្តន្ទាទោស​កំណត់​ចំនួន ៦ ខែ​ពី​បទ​ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ និង​បទល្មើស​មួយ​ទៀត​ត្រូវ​បាន​ផ្តន្ទាទោស​ចំនួន ២ ឆ្នាំ ៦ ​ខែ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។

ដីកា​បង្គាប់​ឲ្យ​ដោះលែង​នេះ​បាន​សរសេរ​ទៀត​ថា​អ្នកស្រី ទេព វន្នី នៅ​ពេល​នេះ​កំពុង​តែ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី ២ (​ម​ ២)​។ «​តាម​អំណាច​ព្រះរាជក្រឹត្យ​ខាង​លើ​ឈ្មោះ​ ទេព វន្នី ត្រូវ​បាន​លើក​លែង​ទោស​។ គប្បី​ធ្វើការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​»​។

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ក៏​បាន​លើក​លែង​ទោស​ដល់​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន ៣ រូប​ផ្សេង​ទៀត​ដែល​កំពុង​នៅ​ក្រៅ​ឃុំ​ផង​ដែរ​រួម​មាន អ្នកស្រី ហេង មុំ​, អ្នកស្រី បូ ឆវី និង​អ្នកស្រី គង់ ចន្ថា​។

អ្នកស្រី ទេព វ​ន្នី ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​ ១៥ ខែ​សីហា ឆ្នាំ​ ២០១៦ ដែល​គិត​រហូត​មក​ដល់​ពេល​នេះ​អ្នកស្រី​បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ ២ ​ឆ្នាំ​ហើយ​។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​កាលពី​យប់មិញ​។ រូបថត Fresh News

លោក ពុទ្ធិ ស័ក្ដ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​យប់មិញ​ដោយ​បាន​សម្តែង​នូវ​ភាពសប្បាយ​រីករាយ និង​សង្ឃឹម​ថា រាជរដ្ឋាភិបាល​នឹង​បន្ដ​សកម្មភាព​បែប​នេះ​បន្ថែម​ទៀត​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា​ការ​ងាក​ទៅ​រក​ការបន្ថយ​ស្ថានភាព​នយោបាយ​ដែល​តានតឹង​នេះ យើង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រងគ្រោះ និង​មិត្ដភក្ដិ​ដែល​ជាប់​ពន្ធនាគារ​ត្រូវ​បាន​ដោះលែង​នេះ ខ្ញុំ​ពិត​ជា​រំភើប​ណាស់ ហើយ​សង្ឃឹម​ថា​យន្ដការ​ដោះលែង​នេះ​នឹង​បន្ដ​ទៅ​សកម្មជន​សិទិ្ធមនុស្ស​បន្ថែម​ទៀត​ដើម្បី​សន្ដិភាព​ផ្លូវ​ចិត្ដ ផ្លូវ​អារម្មណ៍​ដល់​ប្រជាជន​ខ្មែរ​គ្រប់​រូប​»​។

អ្នកស្រី ផាន់ ឈុនរេត សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ម្នាក់​ទៀត​នៅពេល​ទាក់ទង​កាលពី​យប់មិញ​ក៏​បាន​សម្ដែង​ការត្រេកអរ​ផង​ដែរ​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ដ​យ៉ាង​ខ្លាំង ចំពោះ​ការ​ដោះលែង​នេះ​ឥឡូវ​កំពុង​តែ​រាំ​ពេញ​ភូមិ គ្មាន​អ្វី​សប្បាយ​ជាង​នេះ​ទេ​»​។

លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ក៏​បាន​សាទរ​ចំពោះ​ការដោះលែង​នេះ​ផង​ដែរ​ដោយ​ថ្លែង​ថា​៖ «​ខ្ញុំ​ស្វាគមន៍​ចំពោះ​ការដោះលែង​ដោយ​មាន​ការលើកលែង​ទោស​ដោយ​ព្រះរាជក្រឹត្យ ព្រះមហាក្សត្រ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​អ្នកស្រី ទេព វន្នី ត្រូវ​បាន​ជាប់​ពន្ធនាគារ​អស់​រយ:ពេល​ជាង ​២ ​ឆ្នាំ​ដោយ​អយុត្តិធម៌ ដោយ​គ្រាន់​តែ​អ្នកស្រី និង​សហគមន៍​បឹងកក់​តវ៉ា​ទាមទា​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​»​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា​ការដោះលែង​នេះ​ដោយសារ​មាន​ការ​ថ្កោលទោស និង​ទាមទារ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់​ផង​ដែរ ហើយ​ដោយសារ​រាជរដ្ឋាភិបាល​ថ្មី​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់ៗ​ចង់​បាន​ការគាំទ្រ​ពី​​សហគមន៍​អន្តរជាតិ​»៕