អ្នក​រាយការណ៍​ពិសេស អ.ស.ប ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រនេះ បាន​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បង្ក្រាប​ខាង​នយោបាយ​ដែល​មាន​លក្ខណៈ​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ទូទាំង​ប្រទេស ហើយ​ធ្វើ​ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គោរព​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិយោបល់ និង ការ​ជួប​ប្រជុំ។

យ៉ាង​ណា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​អះអាង​ថា ស្ថាប័ន​នេះ គ្មាន​សិទ្ធិជៀល​ជ្រែក​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នោះ​ទេ ហើយ​ថា ទង្វើ​របស់​រដ្ឋាភិបាល ក្នុង​ពេល​នេះ គឺ​ដើម្បី​ការពារ​សន្តិភាព និង​បញ្ចៀស​សកម្មភាព​នៃ​ការ​ផ្តួល​រលំ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

សេចក្តី​ប្រកាសព័ត៌មាន​របស់ អ្នក​រាយការណ៍​ពិសេស អ.ស.ប ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចេញផ្សាយពីទីក្រុង ហ្សឺណែវ ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ខែ​សីហា មាន​មនុស្ស​យ៉ាង​តិច​ចំនួន ៨៩ នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់ ប្រឆាំង​នឹង​រដ្ឋ» ហើយ​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ចំនួន ៥២ នាក់ ត្រូវ​បាន​ចាប់​ខ្លួន នៅ​តាម​បណ្តា​ខេត្ត​ចំនួន ២០ ដែល​ព្រឹត្តិការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​កើនឡើង​នូវ​ករណី​នៃ​ការ​យាយី​ ធ្វើ​ទុក្ខ​បុកម្នេញ និង ចំណាត់ការ​តាម​ផ្លូវ តុលាការ​ប្រឆាំង​នឹង​សមាជិក ឬ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ជាង ២០០ ករណី រាប់​ចាប់​តាំង​ពី​ថ្ងៃទី ១ ខែ​ មករា ឆ្នាំ ២០១៩ ។

អ្នកស្រី ស្មីត អ្នក​ជំនាញ​ឯករាជ្យ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា ស្រប​ពេល លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង ពោល​គឺ​គណបក្ស​សង្គ្រោះជាតិ​កម្ពុជា ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រៅ​ច្បាប់ ប្រកាស​វិល​ត្រឡប់​ពី​ការ​និរទេស​ខ្លួន នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នូវ​ចំនួន​នៃ​ការ​ចាប់​ខ្លួន និង ការ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សមាជិក​គណបក្ស សង្គ្រោះជាតិ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន។

អ្នកស្រី បានបន្តថា៖ «គេ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ទាំង​ឡាយ ដោយ​គ្រាន់​តែ​ផ្អែក​លើ​មូលហេតុ​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​យោបល់ តាម​រយៈ​ការ​ថ្លែង​សារ​នយោបាយ និង​ការ​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​កិច្ចការ​សាធារណៈ​ឡើយ។ ប្រទេស​កម្ពុជា​ត្រូវ​តែ​គោរព​កាតព្វ​កិច្ច​អន្តរជាតិ​របស់​ខ្លួន»។

អ្នកស្រី មាន​ប្រសាសន៍ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​គ្រប់​ភាគី​ទាំងអស់ ធ្វើ​ការ​កាត់​បន្ថយ​នូវ​ស្ថានភាព​ដែល​វិវឌ្ឍន៍​ទៅ​រក​ភាព​តាន​តឹង ហើយ​ស្វែងរក​ការ​សន្ទនា​គ្នា​នៅ​ក្នុង​បរិយាកាស​ប្រកប​ដោយ​សន្តិវិធី និង​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចេញ​នូវ​មតិ​នយោបាយ​ជួយ​គ្នា​ដោយ​ចៀស​វាង​ការ​រឹតត្បិត​ណា​មួយ​បន្ថែម​ទៀត​ទៅ​លើ​សេរីភាព​ជា​មូលដ្ឋាន ដែល​ជា​គ្រឹះ​នៃ​ការ​ទទួល​បាន​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​សម្រាប់​ទាំង​អស់​គ្នា»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​ម្សិលមិញ​ដោយ​បដិសេធ​ការ​លើក​ឡើង​ទាំង​នេះ និង ចាត់​ទុក​ថា គឺជា ការ​យល់​ឃើញ​ខុស​គ្នា និង ផ្ទុយ​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ទង្វើ​ទាំង​នេះ គឺ​ជា​កាតព្វកិច្ច​ការពារ​អធិបតេយ្យ​របស់​ខ្លួន។ បន្ថែម​ពី​នេះ សម្រាប់​កម្ពុជា គឺ​មាន​ចេតនា​តែ​មួយ​គិត ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ការពារ​ស្ថេរភាព សន្តិភាព ចំពោះ​ក្រុម​ទាំង​ឡាយ​ណា ដែល​មាន​ចេតនា​ប៉ុនប៉ង់ ធ្វើ​រដ្ឋ​ប្រហារ ហើយ​បុគ្គល​ដែល​មាន​ជាប់​ពាក់ព័ន្ធ ត្រូវ​តែ​មាន​ការ​ឃាត់​ខ្លួន តាម​ច្បាប់​របស់​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «ការ​ដាក់​ពង្រាយកម្លាំង​ប្រដាប់​អាវុធ ការ​ចល័ត​ទ័ព គឹជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ក្នុង​កិច្ច​ការពារ​សន្តិភាព ស្ថេរភាព នីត្យានុកូលភាព ដែល​គ្មាន​អ្នក​ណា​មួយ​មក​ជ្រៀល​ជ្រែក​បាន​នោះ​ទេ។ ទាំង​នេះ មិន​មែន​ជា​ការ​គាប់​សង្កត់​ទៅ​លើ​សន្និសេរីភាព​ប្រជាពលរដ្ឋនោះ​ទេ។ សុំ​អំពាវនាវ​ឲ្​យប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​ចូល​រួម​នៅ​ក្នុង​សកម្មភាព​ធ្វើ​រដ្ឋប្រហារ ដឹក​នាំ​ដោយ សម រង្ស៊ី និង ក្រុម​ហ្នឹងឯង»។

បន្ថែមពីនេះ លោកផៃ ស៊ីផាន ក៏​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ខ្លួន​មក​សារភាព ពី​ការ​មិន​ចូលរួម​ជាមួយ​អតីត​គណបក្ស​សង្គ្​រោះជាតិ​ក្នុង​ការ​ផ្តួល​រលំ​រដ្ឋាភិបាល ខណៈ​លោក អះអាងថា រដ្ឋាភិបាល ក៏​គ្មាន​ហេតុផល​អ្វី​ត្រូវ ស្វែង​រក​ការ​សន្ទនាគ្នា​ជាមួយ​ក្រុម​ទាំង​នោះ​ដែរ៕