ភ្នំពេញៈ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​ ១៧៣៦ ​នាក់​ស្លាប់​នៅ​លើ​ដងផ្លូវ​ដោយសារ​គ្រោះថ្នាក់​ចរចរណ៍​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ ៩ ​ខែ​ក្នុង​ឆ្នាំ​នេះ បើ​ប្រៀបធៀប​ចំនួន​អ្នក​ស្លាប់​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៧ ​មាន​ចំនួន​ ១៧៨០ ​នាក់​ស្ថិតិ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹងថា អត្រា​អ្នក​ស្លាប់​បាន​ថយចុះ​ ៣ ​ភាគរយ​ស្មើ​នឹង​ ៤៤ ​នាក់​។

យោង​តាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ ២០១៧ កន្លង​ទៅ​មាន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ១ ៧៨០ ​នាក់​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦ មាន​ចំនួន ១៧១៧ ​នាក់ ខណៈ​ឆ្នាំ​ ២០១៨ ​នេះ​មាន​អ្នក​ស្លាប់​ចំនួន ​១៧៣៦ នាក់​។

ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៨ កាលពី​ថ្ងៃទី​ ៣១ ខែ​តុលា​។ លោក ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ និង​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អះអាង​ថា​ដោយ​មាន​ការខិតខំ​យក​ចិត្ត​ទុកដាក់​រួម​គ្នា​រក្សា​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ចរាចរណ៍​បាន​ល្អ​ប្រសើរ​ពី​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​មន្ត្រី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៨ ​នេះ​។

លោក ហ៊ឹម យ៉ាន ថ្លែង​ថា​៖ «​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ប្រឈម​យូរអង្វែង​ដែល​មាន​អ្នកស្លាប់ និង​របួស​រៀងរាល់​ថ្ងៃ​ច្រើន​ជាង​គ្រោះថ្នាក់​សង្គម​ផ្សេង​ទៀត និង​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សង្គម​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គ្រប់​ពេលវេលា​»​។

លោក​បាន​បង្ហាញ​ថា​ក្នុង​ការចាត់​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ចំនួន​អ្នកស្លាប់ និង​របួស​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ផ្តោត​លើ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ការ​រឹតបន្តឹង​ច្បាប់ ការសង្គ្រោះ​ជនរងគ្រោះ ការកែលម្អ និង​ថែទាំ​ផ្លូវថ្នល់ ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​។ ខណៈ​ស្ថានភាព​ដែល​មធ្យោបាយ​យានយន្ត និង​ប្រជាពលរដ្ឋ​មាន​កំណើន​ជា​លំដាប់​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ព្រួយបារម្ភ​ចំពោះ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នៅ​តែ​មាន​អ្នកស្លាប់​ជិត​ ២ ​ពាន់​នាក់​ក្នុង​ ១ ​ឆ្នាំ​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា (AIP Foundation) ថ្លែង​ថា​៖ «​ទោះបី​ជា​ចំនួន​នៃ​គ្រោះថ្នាក់​មាន​ការ​ធ្លាក់​ចុះ​ប៉ុណ្ណឹង​ក្ដី ប៉ុន្ដែ​យើង​មើល​ឃើញ​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នៅ​តែ​ជា​បញ្ហា​ដែល​ព្រួយបារម្ភ ពីព្រោះ​ប្រទេស​កម្ពុជា​យើង​បាន​ប្ដេជ្ញា​ចិត្ដ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឲ្យ​បាន​រហូត​ដល់ ៧៣៥០ ​នាក់ ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​។ គិត​ដោយ​សាមញ្ញ​ដល់​ត្រឹម​ឆ្នាំ ២០២០ យើង​ចង់​បន្ទាប​ចំនួន​អ្នក​ស្លាប់​ឲ្យ​នៅ​ត្រឹម​ ១៦០០ ​នាក់​ប៉ុណ្ណោះ​»​។

លោក​បាន​អះអាង​ថា​ចំពោះ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បើ​គិត​តាំង​ពី​ឆ្នាំ​ ២០១៧ ​មក​ក្នុង​ ១ ​ឆ្នាំ​មាន​អ្នកស្លាប់​រហូត​ដល់​ជាង​ ១៩០០ ​នាក់ ហើយ​នៅ​ខ្វះ​តែ​ ២ ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ឆ្នាំ​​ ២០២០ ​ហើយ តែ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​មាន​ចំនួន​ជិត ២ ​ពាន់​នាក់​នៅឡើយ​។

លោក​នាយក​អង្គការ​ដដែល​នេះ​បាន​ថ្លែង​ថា​៖ «​យើង​អាច​ទាញ​ឲ្យ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នៅ​សល់​ត្រឹម​ ១៦០០ ​នាក់​ក្នុង​ ១ ​ឆ្នាំ គឺ​មាន​ការលំបាក ដូច្នេះ​យើង​ត្រូវ​មាន​ការខិតខំ​ប្រឹងប្រែង​ជួយ​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត បើ​គិត​ពី​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ឆ្នាំ​គឺ​នៅ​តែ​ឡើង​ខ្ពស់​ដែល​ចំនួន​នេះ មិនមែន​ជា​រឿង​ល្អ​ទេ​»៕