ភ្នំពេញៈ រយៈពេល ២០ សប្ដាហ៍​ក្នុង​ឆ្នាំ ២០១៩ នេះ​ អ្នកស្លាប់​ដោយសារ​ជំងឺ​គ្រុន​ឈាម​បាន​កើន​ដល់ ២១ នាក់ ​ស្រប​ពេល​អ្នក​ឈឺ​ដោយ​ជំងឺ​នេះ​បាន​កើន​ឡើង​ជាង ១ ម៉ឺន ២ ពាន់​នាក់។ តួលេខ​នេះ ​ត្រូវបាន​មន្ត្រី​ជំនាញ​អះអាង​ថា​បាន​កើន​ឡើង​ប្រហែល ៣ ដង ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ២០១៨ ​ដែល​មាន​អ្នក​កើតជំងឺ​គ្រុនឈាម​ ប្រហែល​​ ៣ ពាន់​នាក់។

លោក​វេជ្ជបណ្ឌិត​ លាង ឫទ្ធា ​ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម ​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ​ប៉ារ៉ាស៊ីត​សាស្ដ្រ ​និង​បាណក​សាស្ដ្រ​របស់​ក្រសួង​សុខាភិបាល ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ​អ្នកស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​គឺមាន​នៅក្នុង​ខេត្ត-ក្រុង​ចំនួន ៦ ​ដូចជា​នៅ​ភ្នំពេញ​ និង​ខេត្ត​ក្រចេះ​ជាដើម។ ​

ក្នុងចំណោម​អ្នកស្លាប់​ទាំង​អស់​ គឺ​ដោយសារ​មូលហេតុ​ទៅ​ព្យា​បាល​ជាមួយ​គ្រូពេទ្យ​តាម​គ្លី​និក​ឯកជន​តូចៗ​ដែល​អសមត្ថភាព​គ្មាន​ឧបករណ៍​ និង​ជំនាញ​ពិតប្រាកដ ​ដូច​មន្ទីរពេទ្យ​រដ្ឋ​ឬ​តាម​មណ្ឌល​សុខភាព​នានា។

លោក​បញ្ជាក់​ថា​៖ «ការ​ទៅ​ពេទ្យ​រដ្ឋ​គឺ​មិនមាន​ករណី​ស្លាប់​ទេ​ ហើយ​ក្នុង​ករណី​ស្លាប់​នោះ ​គឺ​គាត់​ចំណាយ​ពេល​អត់​ប្រយោជន៍​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​គ្លីនិក​ឯកជន​តូចៗ​ហ្នឹង​អត់​មាន​សមត្ថភាព ​ធ្វើឱ្យ​គាត់​ខកខាន។ ពីព្រោះ​ការវិវឌ្ឍជំងឺ​គ្រុនឈាម ​គឺ​លឿន​ណាស់ ​អ៊ីចឹង​ខ្លះ ​(ពេទ្យ​ឯកជន) ដែល​អត់​ជំនាញ​ព្យាបាល ​ហើយ​ចេះតែ​ដាក់​ថ្នាំ​ និង​សេរ៉ូម​លើស ​និង​ចេះ​តែ​ដាក់​ៗ​ទៅ។ អ៊ីចឹង​វា​ធ្វើឱ្យ​ស្លាប់​ដោយ​សារ​សេរ៉ូម​ហ្នឹង​ច្រើន​ពេក»។

លោក​វេជ្ជបណ្ឌិត​បន្តថា ​ស្ថានភាព​ផ្ទុះឡើង​ជំងឺ​គ្រុនឈាម​នៅ​ទូទាំង​ប្រទេស​​នាពេលនេះ ​មិនទាន់​ថយចុះ​នៅឡើយ​ទេ ​ស្របពេល​ក្រសួង​សុខាភិបាល​ក៏​កំពុង​បង្កើនល្បឿន​ដើម្បី​ចុះផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​កម្ចាត់​ជម្រក​សត្វ​មូស​ខ្លា​ញី​ និង​ចេះ​ស្វែងរក​សេវា​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ។

មន្ត្រី​ដដែល​នេះ​បន្ថែម​ទៀតថា ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ក៏​ទើប​អំពាវនាវ​ឱ្យ​គ្រប់​មន្ទីរ​សុខភាព​ខេត្ត​ ចុះ​បង្រៀន​អំពី​របៀប​ធ្វើ​រោគ​វិនិច្ឆ័យ​ទៅ​គ្រូពេទ្យ​ឯកជន​នៅ​ទូទាំង​ប្រទេស​ដែល​ពុំមាន​ជំនាញ​ព្យា​បាល​ជំងឺ​គ្រុនឈាម ​ដោយឱ្យ​ពួកគេ​យល់ដឹង​ និង​បញ្ឈប់​ការព្យាបាល​ពលរដ្ឋ​ ប្រសិនបើ​ដឹងថា​ ខ្លួន​គ្មាន​ឧបករណ៍​ឬ​ជំនាញ​ពិតប្រាកដ។ បើ​ពុំ​ដូច្នោះ​ទេ​នឹងត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់ ​នៅ​ពេល​ពួកគេ​នៅតែ​បន្ត​ព្យាបាល​ធ្វើឱ្យ​អ្នកជំងឺ​ស្លាប់​ត​ទៀត។

បើតាម​លោកវេជ្ជ​បណ្ឌិត​ លាង ឫទ្ធា ​ថ្វី​ដ្បិត​ឆ្នាំ ២០១៩ នេះ ​គឺជា​ឆ្នាំ​ផ្ទុះឡើង​ជំងឺ​គ្រុនឈាម​ខ្លាំង​បំផុត​ដែល​កើត​ឡើង​ក្នុង​រយៈ​ពី ៦ ​ទៅ​ ៧ ​ឆ្នាំ​ម្ដង​ក្ដី ​ប៉ុន្តែ​ក្រសួង​សុខា​ភិ​បាល​បាន​ត្រៀមខ្លួន​គ្រប់គ្រាន់​ហើយ​ទាំង​ការព្យាបាល​ដល់​ពលរដ្ឋ​ និង​វិធានការ​ទប់​ស្កាត់​មូស​ខ្លា។ លោក​ថា​ ដូចជា​ការត្រៀម​សេរ៉ូម​ព្យាបាល​ជិត ៧ ម៉ឺន​ប្លោក​ ថ្នាំ​អា​បែត​ ១៧២ តោន ​និង​ថ្នាំ​បាញ់​កម្ចាត់​សត្វ​មូស ៧ ពាន់​លីត្រ ​ដែល​ទឹក​ថ្នាំ​នេះ​ គឺ​ជម្រើស​ចុងក្រោយ​ត្រូវ​យកទៅ​បាញ់​នៅ​ទីតាំង​ណា​ដែល​កំពុង​ប្រឈម​ខ្លាំង​បំផុត​នឹង​ជំងឺ​គ្រុន​ឈាម។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុននេះ ​ក្រសួង​សុខាភិបាល​ក៏បាន​ជូន​ព័ត៌មាន​មួយ​ដើម្បីឱ្យ​ពលរដ្ឋ​រួមគ្នា​ប្រយុទ្ធនឹង​ជំងឺ​គ្រុនឈាម​ដែរ ស្រប​ពេល​អះ​អាង​ថា ​ជំងឺ​នេះ​អាច​ឆ្លង​ទៅដល់​មនុស្ស​គ្រប់​វ័យ​ទាំងអស់។ ​សត្វ​មូស​ខ្លា​ដែល​ជា​ប្រភព​ចម្លងជំងឺ​នេះ ​គឺ​វា​កើតឡើង​នៅក្នុង​ទឹកថ្លា​ស្អាត​ និង​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស។

ក្រសួង​បញ្ជាក់ថា ​ដើម្បី​គេចផុត​ពី​សេចក្ដីស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម ​គឺ​ប្រជាពលរដ្ឋ​ត្រូវ​សម្អាត​ទីធ្លា​ក្នុងផ្ទះ​និង​ខាងក្រៅ​ឱ្យ​បាន​ស្អាត​ដើម្បីឱ្យ​ទទួល​បាន​ពន្លឺ​ថ្ងៃគ្រប់គ្រាន់។ ធ្វើ ការលុបបំបាត់​ជម្រក​របស់​សត្វ​មូស​ដែលជា​សម្បក​កង់ឡាន​ឬ​ម៉ូតូ​ដែល​ទុក​ពាសវាល​ពាស​កាល ​លុបបំបាត់​កន្លែង​ទឹក​ដក់​ដែលមាន​ដង្កូវ​ទឹក ​និង​ត្រូវ​សម្អាត​ពាងទឹក​ និង​អាងទឹក​ជាដើម​ឱ្យ​បាន​ ១ ​សប្ដាហ៍​ម្ដង។

ជាពិសេស​ប្រសិនបើ​ក្ដៅខ្លួន​ខ្លាំង​ភ្លាមៗ​ ត្រូវ​ប្រ​ញាប់​ទៅពិនិត្យ ​និង​ទទួល​ការព្យាបាល​នៅតាមម​ន្ទីរ​ពេទ្យ​រដ្ឋ​ដូចជា​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ​កុំឱ្យ​យឺត​ជាង​ ៧២ ម៉ោង ​និង​មិន​ត្រូវ​សាកល្បង​ការព្យាបាល​ដោយ​ខ្លួនឯង​ ឬ​ទៅរក​ការព្យាបាល​ជា​មួយ​ពេទ្យ​​ឯកជន​ដែល​គ្មាន​សមត្ថភាព​ឡើយ។

ក្នុង​ឆ្នាំ ២០១៩ នេះ​ ជំងឺ​គ្រុនឈាម​ដែល​​កំពុង​ផ្ទុះឡើង​ខ្លាំង ​គឺ​មិនមែន​មាន​តែ​ក្នុងប្រទេស​កម្ពុជា​ឡើយ ​ប៉ុន្តែ​នៅ​ទូទាំង​តំបន់​អាស៊ី​អា​គ្នេយ៍ ​ក្នុង​នោះ​​មាន​ដូចជា​ប្រទេស​ ហ្វីលីពីន​ មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​ ៣០៣ ​នាក់​ក្នុងចំណោម​អ្នក​ឈឺ​សរុប​ ៧ ​ម៉ឺន ​២ ​ពាន់​នាក់​។ ប្រទេស​ ថៃ​ មាន​អ្នក​ជំងឺ​ជាង​ ៧ ម៉ឺន​នាក់​ ស្លាប់​ ៧០ នាក់ ​ប្រទេស​ ម៉ាឡេស៊ី​ មាន​អ្នក​ជំងឺ​ជាង​ ៥ ម៉ឺន​នាក់​ ស្លាប់ ​៧០ នាក់ ​និង​ប្រទេស​ វៀតណាម​ មាន​អ្នកជំងឺ​ជាង ៤ ម៉ឺន​នាក់​ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​ លាង ឫទ្ធា៕