
មនុស្សស្លាប់ដោយសារជំងឺកូវីដ ១៩ បានកើនឡើងដល់ចំនួន ៧ នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ហ៊ាន រង្សី
ភ្នំពេញៈ មនុស្សស្លាប់ដោយសារជំងឺកូវីដ ១៩ បានកើនឡើងដល់ចំនួន ៧ នាក់កាលពីម្សិលមិញ ក្រោយពីការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយហេតុតែការវាយលុកលឿននៃជំងឺនេះធ្វើឱ្យសួតរបស់អ្នកជំងឺរលាកធ្ងន់ធ្ងរ និងខ្សោយខ្លាំងដែលក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។
ជាក់ស្តែងនៅថ្ងៃម្សិលមិញ អ្នកជំងឺកូវីដ ១៩ ចំនួន ២ នាក់ទៀតបានស្លាប់បាត់បង់ជីវិតក្នុងនោះមានបុរសជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ រស់នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតជាជនជាតិចិនអាយុ ៤៣ ឆ្នាំ ស្នាក់នៅសណ្ឋាគារយ៉ុងយ័នក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែលពួកគាត់ទាំង ២ នាក់នេះបានឆ្លងវីរុសកូវីដ ១៩ កាលពីថ្ងៃទី ១៦ និងទី ១១ ខែមីនា ឆ្នាំ ២០២១ កន្លងមក។
យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឱ្យដឹងថា អ្នកជំងឺដែលជាជនជាតិខ្មែរបានដាក់ឱ្យសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke បន្ទាប់ពីតេស្តវិជ្ជមានកូវីដ-១៩ ហើយរហូតដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ដោយសារមានអាការហត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រុមគ្រូពេទ្យបានពិនិត្យសុខភាព និងធ្វើការថតសួតរបស់គាត់បង្ហាញថាគាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និងខ្សោយសួតខ្លាំង និងបានប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមនៅថ្ងៃដដែលនោះ រហូតមកដល់ថ្ងៃចុងក្រោយនេះ។ ប៉ុន្តែដោយសារការរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំងទៅៗ និងខ្សោយសួតខ្លាំងទៅៗ អ្នកជំងឺបានបាត់បង់ជីវិត ទោះជាមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាពពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ។
របាយការណ៍ដដែលបានបន្តថា បុរសជនជាតិចិនត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ បន្ទាប់ពីតេស្តវិជ្ជមានកូវីដ ១៩ រហូតដល់ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១ អាការបុរសនេះមានសភាពហត់ខ្លាំងជាមួយនឹងលទ្ធផលពីក្រុមគ្រូពេទ្យ ពិនិត្យឃើញថា មានការថយចុះនូវអុកស៊ីហ្ស៊ែនសម្រាប់ការដកដង្ហើមខ្លាំងក៏បានបញ្ជូនបន្តព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ ប៉ុន្តែស្ថានភាពរបស់គាត់ធ្ងន់ធ្ងរដូចនឹងអាការរបស់អ្នកជំងឺជនជាតិខ្មែរខាងលើដែរ។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថា៖ «ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសទាំង ២ ខាងលើ គឺបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ វាយលុកលឿនធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្សោយសួតខ្លាំងពេក»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងកាលពីសប្តាហ៍មុនថា នៅមានអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរជាច្រើនរូបទៀត ដែលក្រុមគ្រូពេទ្យកំពុងព្យាយាមជួយសង្គ្រោះដោយលោកស្រីធ្វើការអំពាវនាវដោយការអង្វរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នា ចៀសវាងឱ្យបាននូវការឆ្លងនូវវីរុសកូវីដ ១៩ នេះ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត វ៉ាន់ មិច ឯកទេសព្យាបាលជំងឺសួត ជំងឺហឺត និងអាលែ្លកហ្ស៊ីនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានលើកឡើងថា លោកមានបទពិសោធជាង ១ ឆ្នាំក្នុងការគ្រប់គ្រង និងព្យាបាលជំងឺកូវីដដោយគ្មានការភ័យខ្លាច ឬតក់ស្លុតឡើយ ប៉ុន្តែក្នុងរយៈពេល ១ ខែចុងក្រោយនេះគឺចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ លោកបែរជាមានភាពភ័យខ្លាច។
លោកបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកលោកថា៖ «ខ្ញុំមានអារម្មណ៍ ភ័យខ្លាច និងព្រួយបារម្ភណាស់ ពីព្រោះវាជាប្រភេទមេរោគប្រែរូបថ្មី (variant virus strain) ដែលក្នុងរយៈពេលតែ ២ ទៅ ៥ ថ្ងៃ វាវាយលុកចូលសួតធ្វើឱ្យរលាកសួតធ្ងន់ធ្ងរទាំងសងខាង»។
លោកវេជ្ជបណ្ឌិត វ៉ាន់ មិច បានបន្តថា មេរោគនេះគ្មានថ្នាំណាអាចសម្លាប់វាបានទេ គឺមានតែអនុវត្តឱ្យបានដាច់ខាតតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ ៣ កុំ និង ៣ ការពារទើបអាចទប់ស្កាត់ ឬកាត់បន្ថយការឆ្លងរាតត្បាតនៃមេរោគនេះបាន។
គួរបញ្ជាក់ផងដែរថា អ្នកជំងឺចំនួន ៧ នាក់ ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ក្នុងនោះមាន បុរសជនជាតិខ្មែរ អាយុ ៥០ ឆ្នាំស្លាប់កាលពីថ្ងៃទី ១១, ស្ត្រីជនជាតិខ្មែរ អាយុ ៦២ ឆ្នាំ បានស្លាប់នៅថ្ងៃទី ១៩, បុរសជនជាតិខ្មែរ អាយុ ៤៦ ឆ្នាំ បានស្លាប់នៅថ្ងៃទី ១៩, បុរសជនជាតិខ្មែរ អាយុ ៧៥ ឆ្នាំ បានស្លាប់នៅថ្ងៃទី ២១, ស្ត្រីជនជាតិខ្មែរ អាយុ ៦២ ឆ្នាំ បានស្លាប់នៅថ្ងៃទី ២៤ និង ២ នាក់ចុងក្រោយបុរសជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ និងបុរសជនជាតិចិន អាយុ ៤៣ ឆ្នាំ ដែលបានស្លាប់នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១។
ចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍នៅថ្ងៃម្សិលមិញមានរហូតដល់ ៥៥ នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍នេះមានរហូតទៅដល់ ១ ៣៤៨ នាក់ ខណៈថ្ងៃនេះក៏មានអ្នកដែលបានព្យាបាលជាសះស្បើយចំនួន ២៣ នាក់ផងដែរ។
នៅថ្ងៃម្សិលមិញនេះដែរ ក្រសួងសុខាភិបាលបានរកឃើញអ្នកដែលឆ្លងថ្មីក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានចំនួន ៥៥ នាក់ក្នុងនោះនៅទីក្រុងភ្នំពេញមានរហូតដល់ ៥០ នាក់ ខណៈខេត្តចំនួន ៥ ផ្សេងទៀតមានអ្នកឆ្លងតែ ១ នាក់ប៉ុណ្ណោះក្នុង ១ ខេត្ត គឺខេត្តសៀមរាប ត្បូងឃ្មុំ កណ្តាល ព្រះសីហនុ និងខេត្តកំពង់ធំ។
គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដសរុបចំនួន ១ ៨៧២ នាក់ក្នុងនោះអ្នកដែលបានជាសះស្បើយចំនួន ១ ០៥៦ នាក់អ្នកកំពុងសម្រាកព្យាបាលចំនួន ៨០៩ នាក់ និងមានអ្នកស្លាប់ចំនួន ៧ នាក់។
ដោយឡែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមានការពង្រឹងវិធានការសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្តាគោលដៅចត្តាឡីស័កទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
លោកថា៖ «គ្រប់គោលដៅចត្តាឡីស័កទាំងអស់ គឺស្ថិតក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ហើយក្រុមការងារគ្រប់គ្រងទីតាំងចត្តាឡីស័កត្រូវដាក់កម្លាំងប្រចាំការ ២៤ ម៉ោង»។
លោក ឃួង ស្រេង បានបន្តថា ចំពោះពេលវេលាដែលអាចអនុញ្ញាតឱ្យនាំចូលនូវកញ្ចប់អាហារ ឬសម្ភារផ្សេងៗជូនដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កត្រូវបានកំណត់ទៅតាមរបបអាហារ ៣ ពេល។ ទន្ទឹមគ្នានោះដែរ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានស្នើឱ្យអគ្គនាយកដ្ឋានពន្ធនាគារត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការសុខាភិបាលនានា ការថែរក្សាសុខភាព និងអនាម័យចំពោះជនជាប់ឃុំ ដើម្បីបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ដល់មន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំទាំងអស់នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានាទូទាំងប្រទេស៕