កណ្តាលៈ ពលរដ្ឋ​ដែល​ស្លាប់​ដោយសារ​ផឹក​ស្រាស​និង​ស្រា​ត្រាំ​ថ្នាំ ដែលមាន​លាយ​សារធាតុ​មេ​តា​ណុល​លើស​កម្រិត បាន​កើន​ដល់ ១១ នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី ១៩ ខែឧសភា ក្នុងស្រុក​ល្វាឯម និង​ម្នាក់ទៀត ​កំពុងស្ថិត​ក្នុងស្ថានភាព​សង្គ្រោះ​បន្ទាន់​នៅក្នុង​មន្ទី​រពេទ្យ។

លោក ឌឹ​ម ថេ​ង អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២១ នេះថា ចំពោះ​ករណី​ស្លាប់ និង​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​ទាំង ១២ នាក់ នេះ​ត្រូវបាន​រកឃើញថា ពួកគាត់​បានផឹក​ស្រាស និង​ស្រា​ត្រាំ​ថ្នាំ​ ដែលមាន​លាយ​សារធាតុ​មេ​តា​ណុល​លើស​កម្រិត។

លោក ឌឹ​ម ថេ​ង ពន្យល់ថា ចំពោះ​ស្រាជាទូទៅ​ត្រូវបាន​អនុញ្ញាត​ឱ្យមាន​សារធាតុ​មេ​តា​ណុលចំនួន ០,៥ ភាគរយប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុង​ករណីនេះ គឺ​ពួកគាត់​ផឹកស្រា​ដែលមាន​សារធាតុ​មេ​តា​ណុល លើស​កម្រិត ដោយ​ក្នុងម្នាក់ៗ បាន​ពិសារ​ស្រា​ដែលមាន​លាយ​សារធាតុ​មេ​តា​ណុល​ក្នុងរ​វ​ង្វ​ង់ពី​ ១ លីត្រ ឬ ៧០ មី​លី​លីត្រ។

លោក ឌឹ​ម ថេ​ង ថ្លែងថា៖ «ខ្ញុំ​សូមបញ្ជាក់ថា ​ការធ្វើ​តេស្ត​លើ​ស្រា ដែល​ពលរដ្ឋ​បាន​ពុល​ស្លាប់ នៅ​ស្រុក​ល្វាឯម​នេះ ដោយ​លទ្ធផល​មកពី​មន្ទីរពិសោធន៍ គឺ​រកឃើញ​ស្រា​ត្រាំ​ថ្នាំ មាន​សារធាតុ​មេ​តា​ណុល ១១,៣ % ស្រាស រកឃើញ​សារធាតុ​មេ​តា​ណុល ៧,៣ %។ នេះ គឺជា​លទ្ធផល​ចុងក្រោយ»។

បើតាមលោក ឌឹ​ម ថេ​ង ចំពោះ​ករណីនេះ មន្ត្រី​ជំនាញ​របស់លោក កំពុងតែ​ស្រាវជ្រាវ​បន្ត ថា គាត់​លាយ​ខ្លួនឯង ឬអ្នកលក់ ជា​អ្នក​លាយ ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់។

ទោះជា​យ៉ាងណា​លោកបញ្ជាក់ថា ការពុល​ស្រា​ភាគច្រើនមិនមែនមកពី​ការផលិត ឬបិតស្រា​នោះទេ គឺ​ដោយសារតែអ្នក​ពិសារ​ស្រា ឬអ្នក​ដែល​លក់​ស្រា​ ជា​អ្នក​លាយ​សារធាតុ​មេ​តា​ណុល​ហួស​កម្រិត។

លោក ឌឹ​ម ថេ​ង ថ្លែងថា៖ «ប្រជាពលរដ្ឋ​ខ្មែរ​យើង​ភាគច្រើន គឺ​មិនទាន់​យល់ហើយ​ចាត់ទុកថា មេ​តា​ណុល មិនមែនជា​សារធាតុពុល​នោះទេ ។ គាត់​យល់ច្រឡំ​ថា មេ​តា​ណុល​ហ្នឹង​ជា​មេស្រា ដាក់​លាយ​ទៅ វា​ខ្លាំង និង​វិល និង​មួយទៀត គាត់​អត់​ដឹងថា ដាក់​អាហ្នឹង​ទៅ​ពុល​ដល់​ស្លាប់​នោះទេ អីចឹង​ហើយ​បាន​គាត់​លាយ​ទៅ»។

បើតាមលោក ឌឹ​ម ថេ​ង ការដាក់​លាយ​សារធាតុ​មេ​តា​ណុល​នេះ​ជាមួយនឹង​ស្រាស ឬ​ស្រា​ត្រាំ​ថ្នាំ មិន​ត្រឹមតែ​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​ស្លាប់​នោះទេ ប៉ុន្តែបើ​ពុល​មិនទាន់​ស្លាប់​ក៏​ធ្វើឱ្យ​ង​ងិ​ត​ភ្នែក និងប៉ះពាល់​ដល់​ប្រព័ន្ធ​ខួរក្បាល​ថែមទៀត​ផងដែរ។

លោក ហេង សុផល អធិការ​ស្រុក​ល្វាឯមថ្លែងថា មន្ត្រី​ជំនាញ​បាន​ចុះមក​សួរនាំ និង​បាន​ប្រមូលទិញ​ទាំង​ស្រាស និង​ស្រា​ត្រាំ​ថ្នាំ​ទាំងអស់​ ដើម្បី​យកទៅ​ពិនិត្យ​នៅ​ឡា​បូ​ពិសោធន៍ ប៉ុន្តែលោកមិនទាន់​ទទួលបាន​លទ្ធផល​ថា ពលរដ្ឋ​ដែល​ស្លាប់​នេះ ដោយសារ​ពុល​ស្រា ឬ​យ៉ាងណាទេ ប៉ុន្តែ​អ្នក​ទាំងអស់គ្នា​ជា​អ្នកញៀន​ស្រា។

ទោះជា​យ៉ាងណា លោក ហេង សុផល​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅពេលដែល​ចុះមក​ពិនិត្យ​ដោយផ្ទាល់បាន​បិទ​ដេប៉ូ​ចែកចាយ​ និងកន្លែង​បិតស្រា​មួយចំនួន ដោយ​ហាម​មិន​ឱ្យមាន​ចរាចរណ៍ ឬ​ផលិត​នូវ​ស្រាស និង​ស្រា​ត្រាំ​ថ្នាំ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​អនុវត្ត​នីតិវិធី​បន្ត។

បើតាមលោក ហេង សុផល ករណី​ពលរដ្ឋ​ពុល​ស្រា​បណ្តាលឱ្យស្លាប់​នេះ បានកើត​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ស្ថិតនៅ​ក្នង​ភូមិ​ស្គរ ឃុំ​សារិកា ស្រុក​ល្វាឯម ខេត្តកណ្តាល ដោយ​ពួកគាត់​បាន​ទៅ​ចូលរួម​កំដរ បុណ្យសព​ឈ្មោះ ម៉ន ង​ន អាយុ ៥១ ឆ្នាំ៕