ព្រះវិហារ/សៀមរាបៈ អ្នក​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​បាន​អះអាង​ថា សម្ទុះ​នៃ​ការចូល​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-​ភ្នំ​ពក ក្នុងស្រុក​ចំនួន​ ២ ក្នុង​ខេត្តព្រះវិហារ និង​ស្រុក​មួយ​​ក្នុង​ខេត្ត​សៀមរាប​ពី​សំណាក់​ពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​នាពេល​ថ្មីៗ​នេះ ដែល​ជា​ការបង្ហាញ​សញ្ញា​មិនល្អ​សម្រាប់​ជម្រក​សត្វព្រៃ​។

លោក Ben Devis អ្នក​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​ជនជាតិ​អាមេរិក​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-ភ្នំពក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពីថ្ងៃ​ទី​ ២៨ ធ្នូ​ថា ពលរដ្ឋ​ចូល​កាប់​ឈើ​សម្រាប់​ធ្វើ​អាជីវកម្ម​ហាក់​នៅមាន​ធម្មតា​។ ប៉ុន្តែ​អ្នក​ព្យាយាម​ចូលកាន់​កាប់​ដី​មាន​ច្រើនជាង​មុន ហើយ​ភាគច្រើន​ជា​អ្នក​ចំណាកស្រុក​មកពី​ខេត្ត​ផ្សេងៗ​តែ​អ្នក​នៅទីនេះ​មិនសូវ​មាន​ទេ​។

លោក​បាន​បន្តថា តាម​ការសង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​បាន​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​នេះ​បាន​បោះ​ព្រំដី តាមរយៈ​កាប់​ដើមឈើ​ធ្វើ​បង្គោល និង​បាញ់ថ្នាំ​ចំណាំ​ព្រំដី​របស់​ពួកគេ​។ នៅពេល​លោក​សួរ ខណៈ​ចុះ​ល្បាត​ឃើញ​ពួកគេ​ឆ្លើយថា​មកពី​ខេត្តបាត់ដំបង​។ ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ឃើញ​បង្គោល​ព្រំដី​ច្រើន​ទីតាំង​ផងដែរ​ដែលជា​សញ្ញា​មិនល្អ​សម្រាប់​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-ភ្នំ​ពក​។

លោក Ben បាន​បញ្ជាក់ថា​៖ «​អ្នក​ដែល​ចូល​ទៅ​ទន្ទ្រាន​យក​ដី​គឺ​អ្នកខ្លះ​ដើម្បី​បាន​ដី​សម្រាប់​រស់នៅ ប៉ុន្តែ​ភាគតិច​ណាស់ និង​អ្នក​ខ្លះទៀត​ដើម្បី​យក​ធ្វើ​អាជីវកម្ម​ដែល​ភាគច្រើន​គឺជា​អ្នកធំ និង​អ្នកមាន​លុយ ដោយ​បាន​ជួល​អ្នកផ្សេង​ឱ្យមក​ទន្ទ្រាន​យក​ដី​នេះ​»​។ ក៏ប៉ុន្តែ​លោក​ថា​​ដី​ដែល​ទន្ទ្រាន​នេះ​គឺ​មិន​អាច​យក​ទៅ​ធ្វើ​កសិកម្ម​បាន​នោះ​​ទេ ព្រោះ​ជា​ដី​ប្រភេទ​ថ្ម​។

លោក​បន្ថែមថា​៖ «​គេ​ប្រាប់​ពលរដ្ឋ​ថា បើ​ចាប់ដី​បាន​គេ​ចែកគ្នា​។ ​ឧទាហរណ៍ បើ​ចូល​​ទន្ទ្រាន​កាន់កាប់​ដី​បាន​ ១០ ​ហិកតា ​គេ​ចែក​ពាក់កណ្តាល​ម្នាក់ ហើយ​ករណីនេះ យើង​ចាប់បាន​ពលរដ្ឋ​ចំនួន​ ២ ​នាក់​ដាក់​ពន្ធនាគារ​កាលពី​ ២ ​សប្តាហ៍​មុន ដោយ​ពួកគាត់​បាន​អះអាង​ថា ​ដី​ហ្នឹង​គឺជា​ដី​របស់​ថៅកែ​របស់គាត់​ទាំងអស់​»​។

បើតាម​លោក Ben ភាគច្រើន​នៃ​អ្នក​ចូល​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​នេះ គឺ​ពួកគេ​រក​ម៉ូយ​ទិញ​បាន​ភ្លាម ដោយ​ពួកគាត់​មិន​ចង់​រស់នៅ​ទីនោះ​ទេ ហើយ​​ដី​ដែល​ពួកគេ​ចាប់បាន​នេះ ធ្វើ​ដំណាំ​ក៏​មិនកើត​ដែរ សូម្បីតែ​ដាំ​ដើម​ស្វាយចន្ទី​ក៏​មិនអាច​រស់​ដែរ ព្រោះ​ជា​ដី​មាន​ថ្ម​ច្រើន​។

លោក​ Ben ​បាន​បង្ហាញ​ការងឿង​ឆ្ងល់​ថា លោក​ហាក់​មិន​​យល់​ពី​ទឹកចិត្ត​របស់​ពលរដ្ឋ​ដែល​​នៅតែ​បន្ត​ចូល​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-ភ្នំ​ពក​នេះ​ទេ ព្រោះ​ជា​ប្រភេទ​ដី​ធ្វើ​កសិកម្ម​មិនកើត​។ ​ប៉ុន្តែ​ការទន្ទ្រាន​ចូលកាន់​កាប់​ដី​នេះ​ប្រហែល​យក​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​​រ៉ែ​ ឬ​ក្រុមហ៊ុន​ផ្សេងទៀត​។ ​តាម​ការសង្កេត​របស់​លោក​នៅក្នុង​ខែធ្នូ​នេះ​មាន​ពលរដ្ឋ​ដែល​ចូល​​ទៅ​ទន្ទ្រាន​យក​ដី​ច្រើន​ទីតាំង​ក្នុង​តំបន់​នេះ​ដោយមាន​ជាង​ ៥០ ​ហិកតា​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​​ព្រៃឈើ និង​សត្វព្រៃ​ផងដែរ​។

លោក សុង ច័ន្ធសុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​បាន​ឱ្យ​ដឹងថា លោក​មិន​​ទាន់​ទទួល​របាយការណ៍​ថ្មីៗ​ជុំវិញ​ការចូល​ទន្ទ្រាន​កាន់កាប់​ដី​​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-ភ្នំ​ពក​នេះ​ទេ ប៉ុន្តែ​លោក​ថា​​កន្លងមក​ធ្លាប់​ទទួល​បាន​របាយការណ៍​ពី​ការបញ្ជូន​បុរស​ ២ ​នាក់​​ទៅ​តុលាការ​ និង​ឃុំខ្លួន​បណ្តោះ​អាសន្ន​ជុំវិញ​ការទន្ទ្រាន​កាន់កាប់​ដីធ្លី​នេះ​។

លោក​ថា​៖ «​តាមច្បាប់​អ្នក​ដែល​ចូល​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​​ដែនជម្រក​សត្វព្រៃ និង​តំបន់​អភិរក្ស​នឹង​ត្រូវ​ផ្តន្ទាទោស​»​។

លោក ឡោ ចាន់ អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្តព្រះវិហារ​​បាន​ឱ្យ​ដឹង​ដែរ​ថា លោក​ទទួល​បាន​ព័ត៌មាន​ក្រៅផ្លូវការ​ដោយ​មិនទាន់​ជា​លាយលក្ខណ៍អក្សរ​​ ឬ​របាយការណ៍​ពី​ខាង​ណាមួយ​ទេ​។ ​ប៉ុន្តែ​លោក​ថា ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-ភ្នំ​ពក​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន និង​លោក Ben នេះ មាន​​ពលរដ្ឋ​មួយចំនួន​បាន​ចូលទៅ​ទន្ទ្រាន និង​កាន់កាប់​ដោយ​ខុសច្បាប់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនមែន​កាន់ជើង​ខាង​ភាគី​ណាមួយ​ទេ​​គឺមាន​បងប្អូន​ប្រជាពលរដ្ឋ​ចំណូលស្រុក​ក៏ដូចជា​បងប្អូន​យើង​ដែល​រស់នៅក្នុង​តំបន់​ហ្នឹង​បាន​ទៅ​រំលោភ​យក​ដី​សហគមន៍​ក៏ដូចជា​ដី​តំបន់​ការពារ និង​ដី​ស្ថិត​នៅ​ក្រោម​ការមើលថែ​ពី​លោក​ Ben ក៏មានដែរ​»​។

បើតាម​លោក ឡោ ចាន់ បើ​ពលរដ្ឋ​គ្មាន​ដី​សម្រាប់​រស់នៅ​គឺ​ពួកគាត់​អាចដាក់​ពាក្យស្នើសុំ​ទៅ​អាជ្ញាធរ​ដើម្បី​បាន​ដីសម្បទាន​សង្គមកិច្ច​ទៅ​តាម​លទ្ធភាព​ដី​ដែល​រដ្ឋ​ផ្តល់ឱ្យ​ដោយ​មិនគួរណា​ទៅ​ទន្ទ្រាន​កាន់កាប់​យក​ដី​ដែលមាន​ការការពារ ឬ​ជា​ដី​អភិរក្ស​នោះទេ​។

យោងតាម​អនុក្រឹត្យ​លេខ​ ១៤៣ អនក្រ.បក ចុះ​ថ្ងៃទី​ ៣១ ​ខែ​សីហា ឆ្នាំ​ ២០១៧ ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-ភ្នំ​ពក​ត្រូវបាន​បង្កើតឡើង​ដោយ​មាន​ផ្ទៃដី​ចំនួន ៤២ ០៩៧ ​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គមថ្មី និង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប​៕