
ភ្នំពេញៈ ការចោទប្រកាន់ទៅលើលោក កឹម សុខា ប្រធានស្តីទី និងសំណួរអំពីការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលនិរទេសខ្លួនឯងនោះ ត្រូវបានចុះផ្សាយក្នុងទំព័រសារព័ត៌មាននាប៉ុន្មានសប្តាហ៍ថ្មីៗ នេះ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីម្សិលមិញថា ខ្លួនមានទំនុកចិត្តថា គោលនយោបាយរបស់ខ្លួនបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។
រយៈពេលពីរសប្តាហ៍នៃយុទ្ធនាការឃោសនាបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ ហាក់បីដូចជាពុំមានចុះផ្សាយច្រើនអំពីគោលនយោបាយរបស់គណបក្សទេគឺផ្សាយអំពីលក្ខណសម្បតិ្ត និងរឿងអាស្រូវភាគច្រើន។ ប៉ុន្តែ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងកាលពីម្សិលមិញថា គណបក្សរបស់លោកបានផ្សាយអំពីគោលនយោបាយរបស់គណបក្សយ៉ាងទូលំទូលាយ។ លោកបានបញ្ជាក់ថា៖ «យើងកំពុងតែផ្ញើសារដដែលៗ គឺគោលនយោបាយប្រាំពីរចំណុច»។
ប្រាំពីរចំណុចនោះត្រូវបានគូសបញ្ជាក់ក្នុងខែធ្នូ នៅពេលលោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា គណបក្សកំពុងតែខិតខំឃោសនា ផ្តោតលើបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដូចជាការអប់រំ ការថែទាំសុខភាពប្រាក់ឈ្នួលកសិកម្ម និងគម្រោងសោធននិវត្តន៍ដើម្បីផ្តល់ជម្រើសផ្សេងពិតៗដល់ប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា៖ «យើងកំពុងប្រែក្លាយពីបក្សប្រឆាំងទៅជាជម្រើសជាក់ស្តែងសម្រាប់ រដ្ឋាភិបាល»។ ទោះជាយ៉ាងណាក្រៅពីប្រាក់ឈ្នួល បញ្ហាទាំងនោះមួយចំនួនតូចពុំត្រូវបានផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយទេ ចាប់តាំងពីពេលនោះមក។ លោក សុវណ្ណ បានលើកឡើងថា ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បានផ្តោតលើយុទ្ធនាការតាមផ្ទះ និងចែកខិតប័ណ្ណ ដើម្បីធានាថា ប្រជាជន ដឹងអំពីគោលនយោបាយរបស់ខ្លួន។ «យើងបានសរសេរគោលនយោបាយឲ្យខ្លី ព្រោះវាងាយស្រួលសម្រាប់ប្រជាជនយល់។ «ពេលយើងប្រមូលផ្តុំគ្នា យើងពន្យល់វាឲ្យលម្អិតថែមទៀត»។ ប៉ុន្តែសារទាំងនោះពុំត្រូវបានជ្រួតជ្រាបទេ។ «ដូរ ឬមិនដូរ?»បានក្លាយជាសម្រែកយ៉ាងពេញនិយម ក្នុងយុទ្ធនាការឃោសនារបស់គណបក្សសង្គ្រោះជាតិ ក្នុងអំឡុងពេល២សប្តាហ៍មកនេះ។ ច្បាស់ណាស់ ចម្លើយគឺ«ដូរ» ប៉ុន្តែ មិនទាំងអស់គ្នាទេ ដែលដឹងច្បាស់ថាតើការដូរអ្វីខ្លះ ដែលនឹងរង់ចាំពួកគេ ប្រសិនបើគណបក្សសង្គ្រោះជាតិ ឡើងកាន់អំណាចនោះ។
និស្សិតម្នាក់ ដែលចូលរួមយុទ្ធនាការនៅមុខរដ្ឋសភា កាលពីម្សិលមិញបានថ្លែងថា៖ «ខ្ញុំមិនខ្វល់អំពីគោលនយោបាយរបស់គណបក្សទេ។ ខ្ញុំមិនបានស្តាប់ថា តើគោលនយោបាយជាអ្វីទេ។ ខ្ញុំចូលរួមព្រោះខ្ញុំចង់ឃើញគេតទល់នឹងគណបក្សប្រជាជន»។
មិនឆ្ងាយប៉ុន្មានទេ នៅក្នុងការប្រមូលផ្តុំគ្នារបស់គណបក្សប្រជាជន នៅសួនវត្តបទុម អ្នកចូលរួមយុទ្ធនាការបានបង្ហាញរូបរបស់លោក ហ៊ុន សែន ពាក់មួក និងអាវយឺតគណបក្សប្រជាជន។
និស្សិតស្រីវ័យក្មេងម្នាក់ បានថ្លែងថា៖ «ខ្ញុំមិនយល់ទេថាតើ គោលនយោបាយរបស់គណបក្សប្រជាជន មានអ្វីខ្លះនោះ។ ខ្ញុំមកទីនេះ ព្រោះខ្ញុំស្រឡាញ់សម្តេច ហ៊ុន សែន»។
យុវជនអាយុ ២០ ឆ្នាំម្នាក់ ដែលអង្គុយក្បែរនោះ បានថ្លែងថា លោកក៏មិនយល់ដែរថាតើគណបក្សប្រជាជននឹងផ្តល់អ្វីខ្លះ ប្រសិនបើខ្លួនឈ្នះឆ្នោតនោះ? លោកថ្លែងថា៖ «ខ្ញុំមិនដឹងអ្វីអំពីគោលនយោបាយរបស់ពួកគេទេ។ ខ្ញុំបានឮអ្វីដែលគេនិយាយតាមមីក្រូហ្វូន ប៉ុន្តែ ខ្ញុំមិនយល់អត្ថន័យទេ»។ សំឡេងស្រ្តីក្មេងម្នាក់ នៅក្បែរនោះ បានស្រែកប្រាប់អ្នកដំណើរថា បោះឆ្នោតឲ្យគណបក្សប្រជាជនគឺបោះឆ្នោត«គាំទ្រសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី»។ កញ្ញាបានថ្លែងថា គណបក្សប្រជាជននឹងផ្តល់ផ្លូវ និងស្ពាន ធានាបូរណភាពទឹកដី និងស្ថិរភាព និងលុបបំបាត់អំពើពុករលួយ។
អ្នកអត្ថាធិប្បាយខ្លះបានថ្លែងថា គោលនយោបាយរបស់គណបក្សធំៗ ពុំមានលក្ខណៈលម្អិតជាងនោះទេ។
ក្នុងមតិដែលចុះផ្សាយនាពេលថ្មីៗនេះ ក្នុងភ្នំពេញ ប៉ុស្តិ៍ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា វាហាក់ដូចជាងងឹតឈឹងទាំងស្រុងចំពោះការពិភាក្សាអំពីគោលនយោបាយ។ លោកបានថ្លែងថា៖ «ប្រជាជនចង់ឮថា រដ្ឋាភិបាលអនាគតនឹងធ្វើអ្វីខ្លះដើម្បីដោះស្រាយវិបតិ្តដីធ្លី បច្ចុប្បន្នថាតើខ្លួនដោះស្រាយអំពើពុករលួយដោយរបៀបណាថាតើខ្លួនពង្រឹងនីតិរដ្ឋដោយរបៀបណា ដើម្បីធានាឲ្យប្រជាជនគ្រប់រូបមានសិទិ្ធទទួលបានយុត្តិធម៌»។ គណបក្សទាំងពីរគួរត្រូវបានបន្ទោសចំពោះកង្វះនៃគោលនយោបាយបើទោះបីឈុតឆាកជុំវិញរឿងលោកកឹម សុខា ពុំបានជួយអីក៏ដោយ។
ទោះជាយ៉ាងណា លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ បានថ្លែងថា គោលនយោបាយចាប់ផ្តើមលេចឡើង ប៉ុន្មានថ្ងៃនេះ។ លោកបានបន្ថែមថា៖ «អ្វីដែលខ្ញុំមើលឃើញតាមទូរទស្សន៍ កាលពីយប់ម្សិលមិញ ហាក់ដូចជាអំពីគោលនយោបាយកាន់តែខ្លាំងឡើងក្នុងអំឡុងយុទ្ធនាការ ដែលបញ្ចាំងតាមទូរទស្សន៍គណបក្សប្រជាជន ផ្តោតលើការអភិវឌ្ឍឧស្សាហកម្ម និងការអប់រំ។ ខ្ញុំគិតថា រដ្ឋាភិបាលដឹងថា ការវាយប្រហារលើបុគ្គល មានផលវិបាកមកវិញ។ រឿងលោក កឹម សុខា បានធ្វើឲ្យមានការអាណិតថែមទៀតចំពោះលោក»។ នៅពេលប្រៀបធៀបនឹងការបោះឆ្នោតថ្នាក់ជាតិឆ្នាំមុន លោក ម៉ុងហៃ បានថ្លែងថា យុទ្ធនាការនេះកាន់តែបើកចំហ និងមានសន្តិភាព ដូច្នេះ ល្អប្រសើរសម្រាប់ប្រជាជនចូលរួម។លោកបានថ្លែងថា៖ «គណបក្សទាំងអស់អាចធ្វើយុទ្ធនាការបាន។ គ្មានកំហិត ហើយមិនសូវមានអំពើហិង្សាទេ»។ ដូច្នេះ គណបក្ស សង្គ្រោះជាតិ អាចប្រមូលផ្តុំចលនាធំដើម្បីផ្លាស់ប្តូរបើទោះបីជាគោលនយោបាយពុំត្រូវបានផ្សាយឲ្យច្បាស់លាស់ក៏ដោយ។លោក ម៉ុងហៃ បានថ្លែងថា ចេញពីខណៈនេះ គោលនយោបាយនឹងលើកយកមកឃោសនាថែមទៀត។ លោកបានបន្ថែមថា ប៉ុន្តែទីបំផុត បុគ្គលិកលក្ខណៈអាចធ្វើឲ្យគោលនយោបាយ ក្លាយជាចំណុចមិនសំខាន់ ដូចជាការវិលត្រឡប់របស់លោក សម រង្ស៊ី។ «យើងត្រូវគិតអំពីចំណុចនេះ»៕ TK