
ភំ្នពេញៈ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃសៅរ៍ បានប្រគល់ជូនគ្រឿងឥស្សរិយយសឲ្យក្រុមអ្នកជំនាញច្បាប់បរទេសបួនរូបដែលបានជួយជ្រោមជ្រែងកម្ពុជាឲ្យឈ្នះរឿងក្ដីប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ។
គ្រឿងឥស្សរិយយស មហាសេរីវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនទៅចៅក្រមកម្ពុជាប្រចាំទីក្រុង ឡាអេ លោក ហ្សីលប៊ែរ ហ្គីយ៉ូម សាស្រ្តាចារ្យបារាំង ហ្សង់-ម៉ាក់ សូរ៉ែល ជនជាតិអង់គ្លេស លោក ហ្វ្រាំគ្លីន បែរម៉ាន និងលោក រ៉ូដម៉ាន ប៊ុនឌី ជនជាតិ អាមេរិក។
រដ្ឋមន្រ្តីក្រសួង ការបរទេសលោក ហោ ណាំហុង បានប្រគលរង្វាន់មួយដល់សាស្រ្តាចារ្យលោក ហ្សង់-ម៉ាក់ សូរ៉ែល នៅក្រសួង ការបរទេសពីថ្ងៃសៅរ៍ ហើយអ្នកដទៃទៀតនឹងប្រគល់ជូននាពេលក្រោយដោយសារក្រុមអ្នកជំនាញទាំងនោះមានកិច្ចការរវល់ពុំអាចចូលរួមក្នុងពិធីបាន។
កម្ពុជាបានស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ ២០១១ ធ្វើការបកស្រាយសាលក្រមឆ្នាំ ១៩៦២ របស់ខ្លួនម្ដងទៀតជុំវិញជម្លោះប្រាសាទព្រះវិហារ និងដីដែលនៅជុំវិញប្រាសាទដែលធ្វើឲ្យមានការប៉ះទង្គិចតាមព្រំដែនដែលបង្កឲ្យមានមនុស្សស្លាប់ម្ដងហើយម្ដងទៀតជាមួយប្រទេស ថៃ នៅពេលដែលប្រាសាទព្រះវិហារបានត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ យូនីស្កូ នៅខែ កក្កដា ឆ្នាំ ២០០៨។
នៅថ្ងៃ ទី១១ ខែ វិច្ឆិកា ២០១៣ ICJ បានកំណត់ថាដីមានជម្លោះជាកម្មសិទ្ធិរបស់កម្ពុជា និងបានបញ្ជាឲ្យប្រទេសថៃដកកងទ័ពរបស់ខ្លួនចេញ។ ចាប់តាំងពីសាលក្រមតុលាការចេញមកកម្ពុជា និងថៃពុំទាន់បានពិភាក្សាពីការដកកងទ័ពចេញនៅឡើយទេ ដោយសារប្រទេសថៃមានជម្លោះផ្ទៃក្នុង។
លោក ហោ ណាំហុង បានលើកឡើងថា៖ «ខ្ញុំគិតថារដ្ឋាភិបាលមានការពេញចិត្តជាខ្លាំងលើកិច្ចប្រឹងប្រែងរបស់អ្នកជំនាញច្បាប់ទាំងបីរូបនេះ និងចៅក្រមកម្ពុជាប្រចាំទីក្រុង ឡាអេ មួយរូបទៀត ដែលនាំមកនូវលទ្ធផលវិជ្ជមានជាច្រើនចំណុចដល់កម្ពុជា»។
លោក ហ្សង់-ម៉ាក់ សូរ៉ែល បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានទទួលរង្វាន់ថា ក្រុមអ្នកជំនាញជួបប្រទះនូវភាពលំបាកជាច្រើននៅចំពោះមុខ ICJប៉ុន្តែចុងក្រោយកិច្ចប្រឹងប្រែងរបស់ពួកគេបានទទួលលទ្ធផលវិជ្ជមាន។លោក បន្តថា៖ «វាជាកិច្ចការដ៏លំបាកមួយនៅក្នុងលក្ខខណ្ឌច្បាប់ ប៉ុន្តែចុងក្រោយកម្ពុជាទទួលបានលទ្ធផលវិជ្ជមាន។ខ្ញុំសង្ឃឹម ថាលទ្ធផលនឹងផ្ដល់សន្តិភាពដល់កម្ពុជា និងថៃ ហើយនឹងផ្ដល់ឲ្យកម្ពុជានូវដែនដីក្រោមការត្រួតត្រារបស់ខ្លួនវិញចាប់តាំងពីឆ្នាំ ១៩៦២ មកនោះ»។
លោក ហោ ណាំហុង បាននិយាយថា កម្ពុជាកំពុងឃ្លាំមើលស្ថានភាពនៅប្រទេស ថៃ ខណៈមានជម្លោះផ្ទៃក្នុងបង្កឲ្យមានភាពវឹកវរ នឹងរង់ចាំរហូតទាល់តែប្រទេសនេះមានសភាពប្រក្រតីឡើងវិញមុននឹងមានកិច្ចចរចា។
លោកថា៖ «ដូចដែលអ្នកបានជ្រាបស្រាប់ហើយពីស្ថានភាពក្នុងប្រទេស ថៃ ថាវាយ៉ាងដូចម្ដេចនោះហេតុនេះយើងនឹងរង់ចាំរហូតទាល់តែប្រទេសនេះត្រឡប់មកសភាពប្រក្រតីវិញ បន្ទាប់មកយើងនឹងធ្វើការចរចាដែលទាមទារឲ្យថៃដកកងទ័ពរបស់ខ្លួនចេញ»៕