
បន្ទាយមានជ័យៈ រយៈពេលជាងមួយឆ្នាំមកហើយ ចាប់តាំងពីលោក សាត សេប មេដឹកនាំសហជីព ត្រូវបានបញ្ឈប់ពីកាស៊ីណូត្រូពីកាណា នៅក្នុងទីក្រុងប៉ោយប៉ែត ដោយការបញ្ឈប់នេះបានធ្វើឲ្យមានកូដកម្ម ហើយសមាជិកជាន់ខ្ពស់នៃសហព័ន្ធបុគ្គលិកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជាត្រូវបានបណ្តេញចេញពីបន្ទប់លេងល្បែងនៅក្នុង កាស៊ីណូ។
លោក សេប បានអះអាងកាលពីម្សិលមិញថា៖ «ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យាកម្មករប្រហែល ៣០០ នាក់។ កម្មករមួយចំនួនទទួលបានសំណង ប៉ុន្តែមិនគ្រប់ចំនួន ដែលពួកគេមានសិទិ្ធទទួលបានតាមច្បាប់នោះឡើយ»។
សេចក្តីសម្រេចពីមន្ទីរការងារខេត្តហើយក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបង្គាប់ឲ្យទទួលយកលោក សេប ចូលធ្វើការវិញ។ លោក សេប បានធ្វើការឲ្យកាស៊ីណូជាង ១០ ឆ្នាំ។ រហូតមកដល់ថ្ងៃនេះ លោកត្រូវបានគេហាមឃាត់ពីកាស៊ីណូ ហើយលោកថា ក្រុមហ៊ុននៅជំពាក់ប្រាក់លោកជាច្រើន។ នាប៉ុន្មានសប្តាហ៍ថ្មីៗនេះ បុគ្គលិករាប់រយនាក់ ដែលមិនពេញចិត្តនឹងលក្ខខណ្ឌការងារ បានធ្វើបាតុកម្មនៅកាស៊ីណូលេចធ្លោបំផុតនៅព្រះរាជាណាចក្រកម្ពុជា គឺ កាស៊ីណូ ណាហ្គាវើល ក្នុងរាជធានីភ្នំពេញ។
ប៉ុន្តែឆ្ងាយពីរាជធានីបុគ្គលិក និង សហជីពបានថ្លែងថា ករណីលោក សេប គឺជាឧទាហរណ៍នៃការប្រព្រឹត្តមកលើ និយោជិតខុសច្បាប់ និងក្រោមស្តង់ដារដែលជាញឹកញាប់ពុំត្រូវបានគេកត់សម្គាល់ឡើយនៅទីក្រុងប៉ោយប៉ែត។
កញ្ញា មាលីស (មិនមែនជាឈ្មោះពិតប្រាកដ)ជាបុគ្គលិកនៅសណ្ឋាគារ និងកាស៊ីណូហូលីដេផាលេសបានថ្លែងថា៖«លក្ខខណ្ឌការងារនៅទីនេះគឺមិនល្អទេ»។
កញ្ញាបានបន្ថែមថា បន្ទាប់ពីធ្វើការជាង ៥ ឆ្នាំនៅកាស៊ីណូ នាងនៅតែធ្វើការប្តូរវេន ដែលពុំធ្វើឲ្យកញ្ញាដេកសម្រាកតាមទម្លាប់ធម្មតារបស់ខ្លួនបានឡើយ។
កញ្ញា បានឲ្យដឹងទៀតថា៖ «ខ្ញុំនៅតែធ្វើការពីម៉ោង ៧ យប់ដល់ម៉ោង ៣ ព្រឹក ហើយយើងត្រូវគេព្រមានជាលាយ លក្ខណ៍អក្សរ ប្រសិនបើអតិថិជនត្អូញត្អែរពីការបំពេញការងារមិនបានល្អរបស់យើង។ បន្ទាប់មក គេនឹងបញ្ឈប់យើង»។ នៅពេលកញ្ញា ម៉ាលីស ថ្លែងប្រាប់អ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ កញ្ញា កំពុងដើរតាមផ្លូវងងឹតនៅខាងក្រៅកាស៊ីណូ ដើម្បីរកទិញអាហារ។ កញ្ញាបន្តថា៖ «អាហារនៅកាស៊ីណូមិនល្អទេ»។
បុគ្គលិកដទៃទៀតបានថ្លែងថា កាស៊ីណូបានកាត់ប្រាក់ពីប្រាក់ខែរបស់ពួកគេសម្រាប់ម្ហូបអាហារទោះបីពួកគេហូបឬមិនហូបក៏ដោយហើយសម្រាប់ការដឹកជញ្ជូនតាមរថយន្តគឺមានមនុស្សជិះច្រើនកកកុញ។
ពន្លឺភ្លើងភ្លឺចែងចាំងនៅកាស៊ីណូក្នុងទីក្រុងប៉ោយប៉ែតគឺស្ថិតនៅរវាងច្រកពិនិត្យលិខិតឆ្លងដែនកម្ពុជា និងថៃ។ ថៃពុំត្រូវបានអនុញ្ញាតឲ្យលេងល្បែងក្នុងប្រទេសគេទេ ហើយជនជាតិថៃ អាចឆ្លងកាត់ព្រំដែន ចូលក្នុងតំបន់កាស៊ីណូដោយពុំចាំបាច់ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យលិខិតឆ្លងដែនកម្ពុជាឡើយ។ ប្រជាជនកម្ពុជាក៏អាចចូលទៅក្នុងតំបន់នោះបានដែរ ប៉ុន្តែ តាមច្បាប់មិនអាចលេងល្បែងនៅកាស៊ីណូឡើយ តែតាមពិតគេឃើញប្រជាជនកម្ពុជាជាច្រើនបានលេងល្បែងនៅទីនោះ។
បុគ្គលិកម្នាក់ ដែលភ័យខ្លាចត្រូវគេបញ្ឈប់ពីការងារប្រសិនបើឈ្មោះរបស់គាត់ត្រូវបានបោះពុម្ពផ្សាយនោះ បានថ្លែងថា៖ «កាស៊ីណូខ្ញុំអនុញ្ញាតឲ្យអតិថិជនខ្មែរលេង២៤ ម៉ោង ក្នុងមួយថ្ងៃ។ វាងាយស្រួល។ នៅពេលប្រជាជនកម្ពុជានៅក្នុងកាស៊ីណូ គេបិទកាមេរ៉ា»។
លោកបន្តថា ប្រជាជនកម្ពុជាជាច្រើននាក់បានព្យាយាមនិយាយថៃនៅពេលពួកគេចូលទៅក្នុងកាស៊ីណូ ប៉ុន្តែ លោកបានបន្ថែមថា នេះមិនមែនងាយស្រួលសង្កេតមើលទេ។ លោកបានបន្ថែមថា៖«ជាញឹកញាប់នៅពេលពួកគេចាញ់ពួកគេស្រែកជេរជា ភាសាខ្មែរ»។បុគ្គលិករូបនេះបានបន្ថែមថា បុគ្គលិកនៅកាស៊ីណូមិនចង់ធ្វើសកម្មភាពមិនស្របច្បាប់ទេ ប៉ុន្តែពួកគេពុំមានអំណាចជំទាស់ឡើយ។
បុគ្គលិកកាស៊ីណូ ហូលីដេផាលេសម្នាក់បានបន្តថា៖ «អាជ្ញាធរហាក់បីដូចជាមិនមើលបញ្ហានេះទេ ប្រហែលពួកគេត្រូវការសំណូកពីកាស៊ីណូ»។ បុរសម្នាក់ ជាបុគ្គលិកមានបទពិសោធពាក់ឯកសណ្ឋានបានថ្លែងថា ក្រសួងមហាផ្ទៃមានករណីយកិច្ចបញ្ឈប់សកម្មភាពខុសច្បាប់។ សន្តិសុខពីហូលីដេផាលេស ដែលប្រាប់ឈ្មោះថា ស្រី លាភ បានថ្លែងថា ប្រជាជនកម្ពុជាពុំត្រូវបានអនុញ្ញាតឲ្យលេងល្បែងនៅកាស៊ីណូទេ។ កញ្ញាបានបន្ថែមថា៖ «ប៉ុន្តែ ពេលខ្លះ យើងមិនមែនតែងតែធ្វើតាមវិធានទាំងនោះឡើយ»។
តំណាងពី ត្រូពីកាណា បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយទេ ខណៈលោក ខេង ស៊ុំ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា លោកពុំដឹងអំពីសកម្មភាពខុសច្បាប់នៅកាស៊ីណូ ប៉ោយប៉ែតឡើយ។ លោកបានបន្ថែមថា៖«នគរបាលសន្តិសុខកណ្តាលនៅក្រសួងមហាផ្ទៃនៅរាជធានីភ្នំពេញ មានករណីយកិច្ចត្រូវស៊ើបអង្កេត»។
លោក សុខ ផល ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខនៃក្រសួងមហាផ្ទៃបានថ្លែងថា លោកជាប់រវល់ ដោយបង្វែរសំណួរឲ្យទៅសួរនគរបាលជាតិវិញ ដែលភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងអ្នកនាំពាក្យសុំការអត្ថាធិប្បាយបានទេ។
លោក Dave Welsh នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកដើម្បីសាមគ្គីភាពការងារអន្តរជាតិ បានថ្លែងថា អាជ្ញាធរពុំបានធ្វើគ្រប់គ្រាន់ដើម្បីធានាថា កាស៊ីណូ ដែលភាគច្រើនជារបស់បរទេសមិនបានគោរពតាមច្បាប់កម្ពុជាទេ។ លោកបានបន្ថែមថា៖ «គ្មានកាស៊ីណូគោរពតាមច្បាប់ និងសេរីភាពបង្កើតសហជីពឡើយ»។
លោក Welsh បានបន្ថែមថា សិទិ្ធរបស់កម្មករនៅតែស្ថិតក្នុងគ្រោះថ្នាក់ ប្រសិនបើសេរីភាពបង្កើតសហជីពនៅតែគ្មានចំពោះកម្មករនៅទីក្រុងប៉ោយប៉ែត។ លោកបានឲ្យដឹងទៀតថា៖ «អំណាចក្រុមហ៊ុនបរទេសកំពុងតែកំណត់លក្ខខណ្ឌការងារនៅទីក្រុង ប៉ោយប៉ែត»។
លោក សេប ប្រធានសហជីព ដែលត្រូវបានបញ្ឈប់នោះ នៅតែតំណាងនិយោជិកជាង១០០ នាក់នៅត្រូពីកាណា បើទោះបីជានៅឆ្ងាយក៏ដោយ។ លោកបានថ្លែងថា លក្ខខណ្ឌការងារនៅកាស៊ីណូបានល្អប្រសើរឡើង ចាប់តាំងពីកើតមានកូដកម្ម។ លោកបន្តថា៖ «កាស៊ីណូបានផ្លាស់ប្តូររដ្ឋបាលរបស់ខ្លួនពីថៃមកខ្មែរ។ ឥឡូវនេះ គេគោរពតាមថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់ខ្មែរ»។
ប៉ុន្តែ ប្រាក់អតីតភាពការងារនៅតែពុំទាន់បង់ហើយកម្មករនៅតែទទួលប្រាក់ខែជាប្រាក់បាត ដែលពួកគេត្រូវប្តូរជាប្រាក់រៀល។
ទោះជាយ៉ាងណា បុគ្គលិកនៅកាស៊ីណូត្រូពីកាណាម្នាក់ ដែលបដិសេធមិនបញ្ចេញឈ្មោះ បានថ្លែងថា លក្ខខណ្ឌការងារបានល្អប្រសើរឡើងចាប់តាំងពីកូដកម្មមក។ លោកបានបន្តថា៖ «មេការនៅកាស៊ីណូនេះបានផ្តល់ឱកាសឲ្យខ្ញុំដើម្បីរៀននិងនិយាយភាសាថៃ។ លក្ខខណ្ឌការងារល្អប្រសើរឥឡូវនេះ»៕ TK