
ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណជាង៥០នាក់មកពីសហគមន៍បឹងឈូកបានមកផ្ដុំគ្នា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ជាការលើកទឹកចិត្តអ្នកតំណាង៦នាក់ ដែលចូលទៅបំភ្លឺតុលាការលើកទីពីរ កាលពីម្សិលមិញ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រើហិង្សាលើម្ចាស់ដីដែល សុចរិត។ នៅមុខតុលាការ លោក ឈឹម សុផុន និងពលរដ្ឋជាច្រើនទៀត មកពីភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ បានប្រាប់ថា ពួកគាត់កំពុងត្រូវឈ្មួញដីធ្លីមិនស្គាល់ម្នាក់គំរាមកំហែងតាម រយៈប្រព័ន្ធតុលាការ។ លោកថា៖ «តំណាងយើងទាំង ៦នាក់ រស់នៅសុខៗត្រូវឈ្មួញដីម្នាក់ ដែលមិនធ្លាប់ឮឈ្មោះ និងស្គាល់ពីមុន ប្ដឹងចោទថាផ្ដើមគំនិត និងប្រើហិង្សាទៅលើម្ចាស់អចលនវត្ថុដែលសុចរិត»។ បន្ទាប់ ពីបានបំភ្លឺជាលើកទី២ នៅចំពោះមុខ លោក កែវ មុនី ចៅក្រមស៊ើបសួររួចមកលោក ប៊ូ ម៉េង អាយុ៣៨ឆ្នាំ ដែលថាបានរស់នៅក្នុងភូមិនេះជាង២០ឆ្នាំ តាំងពីតំបន់នោះនៅជាបឹងកំប្លោកថា គាត់និងអ្នកភូមិ៥នាក់ រួមមាន អ្នកស្រី ខៀវ ចិន្តា អាយុ៤០ឆ្នាំ លោក កុល សោភា អាយុ៣២ឆ្នាំ លោក កាង ណារ៉េន អាយុ៤៥ឆ្នាំ លោក សឿន សេង អាយុ៣៤ឆ្នាំ និងអ្នកស្រី យិន សារុំ អាយុ៣៩ឆ្នាំ ត្រូវឈ្មោះ ទៀ ធឿន ប្ដឹងចោទពីបទប្រើអំពើហិង្សាទៅលើរូបគេជាម្ចាស់ដី សុចរិតត្រឹមត្រូវ។ លោកថា៖ «ខ្ញុំបានបដិសេធនូវការចោទប្រកាន់ និងបានបញ្ជាក់ប្រាប់ចៅក្រមថា ខ្ញុំមិនធ្លាប់ស្គាល់ មុខមាត់ ឬក៏ទាក់ទងជាមួយដើមបណ្តឹងទេ តាំងពីមុនមក»។ លោកថា៖ «ចៅក្រមស៊ើបសួរ បានលួងលោមកុំឲ្យភ័យបារម្ភនិងប្រាប់ឲ្យខ្ញុំខំរកស៊ីចិញ្ចឹម ជីវិត ប៉ុន្តែនេះជាក្ដីកង្វល់ពួកខ្ញុំ បើតុលាការមិនទម្លាក់ការចោទប្រកាន់»។ អ្នកស្រី ខៀវ ចិន្តា អះអាងថា គាត់សង្ស័យថា អាជ្ញាធរសង្កាត់ទួលសង្កែ និងឈ្មួញដីធ្លីឈ្មោះ ទៀ ធឿន ឃុបឃិតគ្នារឹបអូសយកដីពួកគាត់។ គាត់ថា មុនមានការអភិវឌ្ឍ ពួកគាត់ជាង៣០គ្រួសារ រស់យ៉ាងសុខសាន្ត មានការទទួលស្គាល់ពីគ្រប់ថ្នាក់។ ប៉ុន្តែនៅខែមីនា ឆ្នាំ២០០៩ ស្រាប់តែអាជ្ញាធរសង្កាត់ទួលសង្កែ ជូនដំណឹងឲ្យពួកគាត់រុះរើលំនៅដ្ឋាន និងចោទថា មករស់នៅបែបអនាធិបតេយ្យលើដីរដ្ឋដោយខុសច្បាប់។ អ្នកស្រីបញ្ជាក់ថា៖ «ទាំងឈ្មោះ ឡៅ តុងងី និងឈ្មោះ ទៀ ធឿន នេះ យើងខ្ញុំមិនធ្លាប់ស្គាល់ ឬជួបមុខទេពីមុនមក»៕