The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​បាញ់​កម្មករ​មាន​សេរីភាព ឯ​អ្នក​ជា​កូដករ​ជាប់​ឃុំ

អ្នក​បាញ់​កម្មករ​មាន​សេរីភាព ឯ​អ្នក​ជា​កូដករ​ជាប់​ឃុំ

អ្នក​បាញ់​កម្មករ​មាន​សេរីភាព ឯ​អ្នក​ជា​កូដករ​ជាប់​ឃុំ

130903_8
ភរិយាសមាជិកសហជីពនៅរោងចក្រសាប្រ៊ីណាដែលជាប់ឃុំ រៀបរាប់ពីទុក្ខលំបាកទាំងទឹកភ្នែក

កំពង់ស្ពឺៈ ​ចាប់​តាំង​ពី​ប្តី​របស់​អ្នក​ស្រី​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មិថុនា​ ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ​រង់ចាំ​ការ​ជំនុំ​ជម្រះ អ្នក​ស្រី សោម ចន្ថា អាយុ​៣២​ឆ្នាំ គាត់​សម្រាល​បាន​កូន​ប្រុស​ម្នាក់។

និយាយ​ទាំង ទប់​ទឹក​ភ្នែក​ ក្នុង​ផ្ទះ​នៅ​ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ កម្មករ​កាត់​ដេរ​ម្នាក់​នេះ​ប្រាប់​ថា៖ «​ប្តី​ខ្ញុំ​មិន​​ទាន់​បាន​កាន់​កូន​ប្រុស​នៅ​ឡើយ​ទេ ព្រោះ​អនុរក្ស​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​គាត់​ព​កូន​ទេ»។

កាល​ពី​បី​ខែ​​មុន លោក សែម សុភ័ក្រ្ត ប្តី​អ្នក​ស្រី ចន្ថា អាយុ ៣២​ឆ្នាំ គឺ​ម្នាក់​ក្នុង​ចំណោម​សមាជិក​សហជីព​សេរី​កម្មករ ៨ នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​តែ​ករណី​ហិង្សា​នៅ​រោង​ចក្រ​កាត់​ដេរ សាប្រ៊ីណា ដែល​ផ្គត់ផ្គង់​ឲ្យ​ផលិតផល​ម៉ាក Nike។

អ្នក​ទាំង​នេះ ដែល​អះអាង​ថា ខ្លួន​គ្មាន​កំហុស បាន​ចំណាយ​ពេល​រាល់​ថ្ងៃ​នៅ​ពន្ធនាគារ​ខេត្ត ដែល​ពុំ​បែង​ចែក​ឲ្យ​ដាច់​រវាង​អ្នក​ជាប់​ឃុំ​រង់​ចាំ​ការ​ជំនុំ​ជម្រះ និង​ជន​ជាប់​ទោស​នោះ​ឡើយ។

អ្នក​ស្រី ចន្ថា បុគ្គលិក​រោងចក្រ​សាប្រ៊ីណា ​ដែល​ឥឡូវ​នេះ​ជា​អ្នក​ផ្គត់ផ្គង់​គ្រួសារ​ដោយ​ប្រើ​ប្រាស់​ប្រាក់ សម្រាក​មាតុ​ភាព​បាន​និយាយ​ថា៖«​វា​ពិបាក​ខ្លាំង​ណាស់​ពេល​គ្មាន​គាត់​។ ប្តី​ខ្ញុំ​គ្មាន​កំហុស ហើយ​គួរ​ត្រូវ​បាន​ដោះ​លែង ដើម្បី​គាត់​អាច​រក​ប្រាក់ មក​ចិញ្ចឹម​គ្រួសារ»។

ជាមួយ​គ្នា​នឹង​បុរស​ ទាំង​នេះ​ត្រូវ​ជាប់​ឃុំ នគរបាល​ទទួល​បរាជ័យ​ក្នុង​ការ​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨ ខែ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា ពី​បទ​បាញ់​​មក​លើ​កម្មករ​រោងចក្រ ៣ នាក់ ក្នុង​អំឡុង​ពេល​កូដកម្ម​នៅ​រោងចក្រ​ផ្គត់ផ្គង់​ផលិតផល​ម៉ាក Puma ​ក្នុង​ខេត្ត​ស្វាយ​រៀង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​មុន​ដូច​គ្នា​ដែរ។

សមាជិក​សហជីព ៨ នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ អំពើ​ហិង្សា​ដែល​បង្ក​របួស​ដល់​មនុស្ស​២៣​នាក់ ក្នុង​នោះ​មន្រ្តី​នគរបាល ៩ នាក់​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​រោងចក្រ។

ខណៈ​ដែល​បទ​ចោទ​ ប្រកាន់​ទាំង​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​ សហជីព​សេរី​កម្មករ និង​ក្រុម​សិទិ្ធ​មនុស្ស បាន​រិះ​គន់​អាជ្ញាធរ កាល​ពី​ម្សិលមិញ​ថា បាន​ប្រើ​ប្រាស់​ «ស្តង់​ដារ​ពីរ​ថ្នាក់​» ក្នុង​របៀប​ដែល​ពួក​គេ​អនុវត្ត​ចំពោះ​ជន​ត្រូវ​ចោទ​ក្នុង​ករណី​នីមួយៗ។

លោក Dave Welsh ​អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គ​ការ​សិទិ្ធ​មនុស្ស ACILS ​បាន​ថ្លែង​ថា៖ «​ខ្ញុំ​មិន​និយាយ​អំពី​ភាព​ស្រប​ច្បាប់ឬ​មិន​ស្រប​ច្បាប់​នៃ​កូដកម្ម​ [នៅសាប្រ៊ីណា] ទេ ប៉ុន្តែ​វា​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​នៃ​ប្រព័ន្ធ​ ច្បាប់​។ ​វា​ជា​ការ​គួរ​ឲ្យ​ខ្មាសអៀន​ដែល​បុរស​មាន​ពិរុទ្ធ​ដើរ​យ៉ាង​សេរី បើ​ទោះ​ជា​អ្នក​រាល់​គ្នា​អំពាវ​នាវ​ឲ្យ​ចាប់​ខ្លួន​គាត់​ក៏​ដោយ ខណៈ​ដែល​កម្មករ​ក្រីក្រ​ជាប់​ឃុំ​រង់​ចាំ​ការ​ជំនុំ​ជម្រះ​ទៅ​វិញ»។

លោក ​បន្ត​ថា៖ «​ប្រសិន​បើ​ កម្មករ​ទាំង ៨នាក់​នោះ​ គឺ​ជា​អភិបាល​ខេត្ត​ផ្សេង​ៗ ​ពួកគេ​នឹង​រង់ចាំ​ការ​ជំនុំ​ជម្រះ​​​លេងៗ នៅ​វីឡា​របស់​ពួក​គេ»។

ខណៈ​មេ​ដឹក​នាំ​សហជីព​អាច​រក​ឃើញ​ថា ​មាន​ពិរុទ្ធ ពេល​ជំនុំ​ជម្រះ​  គ្រួសារ និង​សហជីព​សេរី​កម្មករ​បាន​ឲ្យ​ដឹង​ កាល​ពី​ម្សិលមិញ​ថា ពួក​គេ​ពុំ​បង្ក​ការ​គំរាម​កំហែង​អី​ដល់​សហគមន៍​ឡើយ ហើយ​ការជាប់​ឃុំ​បណ្តោះ​អាសន្ន​គឺ​គ្រាន់​តែ​ដាក់​សម្ពាធ​ថែម​ទៀត​លើ​ ក្រុម​គ្រួសារ​ក្រីក្រ​ដែល​ប្រឹង​ត្រដរ​រស់​តែ​ប៉ុណ្ណោះ។

លោក ស៊ុន វណ្ណី អាយុ ៣៣ ឆ្នាំ ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៅ​រោងចក្រ បាន​ថ្លែង​ថា ៖ «ឈូក បណ្ឌិត បាន​បាញ់​កម្មករ ហើយ​មាន​សេរីភាព ប៉ុន្តែ កម្មករ ​ទាំង​នេះ​ជាប់​ឃុំ​៣ ខែ​មក​ហើយ»​។ ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នេះ​ទេ ហើយ​ខ្ញុំ​គិត​ថា ​ពួក​គេ​បាន​ក្លាយ​ជា​គោល​ដៅ ដោយ​សារ​តែ​គេ​គឺ​ជា​សមាជិក​សហជីព។ ​មិន​មែន​ពួក​គេ​ទេ​ដែល​ប្រើ​ដំបង​និង​ដុំ​ថ្ម​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​ក្រុមហ៊ុន​ គឺ​អ្នក​ផ្សេង​ដែល​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ»។

ខណៈ​ដែល មនុស្ស​ម្នាក់​អាច​ត្រូវ​បង្គាប់​ឲ្យ​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ដោយ​សារ​ មូល​ហេតុ​ជា​ច្រើន​រាប់​ទាំង​ ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​ចាត់​ទុក​ថា​ អាច​រត់​គេច​ខ្លួន​ឬ​អាច​ ប្រព្រឹត្ត​ល្មើស​ម្តង​ទៀត ​ច្បាប់​ចែង​ថា ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន គួរ​យក​មក​ប្រើ​តែ​ក្នុង​ករណី​ពិសេស​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ យោង​តាម​លោក​ស្រី ណាលី ពីឡូក ​នាយិកា​អង្គការ​សិទិ្ធ​មនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​ថា ការ​ពិត​វិធានការ​​មិន​ឃុំ​ខ្លួន បណ្តោះ​អាសន្ន​គឺជា​រឿង​កម្រ។

លោក​ស្រី​បន្ថែម​ថា៖ «មាន​តែ​អ្នក​ដែល​អាច​បង់​ប្រាក់​ឲ្យ​មេធាវី​ ឬ​បង់​ថ្លៃ​ធានា​ទេ ដែល​គេច​ផុត​ពី​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​។ ខណៈ​ដែល​អ្នក​មាន​លុយ​អាច​រួច​ខ្លួន​ ដោយ​សារ​ប្រាក់​ធានា អ្នក​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ភាគ​ច្រើន​គឺជា​ប្រជាជន​ក្រីក្រ»។

ដោយ​ក្រុម​ហ៊ុន​ម៉ាក​ល្បី​ៗ ក្នុង​នោះ​មាន​ម៉ាក Nike និង Puma បាន​ជួប​ប្រជុំ​គ្នា​សប្តាហ៍​មុន​ក្នុង​វេទិកា និង​កិច្ច​ពិភាក្សា​ជាមួយ​នឹង​ក្រុម​សិទិ្ធកម្មករ ស៊ុន វណ្ណី បាន​អំពាវ​នាវ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​ លើ​​វិធី​ដែល​អាជ្ញាធរ​អនុវត្ត​ចំពោះ​កម្មករ​ដែល​ជា​ជន​រង​គ្រោះ ឬ​ជា​ជន​ដែល​គេ​ចោទ​ថា បាន​ប្រព្រឹត្ត​បទល្មើស។

លោក ​បញ្ជាក់​ថា៖ «​អ្នក​ទិញ​ត្រូវ​ជួយ​រក​យុតិ្តធម៌​ឲ្យ​កម្មករ និង​សមាជិក​សហជីព ហើយ​ដោះ​លែង​ពួក​គេ​ពី​ពន្ធនាគារ»។ តាម​ច្បាប់ គេ​អាច​ជាប់​ឃុំ​បណ្តោះ​អាសន្ន​រហូត​ដល់​ទៅ​៦ ខែ មាន​ន័យ​ថា ​សមាជិក​សហជីព​ទាំង ៨ នាក់ អាច​ជាប់​ឃុំ​បាន​ពាក់​កណ្តាល​ហើយ។

នៅពេល​ទំនាក់​ទំនង​កាល​ពី​ម្សិលមិញ ​លោក ចឹម រិទ្ធី ​ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ថា ការ​ស៊ើប​អង្កេត​លើ​រឿង​ក្តី​នេះ​កំពុង​បន្ត ហើយ​កាល​បរិច្ឆេទ​ជំនុំ​ជម្រះ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ។  ​លោក​​បន្ត​ថា៖«​ខ្ញុំ​ត្រូវ​សួរ​កម្ម​ករ និង​សមាជិក​សហជីព​ជាច្រើន​នាក់​»។

មន្រ្តី​រដ្ឋបាល​នៅ​រោងចក្រ សាប្រ៊ី​ណា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ ចំណែក​​​លោក ខេន លូ អគ្គ​លេខាធិការ​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ថ្លែង​ថា បញ្ហា​នេះ​ស្ថិត​ក្នុង​ដៃ​តុលាការ ដែល​លោក​មិន​អាច​អត្ថាធិប្បាយ​លម្អិត​ទេ៕ TK

អត្ថបទគួរចាប់អារម្មណ៍