
ភ្នំពេញៈ តំណាងពលរដ្ឋចំនួន ៤៨គ្រួសារនៅបឹងកក់ ដែលទាមទារឲ្យអាជ្ញាធរដាក់បញ្ចូលពួកគាត់ទៅក្នុងដីទំហំ១២,៤៤ ហិកតាបាននិយាយថា កិច្ចពិភាក្សារកដំណោះស្រាយដីធ្លី ជាមួយអាជ្ញាធររាជធានី កាលពីម្សិលមិញ បានបោះជំហានមួយកម្រិតបន្ទាប់ពីក្រុមអ្នកភូមិបានឯកភាពធ្វើការជ្រើសរើសតំណាងរបស់ខ្លួននៅតាមភូមិនីមួយៗ។
លោក ចាន់ ពុទ្ធិសាក់ តំណាងពលរដ្ឋដែលនៅមិនទាន់ទទួលបានដំណោះស្រាយ បាននិយាយថា នៅក្នុងជំនួបពិភាក្សាកាលពីរសៀលថ្ងៃម្សិលមិញ លោកប៉ា សុជាតិវង្សអភិបាលរាជធានីបានបង្ហាញពីការចាប់ផ្ដើមនៃការដោះស្រាយទំនាស់ដីធ្លីនៅបឹងកក់ដែលធ្វើឲ្យក្រុមអ្នកភូមិមានទំនុកចិត្តដោយរំពឹងថា នឹងទទួលបានដំណោះស្រាយពិតប្រាកដ។
លោកថ្លែងថា៖«ថ្វីបើលក្ខខណ្ឌខ្លះដាក់គំនាបមិនឲ្យដើរចេញតវ៉ាក៏ដោយប៉ុន្តែបានផ្តល់ទំនុកចិត្តក្នុងការដោះស្រាយដែលវាជាបំណងប្រាថ្នារបស់យើងខ្ញុំជាយូរមកហើយ»។
លោកបន្តថា កិច្ចពិភាក្សាបានឈានដល់ចំណុចឯកភាពគ្នាមួយក្នុងការជ្រើសរើស តំណាងតាមភូមិដែលតំណាងទាំងនោះ គឺជាអ្នកដែលរងគ្រោះនិងមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។តំណាងទាំងនោះ នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមនៅក្នុងការឃ្លាំមើលគ្រប់នីតិវិធី នៃដំណើរការចុះអង្កេតនិងដោះស្រាយទំនាស់តាមគ្រួសារនីមួយៗដើម្បីឲ្យប្រាកដថា មានតម្លាភាពឬអត់?
ដោយឡែកប្រជាពលរដ្ឋក្រីក្រ នៅបុរីកីឡាបាននិយាយថា អាជ្ញាធររាជធានីមកទល់ពេលនេះនៅតែមិនមានភាពប្រាកដប្រជា ចំពោះការផ្ដល់ដំណោះស្រាយណាមួយដល់ពួកគាត់ឡើយ។
អ្នកស្រីឆាយ គឹមហ៊ន តំណាងពលរដ្ឋបុរីកីឡា បាននិយាយថា កាលពីព្រឹកម្សិលមិញ ពួកគាត់បានទៅស្នើឲ្យអាជ្ញាធររាជធានីពន្លឿនការដោះស្រាយបញ្ហាលំនៅឋាន និងស្បៀងអាហារដល់ពួកគាត់ឲ្យបានមុនថ្ងៃបោះឆ្នោត។ ទោះជាបែបណាសំណើរបស់ពួកគាត់មិនទទួលបានការឆ្លើយតបជាវិជ្ជមានទេ។ អ្នកស្រីបានបន្តថា ក្នុងជំនួបកាលពីព្រឹកម្សិលមិញ លោក កើត ឆែ នាយករដ្ឋបាលសាលារាជធានីនៅតែមិនផ្ដល់កាលបរិច្ឆេទជាក់លាក់ណាមួយសម្រាប់ការដោះស្រាយបញ្ហាលំនៅឋាននិងស្បៀងអាហារដល់ពួកអ្នកស្រីនោះទេ ក្រៅពីសុំឲ្យពួកអ្នកស្រីរង់ចាំដោយស្ងៀមស្ងាត់មួយរយៈទៀត។
អ្នកស្រីថ្លែងថា៖«បច្ចុប្បន្ន យើងកំពុងតែប្រឈមមុខខ្លាំងបំផុតចំពោះការខ្វះខាតទាំងទីជម្រក និងស្បៀងអាហារ ដូច្នេះយើងមិនចង់បានការសន្យាដោយគ្មានដំណោះស្រាយដដែលៗ បែបនេះទេ។ យ៉ាងហោចណាស់អាជ្ញាធរគួរតែដោះស្រាយស្បៀងអាហារ និងតង់កៅស៊ូឲ្យយើងខ្ញុំជាមុនសិនដែរ មិនគួរអត់ទាំងអស់បែបនេះទេ»។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី មិនអាចទាក់ទងសុំការអធិប្បាយបានទេ កាលពីម្សិលមិញ៕