
ភ្នំពេញៈ ប្រជាពលរដ្ឋនៅសហគមន៍បឹងកក់ ដែលតែងតែពួតដៃគ្នាយ៉ាងរឹងមាំធ្វើការតវ៉ា ប្រឆាំងនឹងការរំលោភបំពានលំនៅឋានពីសំណាក់ក្រុមហ៊ុន ស៊ូការគូអ៊ីន ហើយតែងតែត្រូវសមត្ថកិច្ចរាជធានី វាយបង្ក្រាបស្ទើររាប់មិនអស់ក្នុងរយៈពេលប្រមាណ៦ ឆ្នាំ មកហើយនោះ នៅពេលនេះ បានបាក់បែកគ្នា ខណៈដែលមិនទាន់មានដំណោះស្រាយសម្រាប់ផ្ទះសំបែងរបស់ពួកគេនៅឡើយ។
កាលពីម្សិលមិញក្រុមមួយដែលទើបតែផ្តាច់ខ្លួនចេញពីក្រុមដែលដឹកនាំដោយអ្នកស្រីទេព វន្នី បានចាប់កញ្ញា អេង សុខា ដែលជាអ្នកគាំទ្រអ្នកស្រីទេព វន្នី យកទៅប្រគល់ឲ្យនគរបាលសង្កាត់ស្រះចក ដោយចោទស្រ្តីរូបនេះថា បានបាចត្រាក់វាយប្រហារក្រុមរបស់ ខ្លួន។ ក្រដាសត្រាក់ដែលគេប្រទះឃើញនោះបានសរសេរថា អ្នកស្រីហេង មុំ តុល ស្រីពៅ ភួង សម័យ គឹម នី សួង សុខេង និងលោកដួង គា «គឺជាជនក្បត់លក់ខួរក្បាលឲ្យអាជ្ញាធរ»។
ទោះជាបែបណាក្ដី នៅចំពោះមុខក្រុមអ្នកគាំទ្រ អ្នកស្រីហេង មុំ និង សមត្ថកិច្ច កញ្ញាសុខា បានបដិសេធថាខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។បន្ទាប់ពីការសាកសួររួច សមត្ថកិច្ច ក៏បានអនុញ្ញាតឲ្យស្ត្រីរូបនេះ វិលត្រឡប់ទៅផ្ទះវិញ។ នៅពេលចេញពីប៉ុស្តិ៍ប៉ូលិស កាលពីម្សិលមិញកញ្ញាអេង សុខាបាននិយាយថា៖ «ប៉ូលិសបានសួរខ្ញុំរកអ្នកដែលបាចត្រាក់នោះប៉ុន្តែ ខ្ញុំបានប្រាប់ថាខ្ញុំមិនបានដឹងទេ ហើយក៏មិនបានធ្វើដូចការចោទប្រកាន់នោះដែរ តែខ្ញុំនឹងប្រាប់នៅពេលដែលខ្ញុំបានដឹងពីការពិត»។
អ្នកស្រី ង៉ែត ឃុន អាយុ ៧៣ ឆ្នាំដែលត្រូវជាម្ដាយរបស់កញ្ញាសុខា បាននិយាយថា អ្នកស្រីពិតជាអស់សង្ឃឹមជាខ្លាំងចំពោះក្រុមអ្នកស្រីហេង មុំ ដែលបានឃាត់ខ្លួនកូនស្រីរបស់អ្នកស្រី។
ប៉ុន្តែអ្នកស្រីហេង មុំ បានអះអាងថា កញ្ញាអេង សុខា គឺជាអ្នកបោះក្រដាសត្រាក់នោះ។ អ្នកស្រីហេង មុំ បាននិយាយថា៖«ខ្ញុំបានឃើញនាងបោះក្រដាសត្រាក់នោះពិតមែន ហើយយើងបានឃើញក្រដាសត្រាក់នោះ នៅក្នុងកែបម៉ូតូរបស់នាង ដែលនេះជាហេតុនាំឲ្យក្រុមយើងឃាត់ខ្លួននាង ដើម្បីសួរនាំប៉ុន្តែនាងនៅតែបដិសេធដោយយកលេសថា នាងរើសបានហើយថតចម្លងវាទុកចែកក្រុមរបស់នាងមើល»។
គេកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាល បានធ្វើការចុះផ្សាយសកម្មភាពរបស់អ្នកភូមិបឹងកក់ ដែលបានផ្តាច់ខ្លួនចេញពីក្រុមអ្នកស្រីទេព វន្នី ខណៈដែលកាលពីពេលកន្លងមក ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ មិនដែលចុះផ្សាយរឿងករណីវិវាទនៅតំបន់បឹងកក់នេះឡើយបើទោះបីជាមានការវាយបង្ក្រាបយ៉ាងខ្លាំងក្លាក៏ដោយ៕