
ភ្នំពេញៈ សកម្មជនដីធ្លីមកពីសហគមន៍បឹងកក់ និងបុរីកីឡាប្រមាណជាង ១០០នាក់ កាលពីព្រឹកម្សិលមិញ បានប្រមូលផ្ដុំគ្នាតវ៉ានៅលើទ្រូងផ្លូវព្រះមុនីវង្ស មុខសាលារាជធានីដើម្បីទាមទារឲ្យអាជ្ញាធរពន្លឿននីតិវិធីដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគាត់ ឲ្យបានសម្រេចមុនថ្ងៃបោះឆ្នោតមកដល់។
ការតវ៉ារបស់ប្រជាពលរដ្ឋទាំងនេះ ធ្វើឡើងខណៈដែលគណបក្សនយោបាយនីមួយៗ រួមទាំងគណបក្សប្រជាជនកំពុងឃោសនាពីគោលនយោបាយ«អភិវឌ្ឍន៍ សេដ្ឋកិច្ច និងកំណែទម្រង់ដីធ្លី» របស់ខ្លួន ដើម្បីស្វែងរកសំឡេងគាំទ្រនៅក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោត។
ក្រុមអ្នកភូមិបានសម្តែងនូវក្ដីបារម្ភថា ក្រោយថ្ងៃបោះឆ្នោតពួកគាត់អាចនឹងត្រូវបណ្ដេញចេញពីលំនៅឋាន ដោយបង្ខំសាជាថ្មី ប្រសិនបើអាជ្ញាធរមិនគិតគូរដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យពួកគាត់ឲ្យបានរួចរាល់មុនថ្ងៃបោះឆ្នោតទេនោះ។
លោកយាយ ង៉ែត ឃុន អាយុ ៧៣ឆ្នាំ អ្នកភូមិបឹងកក់ បានថ្លែងថា៖«ខ្ញុំចង់បានដំណោះស្រាយផ្ដល់ប្លង់កម្មសិទ្ធិពិតប្រាកដមុនថ្ងៃបោះឆ្នោតចូលមកដល់។ ខ្ញុំឈប់ជឿការសន្យាអ្វីទាំងអស់ ព្រោះបទពិសោធជាច្រើនឆ្នាំកន្លងមកវាគ្រប់គ្រាន់សម្រាប់ខ្ញុំនិងសហគមន៍យើងខ្ញុំហើយ»។
ចំណែកអ្នកស្រី ជុំ ង៉ាន់ មកពីសហគមន៍បុរីកីឡា បាននិយាយថា ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី០៣ មករាឆ្នាំ២០១២ មកប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍របស់គាត់ អស់ជំនឿលើការសន្យារបស់អាជ្ញាធរទៀតហើយ។ អ្នកស្រីបន្តថា៖«យើងខ្ញុំបារម្ភខ្លាចក្រោយថ្ងៃបោះឆ្នោត អាជ្ញាធរបណ្ដេញយើងខ្ញុំចេញពីរាជធានីទៅកាន់តំបន់ដាច់ស្រយាលណាមួយ ព្រោះអាជ្ញាធរមិនដែលអនុវត្តតាមអ្វីដែលខ្លួនបានសន្យានោះទេ»។
ចាប់តាំងពីម៉ោង៨ព្រឹកក្រុមអ្នកតវ៉ា បាននាំគ្នាឈរនៅលើទ្រូងផ្លូវជាអ្វីដែលសមត្ថកិច្ចអះអាងថា ជាការបង្កភាពកកស្ទះចរាចរណ៍ និងភាពឥតសណ្ដាប់ធ្នាប់នៅលើដងផ្លូវសាធារណៈ។ សមត្ថកិច្ច បានអំពាវនាវម្ដងហើយម្ដងទៀត សុំឲ្យក្រុមអ្នកតវ៉ា ចាកចេញពីទ្រូងផ្លូវ ប៉ុន្តែក្រុមអ្នកភូមិនៅតែមានៈមិនព្រមចាកចេញឡើយ។ នៅម៉ោងប្រមាណ២និង២៥នាទី រសៀល ក្រុមសមត្ថកិច្ចបាននាំគ្នាចាប់សែងអ្នកភូមិមួយចំនួនចេញពីទ្រូងផ្លូវ ដែលក្នុងចំណាត់ការនោះ មានការប្រទូសរ៉ាយគ្នាធ្វើឲ្យស្ត្រីពីរនាក់រងរបួសធ្ងន់។
សកម្មជនស្ត្រីនិងដីធ្លី នៃសហគមន៍បឹងកក់ អ្នកស្រី បូវ សោភា ដែលទទួលបានការជួយព្យាបាលពីអង្គការលីកាដូ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងពេលប្រទូសរ៉ាយនោះ ក្រុមសន្តិសុខ បានវាយទាត់ធាក់គាត់ និងអ្នកស្រីខែក ចាន់រស្មី ដែលកំពុងមានគភ៌ជាច្រើនជើងចំ ពោះនិងប្រដាប់ភេទ បណ្ដាលឲ្យគាត់ចុកឆ្អល់ ចំណែកអ្នកស្រី ខែក ចាន់រស្មី បានធ្លាក់ឈាម នឹងដួលសន្លប់ភ្លាមៗនៅនឹងកន្លែង។ អ្នកស្រីបានថ្លែងថា៖ «ពួកគេបានចាប់ហែកអាវ និងខោរបស់ខ្ញុំ ហើយបានធាក់ចំ ប្រដាប់ភេទរបស់ខ្ញុំ ចំនួន២ជើង និងទាត់ចំ ពោះខ្ញុំមួយជើង បណ្ដាលឲ្យចុកឆ្អល់ស្ទើរទ្រាំពុំបាន»។
អ្នកស្រី ខែក ចាន់រស្មី ដែលត្រូវបានបញ្ជូនទៅកាន់គ្លីនិកឯកជនមួយ ឈ្មោះលីនី ដើម្បីសង្គ្រោះនោះ បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែទារកនៅក្នុងផ្ទៃនាងអាយុពីរខែកន្លះ ត្រូវបានបាត់បង់។
គិលានុបដ្ឋាយិកាម្នាក់នៃគ្លីនិកនេះ ដែលស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖«ដោយសារទារក មានការប៉ះទង្គិចធ្ងន់ធ្ងរពេក បណ្ដាលឲ្យស្លាប់នៅក្នុងពោះ ដូច្នេះយើងមិនអាចជួយសង្គ្រោះបានទេ ប៉ុន្តែស្ត្រីជាម្ដាយរួចផុតពីគ្រោះថ្នាក់ហើយ»។
អ្នកស្រី ខែក ចាន់រស្មី បាននិយាយទាំងទឹកមុខស្លេកស្លាំងថា ៖«កូនក្នុងផ្ទៃខ្ញុំបាត់បង់ហើយ ខ្ញុំឈឺចាប់ណាស់នៅពេលនេះ គ្រូពេទ្យប្រាប់ខ្ញុំថាខ្ញុំមិនអាចមានកូនទៀតបានឡើយ»។
តំណាងសកម្មជនស្ត្រី និង ដីធ្លី នៃសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី បានរិះគន់ដោយចាត់ទុកចំណាត់ការរបស់អាជ្ញាធរខណ្ឌដូនពេញថា«ជាការប្រើអំពើហិង្សាយ៉ាងឃោរឃៅនិងអមនុស្សធម៌ប្រឆាំងនឹងស្ត្រី»។
អ្នកស្រីបានថ្លែងថា៖«យើងខ្ញុំគ្រាន់តែតវ៉ាទាមទារសូមឲ្យអាជ្ញាធរ ដោះស្រាយបញ្ហាដីធ្លីរបស់សហគមន៍យើងខ្ញុំ ប៉ុន្តែអាជ្ញាធរបែរជាប្រើវិធានការហិង្សាមកលើយើងខ្ញុំជាស្ត្រីបែបនេះទៅវិញ»។
ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលពីបញ្ហានេះបានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗផងដែរ កាលពីល្ងាចម្សិលមិញ ដោយចាត់ទុកវិធានការបង្ក្រាបនោះថា ជាអំពើ«រំលោភច្បាប់ និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថា សង្គមស៊ីវិល មិនចង់ឃើញការប្រើប្រាស់កម្លាំងវាយបង្ក្រាបទៅលើក្រុមស្ត្រីអ្នកតវ៉ាដីធ្លីបែបនេះទេ ព្រោះវាជាអំពើហិង្សារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកបានបន្ថែមថា៖ «យើងចង់សួរថា តើករណីទំនាស់ដីធ្លីដែលនៅសេសសល់តិចតួចក្នុងតំបន់បឹងកក់នេះ អាជ្ញាធរមានឆន្ទៈដោះឬគ្មាន? បើមានកុំបាច់ចាំពន្យារពេល ដោះតែម្ដងទៅ តែបើគ្មានទេពង្រីកអគារពន្ធនាគារបន្ថែម សម្រាប់ឃុំខ្លួនពលរដ្ឋដែលតវ៉ាទាំងនោះ ព្រោះពួកគាត់ពិតជាមិននៅស្ងៀមទេ ពួកគាត់នឹងតវ៉ារហូតដល់ទីបំផុត ហើយភាពអនាធិបតេយ្យនឹងកើតមានជារៀងរាល់ថ្ងៃនៅលើដងផ្លូវ»។
លោកអំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា៖ «ការបង្ក្រាបដោយហិង្សាមកលើក្រុមអ្នកតវ៉ាជាស្ត្រី ដោយក្រុមសមត្ថកិច្ចពេលនេះ គឺជាការខាតបង់ដ៏ធំមួយរបស់គណបក្ស កាន់អំណាចនាពេលបច្ចុប្បន្ន គឺគណបក្សប្រជាជនកម្ពុជា ព្រោះពេលនេះ ជារដូវកាលនៃការឃោសនារកសំឡេងឆ្នោត»។ លោកបន្តថា គណបក្សប្រជាជន អាចទាក់ទាញសំឡេងគាំទ្រមកវិញបានប្រសិនបើករណីដីធ្លីនៅក្នុងតំបន់បឹងកក់ បុរីកីឡា និងតំបន់ផ្សេងៗទៀតទូទាំងប្រទេសត្រូវបានដោះស្រាយជាស្ថាពរមុនថ្ងៃបោះឆ្នោតមកដល់»។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជា មិនអាចទំនាក់ទំនងសុំការអធិប្បាយបានឡើយកាលពីម្សិលមិញ ហើយលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបដិសេធមិនព្រមផ្ដល់អត្ថាធិប្បាយឡើយជុំវិញបញ្ហានេះ៕