
ភ្នំពេញៈ សកម្មជនស្ត្រីបឹងកក់ពីរនាក់បានសន្លប់និងម្នាក់ថ្លោះដៃនៅក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសមត្ថកិច្ចចម្រុះ នៅមុខព្រះបរមរាជវាំង ខណៈលើកគ្នាមកដាក់ញត្តិទូលថ្វាយសម្តេចម៉ែ សុំអន្តរាគមន៍ដោះលែងអ្នកស្រី យ៉ោម បុប្ផា។
នៅម៉ោង២:៤០នាទី រសៀល ក្រុមអ្នកភូមិបឹងកក់ ប្រមាណ១០០នាក់រាប់ទាំងកុមារផងគ្រោងនាំគ្នាជិះរ៉ឺម៉កមកកាន់ព្រះបរមរាជវាំងដាក់ថ្វាយសម្តេចម៉ែ សុំអន្តរាគមន៍ដោះលែងអ្នកស្រី យ៉ោម បុប្ផា ប៉ុន្តែ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញរារាំង។
តែនៅម៉ោងជាង៣ក្រុម អ្នកភូមិជាង៣០នាក់រាប់ទាំងក្មេងផងបានគេចវាងមកតាមច្រកតូចៗ មកដល់ព្រះបរមរាជវាំងនិងបានព្យាយាមប្រាប់សមត្ថកិច្ចយាមទីនោះពីបំណងពួកគាត់។ ប៉ុន្តែភ្លាមៗនោះកងនគរបាលប្រឆាំងកុបកម្មនិងកងសន្តិសុខសាលាខណ្ឌដូនពេញ ប្រមាណជាង៦០នាក់ បានមកដល់។
អ្នកស្រី ទេព វន្នី តំណាងអ្នកតវ៉ានិយាយថា៖«យើងខ្ញុំមកទីនេះមិនមែនមកបង្កជម្លោះជាមួយសមត្ថកិច្ចទេ យើងខ្ញុំមកដើម្បីដាក់ញត្តិថ្វាយសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ សុំឲ្យព្រះអង្គជួយអន្តរាគមន៍ដោះលែងអ្នកស្រីយ៉ោម បុប្ផាទេ»។
តែកងសន្តិសុខឯកសណ្ឋានពណ៌ទឹកប៊ិក បានស្ទុះកញ្ឆក់យករូបភាពអ្នកស្រីយ៉ោម បុប្ផា ទង់ជាតិនិងផ្ទាំងបដា ធ្វើឲ្យអ្នកភូមិផ្ទុះកំហឹងឈានដល់ការប៉ះទង្គិចគ្នា ដោយក្រុមស្ត្រីប្រើសារុងវាយនិងតិះដៀលទៅលើសមត្ថកិច្ចខណៈសមត្ថកិច្ចធ្វើការរុញច្រានទាំងកម្រោលនិងបន្លំវាយដោយហិង្សាខ្លះរហូតដល់ស្ត្រីពីរនាក់ដួលសន្លប់ គឺអ្នកស្រី បូ ឆវី អ្នកស្រី ជុំ ទូច ហើយអ្នកស្រី បូវ សោភា បានថ្លោះដៃស្ដាំ។
ក្រោយពីប៉ះទង្គិចគ្នារួច ក្រុមស្ត្រីតវ៉ាបានអានញត្តិនោះនៅចំពោះមុខសមត្ថកិច្ចនិងអ្នកមកកម្សាន្តនៅមុខវាំង ដើម្បីបញ្ជាក់ពីគោលបំណងពិតរបស់ពួកគេ។ មួយសន្ទុះក្រោយមកគេឃើញមន្ត្រីជាន់ខ្ពស់នៃក្រសួងព្រះបរមរាជវាំងពីររូបចេញមកទទួលយកញត្តិនោះទៅក្នុងរាជវាំងវិញ។
ក្រុមអ្នកឃ្លាំមើលពីបញ្ហានេះ ហៅការវាយបង្ក្រាបនេះថា ជាការបំបាក់ស្មារតីក្រុមអ្នកតវ៉ាទាំងនោះ ដែលមិនមែនជាមធ្យោបាយល្អក្នុងការបញ្ឈប់សកម្មភាពតវ៉ារបស់អ្នកភូមិទាំងនេះទេ។
លោក ជួន សុវណ្ណស្នងការរាជធានីភ្នំពេញថ្លែងថា ក្រុមបាតុករធ្វើការតវ៉ាគ្មានការអនុញ្ញាត ទើបមានការបង្ក្រាបដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ខណៈកម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក៕