
ភ្នំពេញៈ តំណាងពលរដ្ឋក្នុងសហគមន៍បុរីកីឡាម្នាក់ កាលពីម្សិលមិញបានចូលទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញជុំវិញបណ្ដឹងចោទប្រកាន់របស់អ្នកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច ជាក្រុមហ៊ុន ដែលអ្នកភូមិបានចោទថា បានប្រើកម្លាំងនិងគ្រឿងចក្រឈូសបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិ របស់ពួកគាត់ដោយពុំមានការផ្តល់សំណង។
អ្នកភូមិបុរីកីឡាដែលត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន បានឲ្យដឹងថា ពួកគាត់បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកស្រីស៊ុយ សុផាន តាំងពីយូរមកហើយ ពីបទមិនគោរពកិច្ចសន្យា ក្នុងការសាងសង់អគារចំនួន១០ សម្រាប់ចែកជូនពួកគាត់ដោយសាងសង់តែ ៨ អគារ ហើយបានប្រើកម្លាំងឈូសបំផ្លាញផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់ពួកគាត់ ក្នុងការបណ្តេញចេញដ៏ហិង្សាមួយ កាលពីដើមឆ្នាំ ២០១២។ ប៉ុន្តែមិនត្រូវបានសាលាដំបូងរាជធានីអើពើឡើយបែរជាទៅចាត់ការបណ្តឹងរបស់អ្នកស្រីស៊ុយ សុផាន ដែលជាភាគីរំលោភយកផ្ទះពួកគាត់ទៅវិញ។
អ្នកស្រី ស ស៊ន តំណាងពលរដ្ឋចំនួន ៤៥ គ្រួសារ ក្នុងសហគមន៍បុរីកីឡា ដែលបានចូលទៅបោះតង់ស្នាក់នៅបណ្ដោះអាសន្ន នៅលើដីដែលជាអតីតផ្ទះរបស់ខ្លួនដែលម្ចាស់ក្រុមហ៊ុនសាងសង់អគារផ្ទះល្វែងបុរីកីឡា បានលក់ផ្ទេរទៅឲ្យលោក ឧកញ៉ា ស៊ី គង់ទ្រីវ នោះ បាននិយាយថា អ្នកស្រី ត្រូវបានតុលាការកោះហៅឲ្យចូលទៅបំភ្លឺជុំវិញបណ្ដឹងចោទប្រកាន់មួយ របស់អ្នកស្រី ស៊ុយ សុផាន ដែលបានប្ដឹងអ្នកស្រីពីបទ «ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។ អ្នកស្រីថ្លែងថា៖«ខ្ញុំមិនតក់ស្លុតទេ ព្រោះខ្ញុំមិនបានប្រព្រឹត្តិដូចបទចោទប្រកាន់នេះឡើយ»។
អ្នកស្រីបន្តថា ទីតាំងដីដែលពួកគាត់បាននាំគ្នាចូលទៅបោះតង់ស្នាក់នៅជាបណ្ដោះអាសន្ននោះ គឺជាអតីតដីលំនៅដ្ឋានរបស់អ្នកស្រីដែលត្រូវបានម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច ប្រើគ្រឿងចក្រឈូសឆាយ រំលោភយកកាលពីដើមខែមករាឆ្នាំមុន ដែលរហូតមកទល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយអ្វីទាំងអស់។
អ្នកស្រីបានបញ្ជាក់ថា ៖«ខ្ញុំនឹងរុះរើតង់ចេញពីទីនេះភ្លាមនៅពេលខ្ញុំទទួលបានដំណោះស្រាយជាផ្ទះល្វែង»។ អ្នកស្រីបន្តថាអ្នកស្រី បានព្យាយាមទៅតុលាការតាមកាលកំណត់ ដើម្បីឆ្លើយបំភ្លឺជុំវិញពាក្យបណ្ដឹងចោទប្រកាន់នោះ ប៉ុន្តែតុលាការបែរជាមិនបានធ្វើការសាកសួរអ្វីទាំងអស់។ អ្នកស្រីបានបញ្ជាក់ថា៖«ខ្ញុំបានទៅតាមកាលកំណត់ ប៉ុន្តែលោក ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងតុលាការរាជធានីភ្នំពេញ ដែលបានចេញដីការកោះហៅខ្ញុំមកបំភ្លឺនោះ បានប្រាប់ថាសុំលើកពេល ហើយឲ្យខ្ញុំត្រឡប់ទៅវិញ ដោយរង់ចាំរហូតដល់មានដីការកោះជាថ្មីទៀត»។
លោក ស៊ឺ វណ្ណនី មិនអាចទំនាក់ទំនងសុំការពន្យល់បានទេ ចំពោះការពន្យារពេលនៃការសាកសួរនេះកាលពីម្សិលមិញ ប៉ុន្តែបើតាមមន្ត្រីតុលាការម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការលើកពេលនេះ គឺបណ្ដាលមកពីអ្នកភូមិលើកគ្នាមកស្រែកឡូឡាច្រើនពេកនៅមុខតុលាការ ដែលជាការរំខានដល់ដំណើរការ ការងាររបស់តុលាការ។
ខណៈពេលដែលក្រុមប្រជាពលរដ្ឋសហគមន៍បុរីកីឡា រៀបនឹងត្រឡប់ទៅកាន់លំនៅឋានក្រោមតង់កៅស៊ូរយីករយាករបស់ពួកគាត់វិញ ក្រុមប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់បាននាំគ្នាទូលកញ្ជើលាជ និងក្អម ដែលមានដាក់អង្ករ ម្ទេស អំបិល និងមានទាន ធូប ក្រដាស ប្រាក់ដុល្លារ [សម្រាប់ដុតសែនខ្មោច] បានមកដល់មុខតុលាការនេះ ហើយពួកគេបាននាំគ្នាស្រែកដាក់បណ្ដាសាដល់ក្រុមមន្ត្រីតុលាការមួយចំនួន ជាអ្វីដែលពួកគាត់ថា មន្ត្រីតុលាការទាំងនោះ ពុករលួយ បម្រើតែផលប្រយោជន៍របស់ក្រុមហ៊ុន និងអ្នកមានប្រាក់ ហើយធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋក្រីក្រកាន់តែរងទុក្ខវេទនា៕