ភ្នំពេញៈ អ្នកបើកបរឡានក្រុងរបស់ក្រុមហ៊ុនកាពីតូលដែលបានធ្វើការតវ៉ា និងធ្វើពហិការមិនធ្វើការប្រមាណជា ២ សប្តាហ៍មកហើយបានបដិសេធចូលធ្វើការម្តងទៀតបន្ទាប់ពីក្រុមហ៊ុនបានបង្គាប់ឲ្យពួកគេធ្វើការដាក់លិខិតរដ្ឋបាលបញ្ជាក់ពីការវិលត្រឡប់ចូលបំពេញការងារវិញ។
លោក ស៊ឹម សុខា តំណាងអ្នកបើកបរបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថាក្រុមអ្នកបើកបរប្រមាណជា ៥០ ដែលបានតវ៉ា និងមិនបានធ្វើការជាច្រើនថ្ងៃមកនោះបានសម្រេចធ្វើតាមការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងសាលាដំបូងរាជធានីភ្នំពេញដែលបានបង្គាប់ឲ្យកូដករទាំងអស់ត្រឡប់ចូលធ្វើការវិញប៉ុន្តែពួកគេបានបដិសេធវិញដោយសារខាងក្រុមហ៊ុនបានតម្រូវឲ្យពួកគាត់ផ្តិតមេដៃចុះហត្ថលេខាបំពេញបែបបទថ្មី។
លោកបានថ្លែងថា៖ «យើងជាបុគ្គលិកចាស់ដូចនេះយើងមិនចង់ឲ្យក្រុមហ៊ុនឲ្យយើងបំពេញបែបបទថ្មីអីទេ។ ក្នុងនោះក្រុមហ៊ុនក៏បានឲ្យយើងធ្វើលិខិតសារភាពទោសកំហុសដែលយើងបានជឿពាក្យញុះញង់របស់អ្នកដទៃហើយប្រសិនបើថ្ងៃក្រោយពួកយើងធ្វើអ្វីដែលមិនស្របច្បាប់ ឬក៏ជឿតាមគេញុះញង់នោះខ្លួនយើងផ្ទាល់សុំឈប់ពីការងារដោយមិនត្រូវទាមទារអត្ថប្រយោជន៍អ្វីទាំងអស់ និងមិនត្រូវកកូរកកាយផ្ទៃក្នុងរបស់ក្រុមហ៊ុនជាដើម។ ដូចនេះជាអ្វីដែលយើងមិនអាចទទួលយកបានទេ។ យើងចង់បានការវិលត្រឡប់ចូលធ្វើការវិញដោយគ្មានផ្តិតមេដៃដោយគ្មានចុះហត្ថលេខាអ្វីទាំងអស់ប៉ុន្តែខាងក្រុមហ៊ុនមិនព្រមនូវចំណុចនេះ»។
លោក ស៊ឹម សុខា បានបញ្ជាក់ថាប្រសិនបើក្រុមហ៊ុនមិនព្រមទទួលពួកគាត់ដោយការបដិសេធបំពេញបែបបទថ្មីពួកគាត់នឹងធ្វើការតវ៉ាបន្តទៀត។
លោកបានថ្លែងបន្ថែមថា៖ «យើងគិតថាគោលការណ៍របស់ក្រុមហ៊ុនគឺកំពុងតែធ្វើឲ្យយើងក្លាយជាបុគ្គលិកថ្មីបានជាឲ្យយើងបំពេញបែបបទថ្មីដូចនេះ»។
ទាក់ទងនឹងការបដិសេធចូលធ្វើការវិញរបស់ក្រុមអ្នកតវ៉ានេះលោក ភូ កុកវ៉ាន់ ជំនួយការនាយកក្រុមហ៊ុនបានប្រាប់ កាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទ ម្សិលមិញ នេះដែរថា ក្រុមហ៊ុន និងអ្នកតវ៉ាទាំងនោះបានធ្វើការពិភាក្សាជាមួយអ្នកបើកបរទាំងនោះ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានចរចាជាមួយគាត់ដោយឲ្យគាត់ចូលធ្វើការវិញដោយឲ្យស្របតាមសាលក្រមដីការក្សាការពាររបស់សាលារាជធានីភ្នំពេញ ហើយក្រុមហ៊ុនបានស្នើឲ្យគាត់ចូលធ្វើការវិញដោយឲ្យគាត់ដាក់លិខិតរដ្ឋបាលថាគាត់ចូលធ្វើការថ្ងៃនេះខែនេះ ប៉ុន្តែបែរជាពួកគាត់បានបដិសេធអនុវត្តតាម។
លោកបានថ្លែងថា៖ «ពួកគាត់ថាពួកគាត់ចូលគឺចូលដោយមិនបាច់ធ្វើលិខិតរដ្ឋបាលហើយពួកគាត់បែរជាចោទក្រុមហ៊ុនថាចង់លុបបំបាត់អតីតភាពការងាររបស់ពួកគាត់។ យើងបានធ្វើការពន្យល់ពួកគាត់ថាអតីតភាពការងាររបស់ពួកគាត់នៅដដែលយើងមិនបានបំបាត់អតីតភាពការងាររបស់ពួកគាត់ទេព្រោះអីយើងឲ្យគាត់ធ្វើលិខិតរដ្ឋបាលនេះគឺដោយសារតែពេលពួកគាត់ធ្វើពហិកាមិនធ្វើការគាត់បានដាក់លិខិតមកក្រុមហ៊ុនថាគាត់មិនបើកឡានទេដូចនេះពេលគាត់ចូលវិញក៏ត្រូវដាក់លិខិតរដ្ឋបាលវិញថាគាត់ចូលធ្វើការវិញថ្ងៃនេះខែនេះដើម្បីឲ្យគណនេយ្យក៏ដូចជាខាងការងាររដ្ឋបាលអាចប្រព្រឹត្តទៅដោយរលូន»។
លោកបានបន្តទៀតថាក្រុមហ៊ុនមិនបានដាក់លក្ខខណ្ឌឲ្យគាត់ទេដោយគ្រាន់តែឲ្យគាត់បំពេញលិខិតរដ្ឋបាលបញ្ជាក់ថាគាត់បានត្រឡប់ចូលធ្វើការវិញតែប៉ុណ្ណោះ។
លោក ភូ កុកវ៉ាន់ បានបញ្ជាក់ថាក្រុមហ៊ុននឹងបន្តធ្វើការដោះស្រាយបញ្ហានេះទៅតាមផ្លូវច្បាប់ប្រសិនបើពួកគាត់នៅតែបន្តបដិសេធចូលធ្វើការវិញ។
សូមបញ្ជាក់ថា អ្នកបើកបរឡានក្រុងរបស់ក្រុមហ៊ុនកាពីតូលបានចេញធ្វើការតវ៉ាកាលពីថ្ងៃទី ២២ ខែកក្កដា ដោយមានកាន់បដាទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិក ៥ នាក់ដែលត្រូវបានបញ្ឈប់កាលពីថ្ងៃទី ១៩ ខែដដែលបន្ទាប់ពីពួកគេបង្កើតសហជីពក្នុងក្រុមហ៊ុនប៉ុន្តែក្រុមហ៊ុនថាពួកគេត្រូវបានបញ្ឈប់ដោយមិនបានគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន៕