ស្វាយរៀងៈ មន្រ្តីមន្ទីរសុខាភិបាល ខេត្ត ស្វាយរៀង ពីថ្ងៃចន្ទបានឲ្យដឹងថា បុគ្គលិកកាស៊ីណូ ឡាវ៉េហ្គាស ដែលបានដួលសន្លប់ដោយសារការពុលចំណីអាហារកាលពីរសៀលថ្ងៃអាទិត្យនោះបានធូរស្រាល និងចេញពីមន្ទីរពេទ្យអស់ហើយ កាលពីថ្ងៃម្សិលមិញ។
លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត ស្វាយរៀង បានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា បុគ្គលិកកាស៊ីណូ ឡាវ៉េហ្គាស ដែលបានពុលអាហារកាលពីថ្ងៃអាទិត្យនោះសរុបទាំងអស់មានជាង ៦០ នាក់។
លោកនិយាយថា៖ «ខ្ញុំបានទទួលរបាយការណ៍សរុបរួមទាំងអស់ពីមន្រ្តីរបស់ខ្ញុំដែល បានចុះទៅដល់កន្លែងកើតហេតុ។ អ្នកជំងឺទាំងអស់មានចំនួន ៦៧ នាក់ដែលបានក្អួត រាក និងខ្លះបានដួលសន្លប់»។
លោក កែរ រដ្ឋា បានបន្តទៀតថា លោកបានធ្វើការប្រមូល បន្លែ ម្ហូប និងកំហាករបស់អ្នកជំងឺទៅធ្វើការពិនិត្យរកមូលហេតុ ឲ្យបានច្បាស់លាស់រួចហើយកាលពីម្សិលមិញ។
លោកបន្តឲ្យដឹងទៀតថា៖ «លោកបានធ្វើការណែនាំទៅដល់កាស៊ីណូឲ្យយកចិត្តទុកដាក់ក្នុងការ ធ្វើអនាម័យឲ្យបានស្អាត និងត្រូវគិតពីសុខភាពរបស់បុគ្គលិកជាចម្បង»។
លោក កែរ រដ្ឋា បានបញ្ជាក់ថា បន្លែដែល កាស៊ីណូ ឡាវ៉េហ្គាស ទិញមកសម្រាប់ធ្វើម្ហូបអាហាររាល់ថ្ងៃនោះ គឺនាំមកពីកសិដ្ឋានដាំបន្លែមួយក្នុងស្រុកទេ មិនមែនទិញនាំចូលមកពីប្រទេស វៀតណាម ឡើយ៕