ភ្នំពេញៈ ក្រុមអ្នករត់រ៉ឺម៉កទេសចរណ៍ ១១៥នាក់ ដែលបានធ្វើកូដកម្មរយៈពេល ៤ថ្ងៃ នៅខាងមុខផ្សារទំនើប AEON ផ្លូវសុធារស នៅរសៀលថ្ងៃម្សិលមិញនេះ បានសម្រេចចូលជាសមាជិកនៃសមាគមដែលជាភាគីជម្លោះដើម្បីបញ្ចប់បញ្ហាដណ្តើមទីផ្សារគ្នា។
លោក គង់ សុផល ដែលអះអាងជាតំណាងក្រុមអ្នកតវ៉ា បានថ្លែងឲ្យដឹងថា ការសម្រេចបែបនេះគឺក្រោយកិច្ចចរចាត្រីភាគីមួយរវាងភាគីក្រុមហ៊ុន ខាងសមាគមនិងតំណាងអ្នកតវ៉ា ដែលបានឯកភាពគ្នាចំពោះការចូលជាសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា (CCDA) ដើម្បីបន្តសេវាដឹកភ្ញៀវនៅផ្សារ AEON នេះ មិនទាន់តម្រូវឲ្យបង់ប្រាក់ចូលជាសមាជិកនោះទេ។
លោកបន្តថា ពីមុនមកក្រុមអ្នកតវ៉ាមិនព្រមចូលជាសមាជិកនៃសមាគមនេះ គឺដោយសារពួកគេមិនមានលទ្ធភាពក្នុងការបំពេញលក្ខខណ្ឌទាមទាររបស់សមាគមដែលតម្រូវឲ្យបង់ប្រាក់ ៣៣០ ដុល្លារនិងតម្លៃលើសេវាផ្សេងៗទៀត។
លោកបន្តឲ្យដឹងថា៖ «ពួកយើងសម្រេចចូលជាសមាជិកនៃសមាគមនេះបណ្តោះអាសន្នសិន ព្រោះគេមានអាជ្ញាប័ណ្ណនិងកុងត្រាជាមួយផ្សារនេះ បើយើងបង្កើតសមាគមថ្មីគឺទាមទារឯកសារច្រើនហើយចំណាយពេលយូរទៀត»។
ប្រធានគ្រប់គ្រងភ្នាក់ងារសមាជិករ៉ឺម៉កទេសចរណ៍និងម៉ូតូឌុបនៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា (CCDA) លោក ផា ថា បានឲ្យដឹងថា ការកំណត់ប្រាក់ដើម្បីចូលជាសមាជិកសមាគមដែលបានលេចឮថា មានតម្លៃដល់ទៅ ៣៣០ ដុល្លារឬ ៣៥០ ដុល្លារនោះ គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ហើយករណីនេះ សមាគមមិនទាន់បានកំណត់តម្លៃក្នុងការចូលជាសមាជិកថ្មីរបស់ក្រុមអ្នករត់រ៉ឺម៉កទាំងនេះនៅឡើយទេ។
លោកបញ្ជាក់ថា៖ «សមាគមនេះ បានដាក់ដេញថ្លៃមួយខែមុនការសម្ពោធផ្សារនេះ និងទើបទទួលបានសិទ្ធិក្នុងការឲ្យមកទទួលដឹកភ្ញៀវកាលពីថ្ងៃ ទី១ ខែកញ្ញា នេះដែលជាថ្ងៃចាប់ផ្តើមនៃការតវ៉ារបស់ក្រុមអ្នករត់រ៉ឺម៉កទាំងនោះ»។
លោក ផា ថា បន្តឲ្យដឹងដែរថា សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានបង្កើតឡើងយូរឆ្នាំមកហើយ និងមានទីតាំងក្នុងខណ្ឌទាំង ១២ នៅរាជធានីភ្នំពេញបច្ចុប្បន្ននេះ មានសមាជិកសរុបជាង ១ ម៉ឺននាក់។
លោក សុខ ថុល ប្រធានសន្តិសុខផ្សារ AEON និងជាតំណាងមួយរូបនៃភាគីក្រុមហ៊ុនក្នុងកិច្ចចរចាកាលពីម្សិលមិញបានឲ្យដឹងដែរថា ក្រុមហ៊ុនបានសម្រេចអនុញ្ញាតឲ្យតែសមាជិកសមាគម CCDA បន្តដឹកភ្ញៀវនៅផ្សារនេះទេ តែសម្រាប់អតីតក្រុមអ្នករត់រ៉ឺម៉កទាំង ១១៥នាក់ នោះគឺក្រុមហ៊ុនទាមទារឲ្យមានការចងក្រងជាសមាគមស្របច្បាប់ជាមុនសិន ទើបក្រុមហ៊ុន អាចពិចារណាថា ត្រូវឲ្យបន្តឬយ៉ាងណាទៀតនោះ៕