
ការអនុវត្តសាលក្រមឈូសបំផ្លាញផ្ទះអ្នកកែវផុសយកដីឲ្យលោកជៀម ផែន។ រូបថត សហការី
ភ្នំពេញៈ សមាជិកនៃបណ្ដាញសង្គមហ្វេសប៊ុក(Facebook) បានបញ្ចេញប្រតិកម្មតបទៅលោកឧកញ៉ា ជៀម ផែន ម្ចាស់ក្រុមហ៊ុននាំចូលស្រាបៀរ Leo និង Chang ដោយចែកចាយសារអំពាវនាវបន្តគ្នាឲ្យឈប់ពិសាស្រាបៀរទាំងពីរមុខ នេះ ដោយសារសកម្មភាពឈូសឆាយកម្ទេចលំនៅដ្ឋានពលរដ្ឋ៤៩ គ្រួសារ នៅកែវផុស កាលពីដើមខែមីនា។
សារអំពាវនាវនៃសមាជិកបណ្ដាញ សង្គមនេះ ខ្លះមានដាក់សញ្ញារូបក្បាលខ្មោចពណ៌ក្រហម លើរូបកំប៉ុងស្រាបៀរ Leo និង Chang និងដាក់រូបថតបង្ហាញពីសកម្មភាពកម្ទេចផ្ទះ និងក្ដីឈឺចាប់របស់ជនក្រីក្រ នៅក្នុងភូមិ-ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផង។
សារអំពាវនាវនៃសមាជិក ហ្វេសប៊ុក ដែលប្រើឈ្មោះ ទី ស្រីពេជ្រ លើកឡើងថា នាងនឹងប្រាប់មិត្តភក្តិប្រុសស្រី នាងឲ្យឈប់ពិសាស្រាបៀរទាំងពីរមុខនេះ និងបានសរសេរថា៖ «លោកជៀម ផែន ពិតជាជនកំណាច អមនុស្សធម៌» ប្រើប្រាស់លុយពីការនាំចូលនិងលក់ចែកចាយស្រាបៀរទាំងពីរមុខនេះ យកទៅប្រើសមត្ថកិច្ចឲ្យធ្វើបាបពលរដ្ឋក្រីក្ររហូតដល់អស់ផ្ទះសម្បែង ដីធ្លី និងទីជម្រករស់នៅ។
សមាជិកហ្វេសប៊ុកម្នាក់ទៀត លោក លីវ បាវី សរសេរថា៖ «បញ្ឈប់ការផឹកស្រាបៀរលីអូ និងស្រាបៀរឆាង អាចជួយកាត់បន្ថយការបណ្ដេញពលរដ្ឋពីលំនៅដ្ឋានដោយហិង្សា»។
ពាក់ព័ន្ធនឹងការអំពាវនាវនេះ លោក ខ័ណ្ឌ ចន្ទសុផល ប្រធានក្រុមបណ្ដាញសង្គម ហ្វេសប៊ុកព័ត៌មានជាតិថ្មីៗ ដោយសេរីនិងប្រតិកម្មរហ័ស បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ រិះគន់ទៅលើអ្នកបញ្ជូនសារទាំងនេះថា ជាការចូលរួមវាយប្រហារខាងពាណិជ្ជកម្មដ៏ធំមួយ ប្រឆាំងក្រុមហ៊ុនស្រាបៀរ Leo និង Chang ដោយខ្វះការពិចារណាឲ្យបានល្អិនល្អន់។
លោកថ្លែងថា ៖ «យើងពិនិត្យឃើញថា សារទាំងនោះបង្ហាញអំពីជម្លោះផ្ទៃក្នុងលើផ្នែកជំនួញស្រាបៀរ ខណៈស្រាបៀរ Leo និង Chang កំពុងមានប្រជាប្រិយភាពពីអតិថិជនរបស់ខ្លួន»។
លោកថ្លែងថា៖ «ខ្ញុំគិតថា យើងមិនគួរភ្ជាប់ទំនាស់ដីធ្លីទៅនឹងជម្លោះមុខជំនួញស្រាបៀរនោះទេ ...ចង់មិនចង់ អ្នកផ្ដើមគំនិតនៅក្នុងការបញ្ជូនសារនេះ ជាអ្នកបម្រើការងារ ឬផលប្រយោជន៍ឲ្យក្រុមហ៊ុនស្រាបៀរណាមួយ ដែលមានវិវាទខាងផ្នែកទីផ្សារពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនស្រាបៀរទាំងពីរនេះក៏ថាបាន»។
កាលពីថ្ងៃទី៥ ខែមីនា កម្លាំងប្រដាប់អាវុធអាជ្ញាធរដែនដីខេត្តព្រះសីហនុ និងព្រះរាជអាជ្ញាសាលាដំបូងខេត្តបានចុះអនុវត្តសាលក្រមបណ្ដោះអាសន្នរបស់តុលាការ ដោយបានឈូសឆាយដីនិងផ្ទះពលរដ្ឋ៤៩គ្រួសារ នៅកែវផុសយកដីទៅឲ្យឧកញ៉ា ជៀម ផែន ថៅកែស្រាបៀរ Leo-Chang ដែលជាភាគីឈ្នះក្ដី។
ក្រោយពីបាត់បង់ដីធ្លីនិងលំនៅដ្ឋាន គ្រួសារពលរដ្ឋក្រីក្រទាំងនេះ បាននាំគ្នាទៅ នៅលើឆ្នេរខ្សាច់់មាត់សមុទ្រចម្ងាយពីភូមិធ្លាប់រស់នៅប្រមាណ ២គីឡូម៉ែត្រ។ ដោយឃើញនូវការលំបាកវេទនា លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសទទួលយកពួកគេឲ្យទៅរស់នៅជាបណ្ដោះអាសន្ននៅផ្ទះ ជាបុរីកម្មកររបស់លោក ដោយផ្ដល់ការងារនៅក្នុងក្រុមហ៊ុនលោកថែមទៀត ខណៈក្រុមសង្គមស៊ីវិលមួយចំនួនបាននាំយកស្បៀងអាហារនិងសម្ភារ ប្រើប្រាស់ខ្លះ ទៅផ្គត់ផ្គង់អ្នកទាំងនោះ ដើម្បីសម្រួលការខ្វះខាតមួយរយៈខ្លី។
តាមរបាយការណ៍ព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមប្រព័ន្ធអ៊ីនធឺណិតពីម្សិលមិញ ការចុះអនុវត្តសាលក្រមបណ្ដោះអាសន្ននេះបាន «បំពាន»លើថ្នាក់លើ ខ្លួន។ ក្នុងរបាយការណ៍ព័ត៌មាននេះ បានដកស្រង់សេចក្ដីណែនាំលោក ឌិត មុន្ទី ប្រធានតុលាការកំពូល ទៅកាន់ប្រធានតុលាការសាលាឧទ្ធរណ៍ រួមទាំងប្រធានតុលាការរាជធានី ខេត្ត-ក្រុងនានាថា៖ «ការសម្រេចឲ្យអនុវត្ត បណ្ដោះអាសន្ននូវសាលក្រមឬសាលដីការដ្ឋប្បវេណី ដែលទាក់ទងនឹងការទាមទារសិទ្ធិលើអចលនវត្ថុ មិនត្រូវមានតទៅទៀតទេ ក្នុងស្ថានភាពបច្ចុប្បន្ន ខណៈរាជរដ្ឋាភិបាលកំពុងតែអនុវត្តយ៉ាងក្ដៅគគុកនូវនយោបាយកំណែទម្រង់ដីធ្លី»។
លោកឧកញ៉ា ជៀម ផែន និងអ្នកគ្រប់គ្រងការចែកចាយស្រាបៀរទាំងពីរមុខនេះ មិនអាចទាក់ទងរកការបញ្ជាក់តបទៅនឹងការអំពាវនាវនៃសមាជិកអ្នកលេងហ្វេសប៊ុកនេះបានទេ ពីម្សិលមិញ៕