The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​វិភាគ មើល​ឃើញ​កម្ពុជា​ហាក់​ឃ្លាត​ពី​ចិន​បន្ទាប់​ពី​ជំនួប​នៅ​ជប៉ុន

អ្នក​វិភាគ មើល​ឃើញ​កម្ពុជា​ហាក់​ឃ្លាត​ពី​ចិន​បន្ទាប់​ពី​ជំនួប​នៅ​ជប៉ុន

អ្នក​វិភាគ មើល​ឃើញ​កម្ពុជា​ហាក់​ឃ្លាត​ពី​ចិន​បន្ទាប់​ពី​ជំនួប​នៅ​ជប៉ុន

131218_06
លោក ហ៊ុន សែន និងលោក ស៊ីនហ្សូ អាបេ ក្នុងជំនួបកាលពីថ្ងៃ១៥ ធ្នូ AFP

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​វិល​ត្រឡប់​មក​ប្រទេស កម្ពុជា វិញ​ដោយ​ជោគជ័យ​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស ជប៉ុន ដែល​លោក​ទទួល​បាន​កម្ចី​ថ្មី ១៣៤ លាន​ដុល្លារ​អាមេរិក ជា​ការ​សន្យា​ពង្រឹង​កិច្ច​សហ​ប្រតិបតិ្តការ​ការពារ​ជាតិ និង​ការ​បង្កើន​ទំនាក់​ទំនង​ទ្វេ​ភាគី​ឲ្យ​ទៅ​ជា​ដៃគូ​យុទ្ធសាស្រ្ត។

អ្នក​ជំនាញ​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ប៉ុន្តែ អ្នក​សង្កេតការណ៍​ដែល​សង្ឃឹម​នឹង​បកស្រាយ​ការ​ពង្រឹង​ចំណង​ទំនាក់​ទំនង​នេះ​ថា ជា​សញ្ញា​បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​របស់​កម្ពុជា​ចំពោះ​ចិន​ធ្លាក់​ចុះ និង​មាន​ការ​យល់​ច្រឡំ។

កិច្ច​ពិភាក្សា​ទ្វេ​ភាគី​រវាង​លោក ហ៊ុន សែន និង​លោក ស៊ីនហ្សូ អាបេ នាយក​រដ្ឋ​មន្រ្តី ជប៉ុន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ជប៉ុន ដែល​ក្នុង​កិច្ច​ប្រជុំ​នោះ ជប៉ុន បាន​សន្យា​ផ្តល់​ជំនួយ ២០ ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​តំបន់​ដែល​បញ្ចប់​ឆ្នាំ ហើយ​ដែល​មហា​អំណាច​អាស៊ី​បូព៌ា​មួយ​នេះ​បាន​ខិតខំ​ទាក់ទាញ​អាស៊ាន​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​ប្រឹង​ប្រែង​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ថ្នាក់​តំបន់ ខណៈ​ដែល​បន្ត​មាន​ភាព​ជាប់​គាំង​ជាមួយ​នឹង​ចិន ទាក់ទង​នឹង​កោះ​នៅ​សមុទ្រ​ចិន​ខាង​កើត។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម ជប៉ុន-អាស៊ាន កាល​ពី​ថ្ងៃ​សៅរ៍ មេ​ដឹក​នាំ​បាន​ព្រមព្រៀង «ពង្រឹង​កិច្ច​សហ​ប្រតិបតិ្តការ​ដើម្បី​ធានា ឲ្យ​មាន​សេរីភាព ក្នុង​ការ​ហោះ​ហើរ ដែល​ត្រូវ​បាន​ជឿ​ជាក់​ថា ជា​ការ​យោង​ទៅ​លើ​តំបន់​ការពារ​ផ្លូវ​អាកាស​ដ៏​ចម្រូង​ចម្រាស ដែល​ចិន​បាន​កំណត់​ជា​ឯកតោភាគី​លើ​សមុទ្រ​ចិន​ខាង​កើត ដែល​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​នឹង​ជប៉ុន​និង​សហរដ្ឋ​អាមេរិក។

លោក​បណ្ឌិត Ian Storey សាស្រ្តាចារ្យ​វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍​នៅ សិង្ហបុរី បាន​ថ្លែង​ថា ខណៈប្រទេស​អាស៊ាន​មួយ​ចំនួន​អាច​សម្លឹង​ទៅ​រក​ជប៉ុន​ជា​សម្ព័ន្ធភាព សន្តិសុខ ដោយ​សារ​តែ​ពួកគេ​មាន​វិវាទ​ផ្ទាល់​ជាមួយ​នឹង​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ខាង​ចិន ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ខាង​សេដ្ឋកិច្ច។

លោក​បន្ត​ថា៖ «ប្រទេស​ភាគ​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍​ច្បាស់​ជា​ព្យាយាម និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ទំនាក់​ទំនង​ជាមួយ​នឹង​អាមេរិក​និង ចិន ប៉ុន្តែ ខ្ញុំ​មិន​គិត​ថា កម្ពុជា​ធ្វើ​អ៊ីចឹង​នោះ​ទេ។ ចិន ដែល​កាល​ពី​ឆ្នាំ​មុន [ក្នុង​អំឡុង​កម្ពុជា​ជា​ប្រធាន​អាស៊ាន] ស្ថិត​នៅ​ចំណុច​កំពូល​នៃ​ទំនាក់​ទំនង​ការ​បរទេស ហើយ​ខ្ញុំ​មិន​គិត​ថា ចំណុច​នោះ​នឹង​ផ្លាស់​ប្តូរ​ឡើយ ក្នុង​ពេល​ឆាប់ៗ​នេះ»។

លោក​បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា កម្ពុជា​អាច​នឹង​បន្ត​ទទួល​បាន​ជំនួយ​ទ្វេ​ភាគី​ពី​ជប៉ុន ដែល​ជា​ម្ចាស់​ជំនួយ​អភិវឌ្ឍន៍​ធំ​បំផុត​របស់​កម្ពុជា​ដោយ​ពុំ​ធ្វើ​ឲ្យ​ចិន​មិន​ព្រម​ទទួល​នោះ​ឡើយ។ «ខ្ញុំ​គិត​ថា ចិន​ឆ្លាត​វៃ​យល់​ដឹង​អំពី​កម្លាំង​នៅ​ទី​នេះ ហើយ​ការ​ប្រកាស​ពី​ភាព​ជា​ដៃ​គូ​មាន​លក្ខណៈ​ជា​នយោបាយ​ជាង​ខ្លឹមសារ។ ខ្ញុំ​មិន​គិត​ថា ចិន​នឹង​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​ទេ។ គេ​បាន​ដឹង​ថា ជំហរ​របស់​ចិន​នៅ កម្ពុជា បាន​ចាក់​ឫស​យ៉ាង​ជ្រៅ»។

លោក Termsak Chalermpalanupap អ្នក​ស្រាវជ្រាវ​នាំ​មុខ​លើ​កិច្ចការ​នយោបាយ និង​សន្តិសុខ នៅ​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន នៅ សិង្ហបុរី បាន​ថ្លែង​ថា ការ​បែង​បាក់​នៅ​អាស៊ាន​បាន​កើត​ឡើង​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន អាស៊ាន កាល​ពី​ឆ្នាំ​មុន ដែល​ប្រទេស​នេះ​បាន​ប្រឹង​ប្រែង​មិន​ធ្លាប់​មាន​ពី​មុន​ដើម្បី​បញ្ចៀស​ការ ពិភាក្សា​អំពី​វិវាទ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Termsak បន្ត​ថា បើ​ទោះ​ជា​មាន​ការ​ជំទាស់​មិន​សូវ​ខ្លាំង​របស់​អាស៊ាន​លើ​តំបន់​ការពារ​ផ្លូវ​អាកាស ក្នុង​សេចក្តី​ថ្លែង​ការណ៍​នា​សប្តាហ៍​នេះ​ក៏​ដោយ មេ​ដឹក​នាំ​អាស៊ាន ហាក់​បី​ដូចជា​ត្រូវ​បង្ក្រាប​ក្នុង​ការ​គាំទ្រ​តួនាទី​សន្តិសុខ​ថ្មី របស់​ជប៉ុន។

លោក​ថ្លែង​ថា៖ «គ្រប់​ប្រទេស​នៅ​អាស៊ាន​មាន​គោល​នយោបាយ​សន្តិសុខ និង​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​ពេល​រួម​គ្នា វា​សំខាន់​ដែល​អាស៊ាន​ជា​ក្រុម​មិន​ត្រូវ​ប្រកាន់​បក្ស ហើយ​ត្រូវ​ជា​មិត្ត​នឹង​ប្រទេស​ទាំង​អស់»។

ថ្លែង​ប្រាប់ Wall Street Journal កាល​ពី​ថ្ងៃ​ចន្ទ លោក Ernie Bower ទីប្រឹក្សា​ជាន់​ខ្ពស់​និង​ជា​ប្រធាន​សិក្សា​អាស៊ី​អាគេ្នយ៍​នៅ មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្រ្ត​និង​អន្តរជាតិ កំណត់​ថា កម្ពុជា​ជា​ប្រទេស​មិន​អាច​ប្រឈម​នឹង​ចិន​បាន​ទេ។

លោក​បន្ត​ថា៖ «ប្រសិន​បើ​អ្នក​រៀប​ប្រទេស​អាស៊ាន​នៅ​លើ​ខ្សែ​បន្ទាត់​អំពី​ឆន្ទៈ ពង្រឹង​ឯកភាព ដើម្បី​ផ្ញើ​សារ​ខ្លាំង​មួយ​ទៅ​ឲ្យ​ចិន មើល​ទៅ​ហាក់​បែប​នេះ ពី​អ្នក​ចង់​ខ្លាំង​ដល់​អ្នក​ចង់​តិច​បំផុត គឺ ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ មីយ៉ាន់ម៉ា សិង្ហបុរី ឡាវ និង កម្ពុជា»។

លោក Carlyle Thayer អ្នក​ជំនាញ​ស្តី​ពី​អាស៊ី​អាគ្នេយ៍ របស់​បណ្ឌិត្យសភា​យោធា អូស្រ្តាលី ថ្លែង​ថា បើ​ទោះ​ជា​ចិន​ជា​អ្នក​វិនិយោគ​ធំ​បំផុត​របស់​កម្ពុជា​ក៏​ដោយ ក៏​ប៉ុន្តែ កម្ពុជា​ត្រូវ​ការ​ជំនួយ​អភិវឌ្ឍន៍​ពី​បរទេស​ដើម្បី​បំពេញ​ថវិកា​របស់​ខ្លួន។

លោក​បន្ត​ថា៖ «កម្ពុជា​ចង់​បាន​ជំនួយ ហើយ​ជប៉ុន ចង់​បាន​ឥទិ្ធពល​ដើម្បី​ទប់​ជាមួយ​ចិន។ កម្ពុជា​ចង់​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ចិន ហើយ​យក​ជំនួយ​អភិវឌ្ឍន៍​របស់​ជប៉ុន។ [ប៉ុន្តែ] ប្រសិន​បើ​ជប៉ុន​ដាក់​លក្ខខណ្ឌ នោះ​កម្ពុជា​នឹង​រង​សម្ពាធ»។

លោក​បន្ថែម​ថា ប៉ុន្តែ ចាប់​ពី​ប្រគល់​តំណែង​ប្រធាន​អាស៊ាន​ទៅ​ឲ្យ ប្រ៊ុយណេ កម្ពុជា​បាន​ស្ងប់ស្ងាត់ អំពី​វិវាទ​សមុទ្រ​ចិន​ខាង​ត្បូង។ «វា​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ ចិន ក្នុង​ពេល​កម្ពុជា​នៅ​ជា​ប្រធាន អាស៊ាន។

យោង​តាម ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ជប៉ុន លោក ហ៊ុន សែន បាន​ប្រាប់​លោក អាបេ ក្នុង​អំឡុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​រីករាយ​ដែល​ជប៉ុន​កំពុង​ខិតខំ បង្កើន​ទំនាក់​ទំនង​ជាមួយ ចិន បន្ទាប់​ពី​លោក អាបេ លើក​អំពី​តំបន់​ការពារ​ផ្លូវ​អាកាស។

លោក សុខ ទូច អ្នក​វិភាគ​នយោបាយ​និង​ជា​អនុ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ នៅ​កម្ពុជា ថ្លែង​ថា កម្ពុជា​អាច​បន្ត​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ជប៉ុន ដោយ​មិន​ធ្វើ​ឲ្យ​ចិន​ខឹង។

លោក​ថា៖ «ទស្សនៈ​របស់​ចិន គឺ​ថា ចិន​គ្មាន​មិត្ត និង​គ្មាន​សត្រូវ​ទេ ប៉ុន្តែ ចិន​គ្រាន់​តែ​ផ្តោត​លើ​ផល​ប្រយោជន៍​ផ្ទាល់​របស់​ខ្លួន​ប៉ុណ្ណោះ»៕ TK

អត្ថបទគួរចាប់អារម្មណ៍