តាកែវៈ មួយថ្ងៃបន្ទាប់ពីស្រែកហ៊ោអ្នកប្រដាល់នៅរាជធានីភ្នំពេញ ផាក់ ចំប៉ី (ឈ្មោះដាក់ឲ្យ) ត្រៀមខ្លួនវិលត្រឡប់ទៅផ្ទះវិញ នៅ ខេត្តតាកែវ នៅពេលនោះ ស្រាប់តែមានស្រ្តីម្នាក់ដើរមកជិតនាង ខណៈដែលនឹងកំពុងតែត្រឡប់មករថយន្តវិញ។
អ្នកស្រី ចំប៉ី ថ្លែងថា៖ «ស្រ្តីម្នាក់នោះ ដែលពាក់ម៉ាស់ ដើម្បីកុំឲ្យគេចំណាំខ្លួន បានយកទារកមកដល់រថយន្ត ហើយសួរខ្ញុំថាតើ ខ្ញុំអាចបីទារកនោះមួយភ្លែតបានទេ ខណៈគាត់ទៅទិញទឹកដោះគោ។ គាត់ថា គាត់នឹងមកវិញ»។
អ្នកស្រី ចំប៉ី រង់ចាំមនុស្សចម្លែកមិនធ្លាប់ស្គាល់ជាងមួយម៉ោង បន្ទាប់មកអ្នកដទៃទៀតក្នុងរថយន្តសម្រេចព្រមគ្នាថា គេត្រូវចេញដំណើរ។ ក្រោយមក អ្នកស្រីបានវិលមកភ្នំពេញវិញ ហើយដាក់ពាក្យបណ្តឹងទៅនគរបាល ប៉ុន្តែ អាជ្ញាធរពុំបានទទួលបណ្តឹងបាត់កូនទេ ហើយមិនអាចរកឃើញម្តាយទេ។
នៅយប់នោះ គឺ ១១ ឆ្នាំមុន គឺជាពេលវេលា ទី១ ដែលអ្នកស្រី ចំប៉ី បីទារក ដែលឥឡូវនេះ អ្នកស្រីហៅថា កូនប្រុស។
ខណៈដែលអ្នកស្រី ចំប៉ី ក្លាយជាម្តាយចិញ្ចឹមកូនប្រុសនេះជារឿងខុសធម្មតា តែគោលគំនិតដែលឪពុកម្តាយលះបង់កូនទៅឲ្យអ្នកដទៃចិញ្ចឹមមិនមែនជារឿងថ្មីទេ នៅកម្ពុជា។ ច្បាប់ក្នុង ប្រទេសកម្ពុជា គ្រប់គ្រងលើការស្មុំកូន ប៉ុន្តែ នៅពេលឪពុកម្តាយសម្រេចចិត្តថា អ្នកផ្សេងស័ក្តិសមជាងខ្លួនក្នុងការចិញ្ចឹមកូនខ្លួននោះ ពួកគេពុំពាក់ព័ន្ធនឹងតុលាការទេ។
លោកស្រី ឆាន សុគន្ធា ប្រធានផ្នែកសិទិ្ធស្រ្តី និងកុមារនៅសមាគមអាដហុក បានថ្លែងថា៖ «គេគ្មានលទ្ធភាពថែទាំកូន ដូច្នេះ គេឲ្យកូនទៅអ្នកដទៃទៀតដើម្បីថែទាំជំនួសខ្លួន»។
លោកស្រីបានបន្តថា កត្តាផ្សេងៗ ដូចជា ភាពក្រីក្រ ការលែងលះ និងគ្រួសារមិនចុះសម្រុងគ្នា ជាធម្មតាជំរុញឲ្យឪពុកម្តាយលះបង់កូន។ ដើម្បីស្មុំកូនស្របច្បាប់ ឪពុកម្តាយថ្មីត្រូវដាក់បណ្តឹងទៅតុលាការ ហើយបញ្ជាក់ភ័ស្តុតាងថា «វាពិបាក និងមិនសមស្របសម្រាប់ឪពុកម្តាយបង្កើតចិញ្ចឹមថែទាំកូនទេ» ឬថា មានស្ថានការណ៍ពិសេស ដែលធ្វើឲ្យការស្មុំកូនគឺជាការចាំបាច់ យោងតាមឯកសារស្តីពីការស្មុំកូនក្នុងស្រុករបស់ក្រសួងសង្គមកិច្ច។
លោកស្រី សុគន្ធា បានបន្តថា ឪពុកម្តាយស្មុំកូន ភាគច្រើននៅជនបទ និងក្រីក្រ ពេលខ្លះ គ្មានលទ្ធភាពបង់កម្រៃនៅតុលាការទេ ឬក៏រស់នៅឆ្ងាយត្រូវធ្វើដំណើរច្រើនលើកមកតុលាការ។ ឪពុកម្តាយជាច្រើនពុំអនុលោមតាមនីតិវិធីតុលាការទេ គឺគ្រាន់តែចិញ្ចឹមកូនថ្មីដូចកូនផ្ទាល់ខ្លួន។
អ្នកស្រី អូន ម៉ាលី (ឈ្មោះដាក់ឲ្យ) អាយុ ២៩ឆ្នាំ បានស្មុំកូនស្រីពីមន្ទីរពេទ្យនៅភ្នំពេញ បន្ទាប់ពីវេជ្ជបណ្ឌិតដែលអ្នកស្រីបានជួបប៉ុន្មានឆ្នាំមុន បានប្រាប់អ្នកស្រីថា ម្តាយកូនស្រីបានបដិសេធមិនទុកថែរក្សាកូនទេ។
អ្នកស្រី ម៉ាលី ដែលមិនដែលជួបម្តាយបង្កើតរបស់ទារិកានោះ បានថ្លែងថា៖ «ប្រសិនបើខ្ញុំមិនយកមករស់នៅជាមួយខ្ញុំ វានឹងត្រូវគេបោះចោល ឬត្រូវបញ្ជូនទៅកន្លែងកុមារកំព្រា»។
សុគន្ធា បានថ្លែងថា ទោះយ៉ាងណាក្តី ឥរិយាបថនៃការយកកូនទៅឲ្យគេចិញ្ចឹមដោយងាយៗ អាចបើកឲ្យមានការរំលោភបំពានលើកុមារនិងលំបាកសម្រាប់អាជ្ញាធរមើលឃើញ។
អង្គការអាដហុក បានឆ្លើយតបករណីបីនៅក្នុងឆមាសទីមួយនៃ ឆ្នាំ២០១៤ ដែលក្មេងដែលនៅក្រៅពីការចិញ្ចឹមពីឪពុកម្តាយបង្កើតរបស់ខ្លួនបានទទួលរងការបំពានក្នុងកណ្តាប់ដៃអាណាព្យាបាលដទៃ។
កាលពី ខែមិថុនា អង្គការក្រៅរដ្ឋាភិបាលបានឆ្លើយតបនឹងបណ្តឹងមួយដែលដាក់ដោយអ្នកភូមិក្នុង ខេត្តកោះកុង ដែលបាននិយាយថា ស្រ្តីម្នាក់ដែលនៅផ្ទះមួយជាមួយពួកគេត្រូវបានដាក់ច្រវាក់ «កូនស្មុំ» អាយុ ៤ឆ្នាំ នៅក្នុងផ្ទះរយៈពេល ៨ ម៉ោងក្នុងមួយថ្ងៃខណៈពេលគាត់ទៅធ្វើការ។
នៅពេលនគរបាលរកឃើញថា កូនដែលស្រ្តីនោះកំពុងរក្សាទុកជាថ្នូរនឹងម្តាយរបស់នាងជំពាក់ប្រាក់បានប្រាប់អំពីការដាក់ច្រវាក់និងទុកចោលឲ្យនៅម្នាក់ឯងដែលយូររហូតដល់ម្តងនោះនាងស្រេកទឹកខ្លាំងពេកនិងបានផឹកទឹកនោមខ្លួនឯង។
សុគន្ធា ដែលជឿថា អាជ្ញាធរតុលាការ និងក្រសួងសង្គមកិច្ច មិនបានធ្វើការងារគ្រប់គ្រាន់ក្នុងការការពារកូនស្មុំ បានថ្លែងថា៖ «រដ្ឋាភិបាលគួរតែអនុវត្តច្បាប់ចំពោះកូនចិញ្ចឹម»។
មន្រ្តីពីក្រសួងសង្គមកិច្ច បានបដិសេធមិននិយាយជាមួយអ្នកកាសែត ភ្នំពេញ ប៉ុស្តិ៍ អំពីបញ្ហានេះ ដោយថ្លែងថា ពួកគេត្រូវឲ្យមានលិខិតផ្លូវការក្នុងការសុំអត្ថាធិប្បាយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ការយកកូនអ្នកដទៃមកចិញ្ចឹមនៅពេលដែលឪពុកម្តាយរបស់ពួកគេមិនមានលទ្ធភាពគឺជាប្រពៃណីមួយនៅក្នុងសង្គមខ្មែរ ដោយឆ្លុះបញ្ចាំងពីឫសគល់នៃព្រះពុទ្ធសាសនា។
លោកថ្លែងថា មិត្តភក្តិឪពុករបស់លោក បានយកលោកទៅចិញ្ចឹមក្នុង ឆ្នាំ១៩៥៤ បន្ទាប់ពីឪពុករបស់លោកបានស្លាប់ដោយបន្សល់ទុកនូវម្តាយមេម៉ាយនៅមើលថែរក្សាលោក។
លោកថា៖ «យើងជាអ្នកកាន់សាសនាព្រះពុទ្ធ យើងព្យាយាមជួយគ្នាទៅវិញទៅមក។ ប្រជាជនកម្ពុជាស្និទ្ធនឹងគ្នាទៅវិញទៅមក ... ខ្ញុំគិតថា វាមិនស្មុគស្មាញដូចនៅលោកខាងលិចទេ»៕