ភ្នំពេញៈ ក្រុមអ្នកស្រឡាញ់បរិស្ថានប្រមាណជាង ២០០ នាក់បានប្រមូលផ្តុំគ្នាប្រារព្ធទិវាបរិស្ថានពិភពលោកកាលពីម្សិលមិញដោយស្នើឲ្យរដ្ឋាភិបាលនិងតំណាងរាស្ត្រជាប់ឆ្នោតពិនិត្យចំពោះការអនុវត្តច្បាប់ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិដែលកំពុងកើតឡើងយ៉ាងអនាធិបតេយ្យ។
អ្នកគាំទ្របរិស្ថានវ័យក្មេងរួមទាំងព្រះសង្ឃ មន្ត្រីសិទ្ធិមនុស្ស និងសកម្មជនដីធ្លីមួយចំនួនត្រូវបានអាជ្ញាធររារាំងមិនឲ្យដង្ហែជាក្បួនក្នុងទិវានេះទេ ប៉ុន្តែពួកគេអាចជួបជុំគ្នាបាននៅក្នុងតំបន់ដែលត្រូវបានកំណត់គឺនៅមុខក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា។
លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជាបានថ្លែងថា ការជួបជុំអាចធ្វើទៅបានតែនៅក្នុងចន្លោះផ្លូវប្រមាណជា ៣០០ ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែលោកនឹងចាត់តំណាងចំនួន ១០ នាក់ដើម្បីនាំយកញត្តិទៅដាក់តាមស្ថាប័នចំនួន ៤។
លោកថ្លែងថា៖ «យើងនឹងយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន ក្រសួងកសិកម្ម ស្ថានទូតចិន និងស្ថានទូត វៀតណាម។ យើងដាក់ទៅស្ថាប័នទាំងនេះដោយសារតែពួកគេមានការពាក់ព័ន្ធ ជាពិសេសគឺ ប្រទេសចិន និងប្រទេសវៀតណាម ដែលប្រទេសទាំងពីរនេះមានការវិនិយោគច្រើនជាងគេនៅក្នុង ប្រទេសកម្ពុជា ហើយដែលមានការប៉ះពាល់ច្រើនជាងគេដូចជា ព្រៃឈើ សត្វព្រៃ រ៉ែជាដើម»។
យុវជន ស៊ុន ចាន់ថន អាយុ ២៤ឆ្នាំ ដែលបានគូររូបដើមឈើនៅលើមុខនិយាយថា៖ «រូបនៅលើមុខរបស់ខ្ញុំនេះ គឺរូបដើមត្រល់ដែលខ្ញុំចង់បង្ហាញថា ដើមនេះ ជិតផុតពូជហើយដូចនេះយើងទាំងអស់គ្នា គួរតែនាំគ្នាចូលរួមការពារ និងដាំដើមត្រល់នេះឡើងវិញ»។
លោក ស៊ុន ចាន់ថន បានស្នើឲ្យរដ្ឋាភិបាលត្រូវសហការជាមួយនឹងសហគមន៍ និងអង្គការនានាដែលធ្វើការទាក់ទងនឹងព្រៃឈើ ធនធានធម្មជាតិដោយជំរុញ និងលើកទឹកចិត្តដល់ពួកគេនៅពេលដែលពួកគេធ្វើសកម្មភាពទប់ស្កាត់ឬផ្តល់ព័ត៌មានទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ។
យោងតាមសេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ការបាត់បង់ធនធានធម្មជាតិ និងព្រៃឈើបានផ្តល់ផលវិបាកជាអវិជ្ជមានដល់ការប្រែប្រួលអាកាសធាតុដូចជា កំណើនសីតុណ្ហភាពខ្ពស់ ការផ្លាស់ប្តូររបបទឹកភ្លៀង ទឹកជំនន់ ការបាត់បង់នូវប្រព័ន្ធជីវចម្រុះទាំងក្នុងទឹក និងលើដីកាន់តែធ្ងន់ធ្ងរទៅៗនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
សេចក្តីថ្លែងការណ៍បន្តថា៖ «ប្រសិនបើរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងស្ថាប័នតំណាងរាស្រ្តមិនយកចិត្តទុកដាក់ និងធ្វើការដោះស្រាយបញ្ហាការកាប់បំផ្លាញព្រៃឈើនេះឲ្យទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពទេ ព្រៃឈើ និងធនធានធម្មជាតិដ៏មានតម្លៃរបស់ កម្ពុជា នឹងត្រូវវិនាស ហើយបានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ និងបរិស្ថានកាន់តែធ្ងន់ធ្ងរទៅៗ»។
ក្រុមបណ្តាញយុវជនទាំងនោះ បានស្នើឲ្យរដ្ឋាភិបាលធ្វើការត្រួតពិនិត្យទៅលើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច សម្បទានរ៉ែ នៅតំបន់ព្រៃឡង់ ជំរុញឲ្យរាជរដ្ឋាភិបាលបញ្ឈប់រាល់បទល្មើសព្រៃឈើដែលកំពុងកើតមាន លុបគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងជាយអារែង និងទំនប់សេសានក្រោម ២ និងបញ្ឈប់ការគំរាមកំហែងគ្រប់រូបភាពលើអ្នកការពារព្រៃឈើការពារធនធានធម្មជាតិ និងបរិស្ថាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិតមួយក្នុងឱកាសប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោកដោយលោកបានចាត់ទុកកិច្ចការពារបរិស្ថាន ជាវិធានការដ៏ចាំបាច់បំផុតដើម្បីធានាចីរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយប្តេជ្ញាធ្វើការថែរក្សាព្រៃឈើឲ្យបានគង់នៅ ៦០ ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា៕