
ភ្នំពេញៈ យោងតាមតួលេខដែលចេញផ្សាយកាលពីថ្ងៃចន្ទ ដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ (CNM) បានឲ្យដឹងថា ករណីអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ បានធ្លាក់ចុះ ៨៥ភាគរយ នៅក្នុងរយៈពេល៥ខែដំបូងក្នុងឆ្នាំនេះ។
នៅក្នុងរបាយការណ៍នេះលោកវេជ្ជបណ្ឌិត ចរ ម៉េងចួ នាយកមជ្ឈមណ្ឌល CNM បានកត់សម្គាល់ឃើញថា មនុស្សចំនួន១៥១នាក់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់កាលពីឆ្នាំ ២០១០ហើយចំនួន៩៣នាក់ស្លាប់នៅឆ្នាំ២០១១ និងចំនួន៤៥នាក់ទៀតស្លាប់នៅឆ្នាំ២០១២។
លោកវេជ្ជបណ្ឌិត ម៉េងចួ បានមានប្រសាសន៍នៅក្នុងរបាយការណ៍នេះថា៖«រយៈពេល ៥ខែដំបូងថ្មីៗបំផុត នៃឆ្នាំនេះមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចំនួនតែ៤នាក់ប៉ុណ្ណោះគឺតិចជាងចំនួនអ្នកស្លាប់នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២ ចំនួន៨៥ភាគរយ ដែលពេលនោះមានអ្នកស្លាប់ដោយជំងឺនេះចំនួន២៧នាក់»។
ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ២០១២ចំនួនអ្នកជំងឺគ្រុនចាញ់សរុបដែលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៣១០៩៩ករណី។ នៅក្នុងរយៈពេលដូចគ្នានៅឆ្នាំនេះ មានករណីជំងឺគ្រុនចាញ់ចំនួន ១៣៧០៦ករណីគឺថយចុះ ៥៦ភាគរយបើធៀបនឹងឆ្នាំមុន។
រដ្ឋាភិបាលបានកំណត់ទិសដៅគ្មានការស្លាប់ដោយជំងឺគ្រុនចាញ់នៅត្រឹមឆ្នាំ២០១៥។ ប៉ុន្តែទោះជាមានភាពល្អប្រសើរច្រើនក៏ដោយក៏ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដែលស៊ាំនឹងថ្នាំ នៅតាមព្រំដែនកម្ពុជា ថៃ បានបន្តញាំញីដល់ក្រុមមន្ត្រីសុខាភិបាលសាធារណៈផងដែរ។ កាលពីខែមេសា អង្គការសុខភាពពិភពលោក បានផ្ដល់ថវិកាចំនួន៤០០លានដុល្លារ សម្រាប់កម្មវិធីមួយមានរយៈពេលបីឆ្នាំក្នុងបំណងលុបបំបាត់ជំងឺគ្រុនចាញ់ដែលស៊ាំនឹងថ្នាំនេះ។
លោកវេជ្ជបណ្ឌិតបានថ្លែងបន្តថា៖ «ទោះជាយ៉ាងណាក៏គ្មានឱកាសសម្រាប់សប្បាយរីករាយដែរ ទោះជាមានសមិទ្ធផលយ៉ាងនេះក្ដីខណៈនៅតែមានចំនួនការងារច្រើនដែលត្រូវសម្រេចឲ្យបានតាមចក្ខុវិស័យរបស់កម្ពុជាឲ្យរួចផុតពីជំងឺគ្រុនចាញ់នៅត្រឹមឆ្នាំ២០២៥»។លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា អត្រាអ្នកស្លាប់និងអ្នកផ្ទុកមេរោគជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជានៅមានកម្រិតខ្ពស់ជាងអត្រាជំងឺគ្រុនចាញ់នៅតាមបណ្តាប្រទេសជិតខាងដូចជាវៀតណាម និងថៃនៅឡើយ៕ PN