ភ្នំពេញៈ ប្រទេសឥណ្ឌា បានចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយឥតសំណងចំនួន ១,៥ លានដុល្លារ ដល់កងយោធពលខេមរភូមិន្ទ សម្រាប់ទិញឧបករណ៍ដោះមីនពីប្រទេសឥណ្ឌា។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទម្សិលមិញនៅអគារ មិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រីរវាងលោកស្រី ម៉ានីកាជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការអចិន្រៃ្តយ៍ក្រសួងការពារជាតិតំណាងរដ្ឋាភិបាលរៀងៗខ្លួន ក្រោមអធិបតីភាពរបស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌា។
សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងប្រទេសទាំង ២ កាន់តែមានភាពស៊ីជម្រៅនាពេលថ្មីៗនេះ។ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌាមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងខែមិថុនា ឆ្នាំ ២០១៨ គំនិតផ្តួចផ្តើមថ្មីៗជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិត្រូវបានបង្កើតឡើង»។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «ការចូលរួមការពារជាតិទ្វេភាគីរួមមានការបណ្តុះបណ្តាលមន្ត្រី ការផ្លាស់ប្តូរអ្នកជំនាញ កិច្ចសហប្រតិបត្តិការក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ការផ្លាស់ប្តូរអ្នកជំនាញ ឬជំនួយក្នុងប្រតិបត្តិការដោះមីន និងដំណើរទស្សនកិច្ចតាមនាវាជាប្រចាំ»។
ជំនួយក្នុងការដោះមីនបន្តក្លាយជាចំណុចសហប្រតិបត្តិការដ៏សំខាន់រវាងប្រទេសទាំង ២។ ជំនួយឥតសំណងបច្ចុប្បន្នចំនួន ១,៥ លានដុល្លារនេះ គឺជាផ្នែកមួយនៃការជួយបង្កើនសមត្ថភាពដោះមីនរបស់កងយោធពលខេមរភូមិន្ទ។ ប្រទេសឥណ្ឌា បានផ្តល់សុនខហិតគ្រឿងផ្ទុះចំនួន ១៥ ក្បាល ទៅដល់កងយោធពលខេមរភូមិន្ទកាលពីខែធ្នូ ឆ្នាំ ២០១៦។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
លោកស្រី ម៉ានីកាជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ពីម្សិលមិញថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំង ២ កំពុងពង្រឹង និងពង្រីក ហើយកិច្ចខិតខំប្រឹងប្រែងក៏កំពុងតែបន្តដើម្បីលើកកម្ពស់វិសាលភាព និងសក្តានុពលនៃការចូលរួមជាមួយគ្នានាពេលអនាគត។ លោក ទៀ បាញ់ ក៏បានថ្លែងអំណរគុណដល់ឥណ្ឌាផងដែរចំពោះជំនួយនេះ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងពីម្សិលមិញថា ឥណ្ឌាគឺជាប្រទេសសេរីទី ១ ដែលមានគុណដល់កម្ពុជា និងមានទំនាក់ទំនងការទូតល្អជាមួយកម្ពុជាក្នុងអំឡុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
លោកបន្តថា បើទោះបីជាប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិមិនធំដុំក៏ដោយ ក៏ឥណ្ឌាបង្ហាញកាយវិការល្អមកលើប្រទេសកម្ពុជាតាមរយៈជំនួយនេះ ដោយសារតែកម្ពុជាក៏បញ្ជូនទ័ពមួកខៀវទៅចូលរួមការរក្សាសន្តិភាពនៅប្រទេសផ្សេងទៀតផងដែរ៕