ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក S. Jaishankar និង​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​លោក Ramesh Pokhriyal'' Nishank'' នៃ​ប្រទេស​​ ឥណ្ឌា ​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ផ្តល់​អាហារូបករណ៍​ថ្នាក់បណ្ឌិត (PhD Fellowships) ចំនួន ១០០០ កន្លែង​ដល់​និស្សិត​មកពី​ប្រទេស​អាស៊ាន​កាលពី​ថ្ងៃ​ចន្ទ​ឱ្យចូល​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា (IIT)​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​ឥណ្ឌា​ចេញ​​កាលពី​ថ្ងៃ​ចន្ទ​បញ្ជាក់​ថា IIT Delhi ត្រូវ​បាន​ចាត់តាំង​ដោយ​ក្រសួង​អភិវឌ្ឍន៍​ធនធាន​មនុស្ស តំណាងឱ្យ IIT ដើម្បី​ដើរតួ​ជា​អ្នកសម្របសម្រួល កម្មវិធី​អាហារូបករណ៍​នេះ​។ IIT បាន​បង្កើត​វិបផតថល​មួយ (http://asean.iitd.ac.in) ដើម្បី​គ្រប់គ្រង​ដំណើរ​ការដាក់​ពាក្យសុំ​អាហារូបករណ៍ និង​ទទួល​ពាក្យ​ចូលរៀន​។ និស្សិត​អាស៊ាន អាច​ចូល​វិបផតថល​នេះ ដើម្បី​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ថ្នាក់បណ្ឌិត ដើម្បី​ជ្រើសរើស IIT ផ្សេងៗ​គ្នា​សម្រាប់​សិក្សា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​និស្សិត​អាស៊ាន​ជំនាន់​ដំបូង នឹង​ត្រូវ​ចូលរៀន​នៅ​ខែ​មករា​ឆ្នាំ ២០២០​។ ក្រសួង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អាស៊ាន​ដូចគ្នា​ទៅនឹង​និស្សិត​ថ្នាក់បណ្ឌិត​ឥណ្ឌា ព្រមទាំង​ផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការស្រាវជ្រាវ​ប្រចាំឆ្នាំ ។ IIT នឹង​ផ្តល់ប្រាក់​អាហារូបករណ៍​បន្តិចបន្តួច​សម្រាប់​ចំណាយ​លើ​ការរស់នៅ​របស់​និស្សិត​ដែល​ត្រូវ​បានជ្រើសរើស​ពី​ធនធាន​ថវិកា​ផ្ទាល់ខ្លួន​របស់​ពួកគេ​»​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​កម្មវិធី​អាហារូបករណ៍​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ ៤៥ លាន​ដុល្លារ​អាមេរិក​ដែល​ជា​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សមត្ថភាព​ធំ​បំផុត​តែ​មួយ​គត់​របស់​ឥណ្ឌា​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អាស៊ាន​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា​ជាទូទៅ​ក្រសួង​អប់រំ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណ:​អំពី​ឱកាស​អាហារូបករណ៍​ជាតិ តំបន់ និង អន្តរជាតិ ដល់​សិស្ស និង​និស្សិត​តាម​យន្តការ​ដែល​មាន​ស្រាប់​របស់​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​។

លោក​បញ្ជាក់​ថា​៖ «[​ក្រសួង​] សហការ​ជាមួយ​គ្រប់​គ្រឹះស្ថានសិក្សា​ពាក់ព័ន្ធ ជាពិសេស​គ្រឹះស្ថាន​ឧត្តមសិក្សា [​និង​ផ្សព្វផ្សាយ​] ​តាម​បណ្តាញ​សង្គម Facebook ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​»​។

ក្រសួង​អប់រំ​ក៏​បាន​ផ្សព្វ​ផ្សាយដំណឹង​អាហារូបករណ៍​នេះ តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ផងដែរ​កាលពី​ថ្ងៃ​ពុធ​។ ត្រឹម​រយៈ​ប្រមាណ​ ២ ​ម៉ោង​មាន​អ្នក​ចែករំលែក​ព័ត៌មាន (Share) ចំនួន ២៣១ ដង និង​មាន​អ្នក​ចូលមក​បញ្ចេញមតិ (Comment) ចំនួន ២៥ មតិ​។

លោក ថ្លាង ស៊ីខេង និស្សិត​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម (MBA) ពី​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំ​ ២០០៩ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ថ្ងៃ​ពុធ​ថា ខណៈ​ដែល​ឥណ្ឌា​ប្រកាស​ផ្តល់​អាហារូបករណ៍​នេះ វា​ជា​ឱកាស​របស់​និស្សិត​កម្ពុជា​ក្នុងការ​ចូលរួម​ក្នុង​កម្មវិធី​នេះ​នៅក្នុង​សាលា​ដ៏ល្បី​មួយ​របស់​ឥណ្ឌា​។ ការអភិវឌ្ឍ​ធនធាន​មនុស្ស​គឺជា​រឿង​ចាំបាច់ និង​ចម្បង ទោះបី​ជា​ផ្នែក​អ្វី​ក៏ដោយ​ឱ្យ​តែ​និស្សិត​កម្ពុជា​អាច​ធ្វើ​ទៅរួច​។ វា​គឺជា​ការល្អ​បំផុត​។

លោក​ថ្លែង​ថា​៖ «​សម្រាប់ ឥណ្ឌា និង​ខ្មែរ ឥណ្ឌា​ជា​មិត្ត​របស់​ខ្មែរ​យូរហើយ​។ បើ​គេ​បើក​ទូលាយ​កាន់តែ​ល្អ​ហើយ​។ លើក​ហ្នឹង​ឃើញ​បើក​សម្រាប់​អាស៊ាន​។ អ៊ីចឹង​អាច​ថា​ជា​គោលការណ៍​ថ្មី​របស់​ឥណ្ឌា​។ អាច​ថា គាត់​សម្លឹង​ចាប់យក​អាស៊ាន​ធ្វើ​ជា​ដៃគូ​វែងឆ្ងាយ​»​។

កម្មវិធី​អាហារូបករណ៍​នេះ​ចាប់ផ្តើម​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃទី ១៧ ខែ​កញ្ញា​ដល់​ថ្ងៃទី​ ៣១ ខែ​តុលា​ខាងមុខនេះ​។ ការសិក្សា​មាន​រយៈពេល​ ៥ ​ឆ្នាំ​សម្រាប់​ថ្នាក់បណ្ឌិត​នេះ​។

កាលពី​ខែ​មករា ឆ្នាំ​ ២០១៨ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Shri Narendra Modi ក៏បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ខួប​លើក​ទី ២៥ នៃ​អាស៊ាន ឥណ្ឌា​នៅ​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា​អំពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បណ្ឌិត​រហូត​ដល់ ១០០០ សម្រាប់​និស្សិត​អាស៊ាន​នៅ IIT ដ៏ល្បី​នេះ​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។ ចំពោះ​ព័ត៌មាន​បន្ថែម​សម្រាប់​អាហារូបករណ៍​នេះ សូម​ចូលទៅ​កាន់​គេហទំព័រ​៖ http://asean.iitd.ac.in៕