ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានសន្យាថា ផែនការសាងសង់ប្រាសាទចម្លងដូច «អង្គវត្ត» នៅក្នុងរដ្ឋ Bihar នឹងមិនមានកើតឡើងទេ។
នេះករណីមួយផ្សេងទៀត ដែលកាលពីខែប៉ុន្មានមុន ក៏មានរឿងពាក់ព័ន្ធនឹងគម្រោងក្នុងប្រទេសឥណ្ឌា គ្រោងសាងសង់ប្រាសាទមួយ ចម្លងដូចប្រាសាទអង្គរវត្តផងដែរ ប៉ុន្តែយ៉ាងណា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ត្រូវបានស្រង់សម្តី ដែលធានាថា ឥណ្ឌានឹងបញ្ឈប់ការសាងសង់ប្រាសាទទាំងនោះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់ដែរថា លោក Dinesh Patnaik អគ្គរដ្ឋទូតឥណ្ឌាដែលអស់អាណត្តិ សន្យានឹងបញ្ឈប់គម្រោងទាំងនោះ [សាងសង់អង្គរវត្ត] ក្នុងជំនួបជាមួយលោក ហោ ណាំហុង កាលពីម្សិលមិញ។
លោក ជុំ សុន្ទរី បានស្រង់សម្តីលោកហោ ណាំហុង ថា «អគ្គរដ្ឋទូត សន្យាថានឹងនាំការស្នើសុំនេះ ទៅកាន់មេដឹកនាំឥណ្ឌា និងសន្យាថា ការសាងសង់នឹងមិនមានកើតឡើងឡើយ»។
ប៉ុន្តែ លោក Patnaik ថ្លែងថា លោកមិនបានសន្យាបែបនោះទេ។ លោកគ្រាន់តែប្រាប់ថា «អ្វីដែលខ្ញុំនិយាយ គឺថាឥណ្ឌា នឹងធានាថា គម្រោងសង់ប្រាសាទនៅ Bihar គឺមិនមានការចម្លងដូចគ្នាទាំងស្រុង ដូចប្រាសាទអង្គរវត្តទេ»។
សូមបញ្ជាក់ថា កាលពីខែមិថុនា រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើញាត្តិមួយទៅឥណ្ឌា ជុំវិញគម្រោងសាងសង់ប្រាសាទដ៏ចម្រូងចម្រាសនោះ ដែលវាអាចនឹងប៉ះពាល់ដ៏តម្លៃនៃប្រាសាទអង្គរវត្ត ដែលជាកេរមរតកមិនអាចកាត់ថ្លៃបានរបស់ប្រទេសកម្ពុជា៕