ភ្នំពេញៈ ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បាន​រៀបចំ​កិច្ចពិភាក្សា​តុមូល​មួយ​ស្ដីពី​ការផ្ដល់​អាហារូបករណ៍​ថ្នាក់បណ្ឌិត​មិន​បង់ថ្លៃ​ដល់​និស្សិត​នៅក្នុង​ប្រទេស​អាស៊ាន​ចំនួន​ ១ ​ពាន់​នាក់ ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​តំណាង​សាកល​វិទ្យាល័យ​ប្រហែល​ ១០ ​នៅក្នុង​ទីក្រុង​ភ្នំពេញ ខណៈ​ដែល​ការទទួល​ពាក្យស្នើសុំ​អាហារូបករណ៍​ក្នុង​វគ្គ​ទី​ ២ ​នឹង​ចាប់ផ្តើម​ចាប់ពី​ខែធ្នូ ឆ្នាំ​ ២០១៩ ​នេះ​តទៅ​។

កិច្ចពិភាក្សា​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក Shri Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា​បានប្រកាស​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ឥណ្ឌា​លើក​ទី​ ២៥ ​នៅក្នុង​ទីក្រុង​ញូវដែលី​កាលពី​ខែ​មករា ឆ្នាំ​​ ២០១៨ ​ស្ដីពី​ការផ្ដល់​អាហារូបករណ៍​ថ្នាក់បណ្ឌិត​សម្រាប់​និស្សិត​អាស៊ាន​ទាំង​ ១០ ​ប្រទេស ដើម្បី​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា​ដេលី (IIT) ដែល​ជា​វិទ្យាស្ថាន​ដ៏លេចធ្លោ​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា​។

លោក Nomesh Bolia សាស្ដ្រាចារ្យ​ផ្នែក​វិស្វកម្ម មេកានិក​នៅ​វិទ្យាស្ថាន (IIT) បាន​លើកឡើង​ថា ការផ្ដល់​អាហារូបករណ៍​ទាំង ១ ​ពាន់​នាក់​នេះ​គឺ​មិន​បាន​កំណត់ថា ប្រទេស​នីមួយៗ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​ ១០ ត្រូវ​ជ្រើស​យក​និស្សិត​ប៉ុន្មាន​នាក់​ឡើយ ប៉ុន្តែ​អាស្រ័យ​លើ​ការចាប់​អារម្មណ៍​ក្នុង​ការដាក់​ពាក្យ​ពី​សំណាក់​និស្សិត​ក្នុងប្រទេស​ទាំងនោះ ហើយ​ការដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​ត្រូវ​ធ្វើ​តាម​ប្រព័ន្ធ​អនឡាញ http://asean.iitd.ac.in ។

លោក​បន្តថា មុខវិជ្ជា​ដែល​មាន​នៅក្នុង​អាហារូបករណ៍​ទាំងនោះ​មានដូចជា មុខវិជ្ជា​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ (IT) ការគ្រប់គ្រង សេដ្ឋកិច្ច ទស្សនវិជ្ជា និង​នយោបាយ​ជាដើម​។ លោក​បន្ថែមថា របៀប​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍ គឺមាន​រូបថត ជីវប្រវត្តិ ប្រវត្តិ​ការសិក្សា ប្រតិបត្តិ​ពិន្ទុ និង​លិខិត​ណែនាំ​ពី​សាស្ដ្រាចារ្យ​សាកលវិទ្យាល័យ ប៉ុន្តែ​មិន​ទាមទារ​ពិន្ទុ IL ឡើយ​ហើយ​បេក្ខជន​ដាក់​ពាក្យ​នឹង​ត្រូវ​សម្ភាស​តាម​អនឡាញ​។

លោក​ថា​៖ «​វា​គឺជា​លើក​ទី​ ១ ដែល​រដ្ឋាភិបាល​ឥណ្ឌា​ផ្ដល់​អាហារូបករណ៍​នេះ​មកឱ្យ IIT សម្រាប់​និស្សិត​ថ្នាក់បណ្ឌិត​មកពី​ប្រទេស​អាស៊ាន​។ ឥណ្ឌា​គឺជា​ប្រទេស​មាន​ភាពល្បីល្បាញ​ខាង IT (​បច្ចេកវិទ្យា​ព័ត៌មាន​)​។ ហេតុ​ដូច្នោះ​ហើយ​យើង​បាន​ផ្ដោតលើ IT ប៉ុន្តែ​កម្មវិធី​ (​អាហារូបករណ៍​) ​របស់​យើង គឺ​បាន​បើក​ទទួល​សម្រាប់​គ្រប់មុខ​វិជ្ជា​ទាំងអស់​»​។

វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា ដេលី បាន​អះអាង​ថា​ខ្លួន​បាន​បណ្ដុះបណ្ដាល​អតីត​និស្សិត​របស់​ឥណ្ឌា​ប្រហែល​ ៥ ​ម៉ឺន​នាក់​ឱ្យ​ក្លាយ​ជា​វិស្វករ​អ្នក​បច្ចេកវិទ្យា អ្នកវិទ្យាសាស្ដ្រ អ្នកគ្រប់គ្រង និង​សហគ្រិន ហើយ​ត្រូវ​រដ្ឋាភិបាល​ឥណ្ឌា ប្រកាស​ទទួល​ស្គាល់​ជា​វិទ្យាស្ថាន​ដ៏លេចធ្លោ​មួយ​កាលពី​ឆ្នាំ​ ២០១៨​។ លោក Nomesh Bolia បញ្ជាក់​ថា​ដំណើរការ​ទទួល​ពាក្យស្នើសុំ​អាហារូបករណ៍​ក្នុង​វគ្គ​ទី​ ២ គឺ​ចាប់ពី​អំឡុង​ខែធ្នូ ឆ្នាំ​ ២០១៩ នេះ​រហូត​ដល់​ខែ​មីនា ឆ្នាំ​ ២០២០​។

លោក Addarsh Kumar Mishra លេខា​ទី​ ២ ​ទទួល​បន្ទុក​ផ្នែក​អប់រំ និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ដែរ​ថា តាមរយៈ​ការផ្ដល់​អាហារូបករណ៍​ពី​រដ្ឋាភិបាល​ឥណ្ឌា​នេះ​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​រដ្ឋាភិបាល​ឥណ្ឌា​ និង​អាស៊ាន​បន្ថែមទៀត​។

លោក​ថា​៖ «​ទី​ ១ យើង​ចង់​បង្កើន​ការកសាង​សមត្ថភាព​ដល់​សិស្ស និស្សិត​ក្នុងប្រទេស​អាស៊ាន​ទាំង​ ១០ ​ហ្នឹង​ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា ហើយ​ត្រឡប់​មក​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​របស់​ពួកគេ​វិញ​។ ទី​ ២ ​យើង​អាច​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ឥណ្ឌា​ជាមួយ​ប្រទេស​អាស៊ាន​ទាំង​ ១០»៕