ភ្នំពេញៈ ប្រទេសឥណ្ឌូនេស៊ីបានប្តេជ្ញាថា នឹងជួយប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងការអនុវត្តសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ លើករណីតំបន់ប្រាសាទព្រះវិហារ ដែលនេះជាការបន្តជាថ្មី នូវការចូលរួមពាក់ព័ន្ធរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងការសម្របសម្រួលជម្លោះរវាងប្រទេសទាំងពីរ។
ឯកអគ្គ រដ្ឋទូតឥណ្ឌូនេស៊ីប្រចាំរាជធានីភ្នំពេញ លោក Soehardjono Sastromihardjo ដែលនឹងផុតអាណត្តិ បានធ្វើការសន្យាបែបនេះក្នុងអំឡុងជំនួបជាមួយនឹងរដ្ឋ មន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង ពីថ្ងៃពុធ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង។
លោក កុយ គួង បានស្រង់សម្តីរបស់លោក Soehardjono Sastromihardjo ថា៖ « ប្រទេសឥណ្ឌូនេស៊ីបានត្រៀមខ្លួន ជួយតាមមធ្យោបាយណាក៏ដោយ ប្រសិនបើប្រទេសទាំងពីរសុំការគាំទ្រពីខ្លួន នៅក្នុងការអនុវត្តសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ »។
តាមលោក កុយ គួង លោករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌូនេស៊ីផងដែរនៅក្នុងការ សម្របសម្រួលឲ្យមានបទឈប់បាញ់គ្នា បន្ទាប់ពីការប្រយុទ្ធគ្នារវាងប្រទេសកម្ពុជានិងថៃ នៅក្នុងឆ្នាំ២០១០ និងឆ្នាំ២០១១។
ដោយសារភាពចលាចលផ្ទៃក្នុង នៅប្រទេសថៃ ទាំងប្រទេសឥណ្ឌូនេស៊ី និងទាំងកម្ពុជាមិនទាន់បានសម្រេចលើវិធីអនុវត្តសាលដីកា ខែវិច្ឆិកា របស់តុលាការយុត្តិធម៌អន្តរជាតិនៅឡើយទេ ដែលសាលដីកានេះបានផ្តល់ឲ្យកម្ពុជានូវភាពជាម្ចាស់កម្មសិទ្ធិ លើតំបន់ជុំវិញប្រាសាទព្រះវិហារ។
លោក កុយ គួង បានថ្លែងពីម្សិលមិញថា៖ «វាគ្រាន់តែជាបញ្ហាពេលវេលាតែប៉ុណ្ណោះ ប៉ុន្តែការអនុវត្តនៃសាលដីកានេះមិនជាបញ្ហាទេ»៕ PS