ភ្នំពេញៈ រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​​ឥណ្ឌូនេស៊ី បាន​យល់​ព្រម​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្នុងការ​បញ្ជូន​អ្នកសង្កេតការណ៍​ ដើម្បី​ចូលរួម​សង្កេត​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនៅ​កម្ពុជា ​ដែល​គ្រោង​នឹង​រៀប​ចំ​នៅ​ថ្ងៃ​ទី​ ២៩ ខែក្ក​ដា ឆ្នាំ​២០១៨នេះ។ យោង​តាម​សេចក្ដី​ប្រ​កាស​ព័ត៌មាន​របស់​ក្រ​សួង​ការ​បរទេស​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​ដំ​ណើរ​ទស្សន​កិច្ច​ផ្លូវ​ការ៣ថ្ងៃ​​របស់ ​លោក​ ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេសទៅ​ឥណ្ឌូនេស៊ី​ពី​ថ្ងៃ​ទី​១-៣ ខែកុម្ភះ។

សេចក្ដី​ប្រ​កាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា៖​ «ភាគី​ទាំង​ពីរ​ ក៍​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​គ្នា​ស្ដី​ពី​ការ​ប្រែ​ប្រួលនៃ​សភាព​ការណ៍​តំ​បន់ ​និង ​អន្តរ​ជាតិដោយ​ផ្ដោត​លើការ​យក​ចិត្ត​ទុក​ដាក់​រួម ក្នុង​ការ​រួម​ចំ​ណែកដល់​សន្តិ​ភាព ​និង ​វិបុល​ភាព នៅ​ក្នុង​តំ​បន់ ​និង ​ពិភពលោក​។

ក្រៅ​ពីនេះ​ ភាគីឥណ្ឌូនេស៊ី​ក៍​បាន​ឯក​ភាពតាម​ការ​អញ្ជើញ​របស់​ភាគី​កម្ពុជា​ បញ្ជូន​អ្នក​សង្កេត​ការណ៍បោះ​ឆ្នោត​ ឥណ្ឌូនេស៊ី​ ដើម្បី​ចូលរួម​សង្កេតការណ៍ ការបោះឆ្នោត​សកល នា​ខែ កក្កដា ឆ្នាំ ២០១៨ នៅ​កម្ពុជា នាពេល​ខាងមុខនេះ»។

គណ​បក្ស​សង្គ្រោះ​ជាតិ ​ជា​គណ​បក្ស​ប្រ​ឆាំង ​ដែល​ទទួល​បាន​សម្លេង​​គាំ​ទ្រ​ច្រើន​ជាង​គេ​នៅ​ក្នុង​ចំ​ណោម​គណបក្ស​ប្រ​ឆាំង​ដ៍​ទៃ​ទៀត ​ដែល​ចូល​រួម​​បោះ​ឆ្នោត​សកល​ ឆ្នាំ​ ២០១៣​ ត្រូវ​បាន​តុលាការ​កំ​ពូល​សម្រេច​រំ​លាយ​ចោលដោយ​ជាប់​ចោទ​ពី​អំ​ពើរ​ក្បត់​ជាតិ​និង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ជាង​ ១០០ នាក់​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​ប្រាំឆ្នាំ។ អតី​ត ​ប្រ​ធាន​គណ​បក្ស​នេះ ​កំ​ពុងជាប់​ឃុំ​រង​ចាំការ​កាត់​សេចក្ដី​ដោយ​តុលាការ គណ​បក្ស​នេះ ​នឹង​បាត់​សិទ្ធិ​ចូល​រួម​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​៕