The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឧកញ៉ា​ត្រូវ​គេ​បាញ់​សម្លាប់​កំពុង​មាន​រឿង​ក្តី​នៅ​តុលាការ

ឧកញ៉ា​ត្រូវ​គេ​បាញ់​សម្លាប់​កំពុង​មាន​រឿង​ក្តី​នៅ​តុលាការ

ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​មុខ​ឡាន​នៅ​កន្លែង​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​យប់​ថ្ងៃ​សៅរ៍។
ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​មុខ​ឡាន​នៅ​កន្លែង​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​យប់​ថ្ងៃ​សៅរ៍។ ហុង មិនា

ឧកញ៉ា​ត្រូវ​គេ​បាញ់​សម្លាប់​កំពុង​មាន​រឿង​ក្តី​នៅ​តុលាការ

ភ្នំពេញៈ សមត្ថកិច្ច​កំពុង​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​បាញ់​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ ទៅ​លើ​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ខណៈ​ដែល​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​ថា ឧកញ៉ា​រូប​នេះ កំពុង​មាន​រឿង​ក្តី​ក្តាំ​ព្រហ្មទណ្ឌ​ទាក់​ទង​នឹង​បញ្ហា​ដីធ្លី​ដែល​មាន​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ ជា​មួយ​ឧកញ៉ា​ម្នាក់​ទៀត ដែល​នឹង​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ជាង​ពីរ​សប្តាហ៍​ទៀត​នេះ។

ចៅក្រម​ស៊ើប​សួរ សាលា​ដំបូង​រាជធានី លោក កែវ មុនី បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​លើ​សំណុំ​រឿង​ក្តី​ព្រហ្ម​ទណ្ឌ​មួយ នៅ​ថ្ងៃ ទី៨ ខែ​ធ្នូ ខាង​មុខ​នេះ។ នៅ​ក្នុង​រឿង​ក្តី​នោះ លោក​ឧកញ៉ា ម៉េងជឺ ត្រូវ​បាន​ប្តឹង​ដោយ​ដើម​បណ្តឹង ឈ្មោះ ឈាង ប៉ាក់សួរ ដែល​ក៏​ជា​ឧកញ៉ា​ម្នាក់​ដែរ។

មន្រ្តី​តុលាការ​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ដែរ​ថា ដីកា​កោះ​សំណុំ​រឿង​ក្តី​ព្រហ្មទណ្ឌ​នេះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ទំនាស់​ដី​ធ្លី​ប្រមាណ ១០ ហិកតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​បឹង​ប៉ាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ និង​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ គួប​ផ្សំ​នឹង​បណ្តឹង​ជាច្រើន​ទៀត។

លោក ឈាង សុវិចិត្រ កូន​ប្រុស​លោក​ឧកញ៉ា ឈាង ប៉ាក់សួរ បាន​ឲ្យ​ដឹង​ថា ឱពុក​របស់​លោក ពិត​ជា​បាន​ប្តឹង​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ ពាក់​ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​នៅ​ម្តុំ​កាំកូស៊ីធី ពិត​មែន ប៉ុន្តែ​លោក​មិន​សូវ​ដឹង​ច្បាស់​ពី​រឿង​នេះ​ទេ។ លោក​បន្ត​ថា៖ «បើ​ទោះ​ជា​គាត់​ស្លាប់​ហើយ​ក្តី តែ​បណ្តឹង​នោះ​នៅ​តែ​ដំណើរ​ការ​ដដែល»។

មន្រ្តី​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ អង្គរក្ស​ពីរ​នាក់​របស់​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាក​សួរ ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​វិញ​កាល​ពី​ព្រឹក​ម្សិល​មិញ។

លោក​ស្រី ទី គឹមស្រ៊ាន មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ បាន​ឲ្យ​ដឹង​ថា រាល់​រឿង​ក្តី​ដែល​ពាក់​ព័ន្ធ​នឹង​ជន​រង​គ្រោះ ហើយ​លោក​ស្រី​ជា​អ្នក​ការពារ​ក្តី​កន្លង​មក គឺ​ជន​រង​គ្រោះ តែង​តែ​ព្យាយាម​ស្នើ​សម្រប​សម្រួល​បញ្ចប់​រឿង ដោយ​សន្តិវិធី មិន​ដែល​បង្ក​ទំនាស់​អ្វី​ដល់​ភាគី​ណា​ឡើយ។ លោក​ស្រី​បាន​បញ្ជាក់​ថា៖ «គាត់​ជា​មនុស្ស​ល្អ ស្លូត​ត្រង់​មាន​គេ​គោរព​ស្រឡាញ់​ច្រើន មិន​មាន​អ្នក​ណា​ស្អប់ ឬ​ចង់​ព្យាបាទ​គាត់​ឡើយ»។

កាល​ពី​យប់​ម៉ោង​ជាង ៧ ថ្ងៃ​សៅរ៍ លោក ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ពីរ​នាក់ បាញ់ ៦ គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ចំណុច​ខាង​មុខ​ហាង​លក់​ផ្លែ​ឈើ យីហោ ឡោ តិចសេង តាម​ផ្លូវ​ព្រះ​សីហនុ កែង​ផ្លូវ ១០៥ ស្ថិត​ក្នុង សង្កាត់​ទួល​ស្វាយ​ព្រៃ​២ ខណ្ឌ​ចំការ​មន ហើយ​ករណី​នោះ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ជំហាន​ដំបូង​ថា ជា​រឿង​គំនុំ។

ក្រោយ​ឃាតកម្ម​បាន​កើត​ឡើង អ្នក​ប្រើ​ប្រាស់​បណ្តាញ​ហ្វេសប៊ុក​មួយ​ចំនួន បាន​ពិនិត្យ​លើ​ខ្សែ​អាត់​វីដេអូ និង​រូប​ថត ដែល​ថត​បាន​ព្រម​ទាំង​ធ្វើ​ការ​វិភាគ និង​សន្និដ្ឋាន ជុំវិញ​ភិន​ភាគ​បុរស​ម្នាក់ ដែល​ស្ថិត​ក្នុង​ចំណុច​កើត​ហេតុ ពេល​ដែល​អាជ្ញាធរ​ពាក់​ព័ន្ធ កំពុង​អន្តរាគមន៍​នៅ​ទី​នោះ ដែល​មើល​ទៅ​មាន​សម្លៀក​បំពាក់​និង​ភិនភាគ​ស្រដៀង​នឹង​ខ្មាន់​កាំភ្លើង​ដែល​បាញ់​សម្លាប់​លោក ម៉េងជឺ។

ប៉ុន្តែ​ករណី​នេះ លោក ជួន ណារិន្ទ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ការងារ​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ក្នុង​រូបភាព​ដែល​សាធារណជន​មួយ​ចំនួន បាន​ដាក់​ការ​សង្ស័យ និង​ចែក​រំលែក​គ្នា​បន្ត​នោះ គឺ​ជា​នគរបាល ខណ្ឌ​ចំការមន ដែល​ត្រូវ​បាន​ចាត់​តាំង ដើម្បី​ការពារ​សុវត្ថិភាព​របស់​លោក ក្នុង​ពេល​ចុះ​បេសកកម្ម​តែ​ប៉ុណ្ណោះ មិន​ពាក់​ព័ន្ធ​នឹង​រឿង​ឃាតកម្ម​នេះ​ទេ។

លោក​បាន​ពន្យល់​ថា៖ «ឥឡូវ​ខ្ញុំ ឧទាហរណ៍ បើ​គាត់​ជា​ឧក្រិដ្ឋ​ជន រឿង​អី​បាញ់​គេ​ហើយ ទៅ​ឈរ​ក្នុង​នោះ ទី២ កំពុង​នៅ​ទី​នោះ​ទៀត រឿង​អី​សមត្ថកិច្ច​នៅ​ខាង​ក្រៅ មិន​ចាប់​ចង បើ​មាន​សាក្សី​ឃើញ​នៅ​ទី​នោះ​ដែរ... វា​គ្រាន់​តែ អាវ​ពណ៌​ស៊ី​គ្នា​ទេ... មន្រ្តី​ជំនាញ​ត្រូវ​មើល ស្រោម​ទូរស័ព្ទ ឬ​អាយឌី​របស់​គាត់។ សមត្ថកិច្ច​ត្រូវ​មើល​កម្ពស់ មាឌ​អី​ស៊ី​គ្នា​អត់ នគរបាល​នេះ កម្ពស់ ១ ម៉ែត្រ ៧០ អាយុ​ជាង ២០ តែ​ឃាតករ​កម្ពស់​ជាង ១ ម៉ែត្រ ៧៥ អាយុ​ជាង ៣០​ឆ្នាំ»។

ជុំវិញ​ករណី​ឃាតកម្ម​បាញ់​សម្លាប់​នេះ លោក ជួន ណារិន្ទ បាន​បញ្ជាក់​ថា សមត្ថកិច្ច​គ្រប់​អង្គភាព និង​គ្រប់​ជាន់​ថ្នាក់​កំពុង​ពន្លឿន​ការ​ស្រាវជ្រាវ ដើម្បី​ឈាន​ដល់​ការ​ចាប់​ជន​សង្ស័យ​ឲ្យ​បាន៖ «រឿង​នេះ មិន​មែន​ជា​រឿង​ធម្មតា មិន​អាច​និយាយ​បាន​ទេ អធ្យាស្រ័យ។ ខ្ញុំ​គិត​ថា ក្នុង​ហ្វេសប៊ុក ល្មម​ហើយ គ្នា​សាមញ្ញ មាន​ការ​សង្ស័យ​ជា​រឿង​ត្រូវ​ហើយ ប៉ុន្តែ​អ្នក​ជំនាញ​មួយ​ចំនួន គាត់​ក៏​មិន​ត្រូវ​យក​ហ្វេសប៊ុក​ជាដើម​ទុន​វិភាគ​ដែរ វា​ប៉ះពាល់​ដល់​កិត្តិយស​របស់​គេ»។

ទាក់​ទិន​នឹង​បញ្ហា​នេះ​ដែរ បណ្តាញ​គណនី​ហ្វេសប៊ុក​លោក ផែង វណ្ណៈ នាយ​រង​ការិយាល័យ​បណ្តុះ​បណ្តាល និង​វិក្រឹត្យ​ការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​ថា៖ «ក្រោយ​ពី​មាន​ការ​ផ្សាយ​រូប​មន្រ្តី​នគរបាល​ពិនិត្យ​ទី​កន្លែង​កើត​ហេតុ មាន​រូប​រាង និង​ភិន​ភាគ​ស្រដៀង​ជន​ល្មើស...ខ្ញុំ​បាទ​បាន​ទទួល​ទូរស័ព្ទ​បំភ្លឺ​ពី​ឯកឧត្តម ឧត្តមសេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថា មន្រ្តី​នគរបាល​នោះ ជា​មន្រ្តី​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ... មិន​ពាក់​ព័ន្ធ​នឹង​រឿង​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ទេ»។

ទន្ទឹម​នឹង​ការ​ជូន​ដំណឹង​នេះ លោក ផែង វណ្ណៈ ក៏​ស្នើ​ឲ្យ​អ្នក​ប្រើ​ហ្វេសប៊ុក ចូល​រួម​ចែក​រំលែក​វីដេអូ​ខ្លីប​ឃាតករ​បាញ់​សម្លាប់​ជន​រងគ្រោះ​នោះ ដើម្បី​ជួយ​សមត្ថកិច្ច​ក្នុង​ការ​ចាប់​ឃាតករ អ្នក​បើក​ម៉ូតូ រួម​នឹង​មេក្លោង​នៅ​ពី​ក្រោយ​ករណី​នោះ តាម​រយៈ​លេខ​ទូរស័ព្ទ​ប៉ូលិស និង​ផ្ញើ​សារ​ទៅ​លោក​ផ្ទាល់៕

រាយការណ៍​បន្ថែម​ដោយ Shane Worrell

អត្ថបទគួរចាប់អារម្មណ៍