ក្រចេះ/រតនគិរីៈ ឧកញ៉ា គង់ ក្រឹង ដែលល្បីខាងមុខជំនួញឈើ ត្រូវបានឃាត់ខ្លួន ក្រោយពីកោះហៅឲ្យចូលខ្លួនសាកសួរ ពីថ្ងៃម្សិលមិញ ពាក់ព័ន្ធបទល្មើសព្រៃឈើ ខណៈសកម្មជនការពារព្រៃឈើ និងអ្នកច្បាប់ ជំរុញឲ្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបញ្ឈប់សកម្មភាពដុតបំផ្លាញ រថយន្តដែលបម្រើឲ្យបទល្មើសព្រៃឈើ ដោយគ្រាន់តែរឹបអូសយកមកទុកប្រើប្រាស់ក្នុងអង្គភាពរដ្ឋាភិបាលវិញ ក្រោយកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ១៣ ខែ សីហា បានដុតបំផ្លាញរថយន្តបាកុងចំនួន ១៣ គ្រឿង នៅស្រុកកោះញែក។
លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបញ្ជាក់ កាលពីយប់មិញថា៖ «ខណៈនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន ២ រូប ក្នុងនោះមានជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត នៅអាវុធហត្ថខេត្ដក្រចេះ»។
លោកថ្លែងថា យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស។
ជាមួយគ្នានេះដែរ លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើថ្លែងថា លោកគាំទ្រចំណាត់ការបង្ក្រាបបទល្មើសព្រៃឈើគ្រប់រូបភាព ប៉ុន្ដែលោកមិនគាំទ្រចំពោះការដុតបំផ្លាញរថយន្តទាំងនោះទេ។ លោកនិយាយថា អាជ្ញាធរគួររឹបអូសរថយន្ត និងវត្ថុតាងផ្សេងទៀត យកមកប្រើប្រាស់នៅក្នុងអង្គភាពរដ្ឋាភិបាល ដើម្បីជាប្រយោជន៍រួមសម្រាប់ពលរដ្ឋ។
លោកបន្តថា អាជ្ញាធរគួរងាកទៅស៊ើបអង្កេតជនជាប់សង្ស័យពាក់ព័ន្ធបទល្មើសព្រៃឈើទាំងអស់ឲ្យបានហ្មត់ចត់ ដើម្បីចាប់ខ្លួនពួកគេមកដាក់ពន្ធនាគារតាមច្បាប់។ ព្រោះជនខិលខូចទាំងអស់នេះ បានចំណេញថវិកាពីការរកស៊ីជួញដូរព្រៃឈើយ៉ាងច្រើន។ ម្យ៉ាងវិញទៀត ចំពោះមន្ត្រីទទួលបន្ទុកតាមតំបន់ ក៏មិនអាចលើកលែងឲ្យបានដែរ ព្រោះពួកគេបានបង្កលក្ខណៈងាយស្រួលឲ្យមានបទល្មើសព្រៃឈើ។
លោកបញ្ជាក់ថា៖ «យើងនៅតែទាមទារឲ្យមានការស៊ើបអង្កេតក្រុមឧក្រិដ្ឋជនដែលបានបំផ្លាញធនធានធម្មជាតិ ដោយបានចំណេញរាប់លានដុល្លារពីព្រៃឈើ។ ក្រៅពីចំណេញខ្លួនគេផ្ទាល់ហើយ ពួកគេបានយកទៅលក់នៅក្រៅប្រទេស ធ្វើឲ្យបរទេសបានចំណេញប្រាក់យ៉ាងច្រើនពីព្រៃឈើខ្មែរថែមទៀត»។
លោកមេធាវី សុក សំអឿន ថ្លែងម្សិលមិញថា វត្ថុតាងទាំងអស់គេអាចដុត ឬបំផ្លាញចោលបាន លុះត្រាតែមានដីកាពីតុលាការចេញជាស្ថាពរ ឬអនុញ្ញាត ប្រសិនគេរកឃើញថា វត្ថុតាងទាំងអស់នោះមានសារធាតុគីមី សារធាតុពុល និងប៉ះពាល់ដល់សុខភាពមនុស្ស។
លោកបន្តថា តុលាការមិនគួរសម្រេចដុតបំផ្លាញរថយន្តទាំងអស់នោះទេ គួរទុកសម្រាប់ប្រើប្រាស់ក្នុងអង្គភាពរដ្ឋាភិបាល។ ចំពោះគ្រឿងញៀនក៏មិនគួរដុតបំផ្លាញវាដែរ អាជ្ញាធរគួរតែប្រគល់ឲ្យទៅក្រសួងសុខាភិបាលយកទៅពិសោធសម្រាប់ធ្វើថ្នាំព្យាបាលផ្សេងៗទៀត។ លោកបញ្ជាក់ថា៖ «យើងទុកវាទៅ ព្រោះសារធាតុនោះ បើវាមិនត្រូវចំណុចនេះ តែវាគួរត្រូវជាមួយចំណុចនោះ ក៏ថាបានដែរ យើងពិសោធវាទៅ»។
លោកបន្ថែមថា៖ «ខ្ញុំឃើញគេដុតឈើ ដុតឡាននានាដែលបានពីបទល្មើស តែបើសិនជាអាវុធ ឬគ្រឿងសម្លាប់មនុស្សដែលបង្កគ្រោះថ្នាក់ យើងអាចដុតវាចុះ។ យើងអត់ស្ដាយវាទេ ប៉ុន្ដែបើរបស់ទាំងហ្នឹង ច្បាប់គេតម្រូវឲ្យដកហូតមកទុកប្រើប្រាស់ទៀតបាននោះ យើងគួរដកហូតដាក់ចូលក្នុងបញ្ជីរដ្ឋសម្រាប់ប្រើជាប្រយោជន៍រួមវិញ មិនល្អជាង ហើយចាំបាច់ដុតវាធ្វើអី»។
លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ថ្លែងពីម្សិលមិញថា រថយន្ដដែលបម្រើឲ្យបទល្មើសព្រៃឈើចំនួន ១៣ គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញបានកាត់ជាកំណាត់ៗ ហើយប្រមូលយកទៅដុតចោលដោយប្រើម្សៅ TNT រួចរាល់ហើយ។ ក្រៅពីកិច្ចការងារនេះ សមត្ថកិច្ចកំពុងតាមស្វែងរកវត្ថុតាងជាច្រើនផ្សេងទៀត ដើម្បីកុំឲ្យមានបទល្មើសព្រៃឈើតទៅទៀត។
លោកថា៖ «បញ្ហាដុតបំផ្លាញវត្ថុតាងដែលបម្រើឲ្យបទល្មើសព្រៃឈើ គឺកម្លាំងខ្ញុំនឹងចាត់ចែងតាមនីតិវិធី។ រីឯការបិទទីតាំងសិប្បកម្មកែច្នៃ និងដេប៉ូលក់ឈើផ្សេងៗទៀត គឺជាការសម្រេចរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ»។
នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ ម្សិលមិញនេះឧកញ៉ា គង់ ក្រឹង និងបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបុគ្គលទាំង ២ រូប ត្រូវបានកោះហៅឱ្យចូលខ្លួន ដើម្បីសាកសួររឿងបទល្មើសព្រៃឈើ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តក្រចេះ។
ឧកញ៉ា គង់ ក្រឹង គឺជាបុគ្គលរកស៊ីជំនួញឈើដ៏ល្បីនៅស្រុកស្នួល ខេត្តក្រចេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។លោកក៏ជាមន្ត្រីយោធាផងដែរ៕