
ដីដែនជម្រកសត្វព្រៃពាមក្រសោបត្រូវបូមខ្សាច់ដាក់ក្រោយពីបានទិញយក។ រូបថត សហការី
កោះកុងៈ ដីតំបន់ឆ្នេរ និងសហគមន៍ទំហំជាង ១៣ ហិកតាដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យបង្កើតជាដែនជម្រកសត្វព្រៃពាមក្រសោបត្រូវបានគេលក់ឲ្យឧកញ៉ាម្នាក់ ដោយមានអាជ្ញាធរមូលដ្ឋានជាអ្នកស៊ីញ៉េទទួលស្គាល់ផងដែរ។
ក្រោយពីលក់ឲ្យលោកឧកញ៉ារួចហើយ ដីទំហំប្រមាណជា ២ ហិកតា ក្នុងចំណោមជាង ១៣ ហិកតាដែលស្ថិតក្នុងភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ត្រូវបានគេលួចបូមខ្សាច់ចាក់បំពេញដោយគ្មានការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន។ ការបូមខ្សាច់នោះត្រូវបានផ្អាក ហើយឧបករណ៍បូមត្រូវបានគេរើចេញស្ទើរអស់នៅមុនពេលដែលអាជ្ញាធរក្រុង និងមន្ត្រីបរិស្ថានចុះទៅពិនិត្យកាលពីខែធ្នូ ឆ្នាំ ២០១៧។ អាជ្ញាធរខេត្តបានបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេតពីបទល្មើសនេះ។
លិខិតលក់ទិញដីធ្លីមួយមានចុះហត្ថលេខាអតីតមេភូមិ និងអតីតចៅសង្កាត់ស្ទឹងវែង ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញឲ្យដឹងថាកាលពីថ្ងៃទី ៩ ខែមីនាឆ្នាំ ២០១៧ លោក សុខ គឹមហុង និងភរិយាឈ្មោះ ស៊ីវ ជូ រស់នៅក្នុងភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទបានលក់ដីចំនួនសរុប ១៣៣ ៩៦០ ម៉ែត្រក្រឡាស្មើនឹង ១៣,៣៩៦ ហិកតាឲ្យទៅឈ្មោះ ជា លាងហុង ដែលជាឧកញ៉ារស់នៅក្នុងរាជធានីភ្នំពេញ។ ដីជាង ១៣ ហិកតានោះមាន ៣ ក្បាលដីផ្សេងៗគ្នាដែលមានព្រំប្រទល់ខាងត្បូង និងខាងលិចទល់នឹងសមុទ្រ ជាតំបន់ឆ្នេរ និងព្រៃកោងកាង។
ប័ណ្ណកម្មសិទ្ធិនៅតំបន់ឆ្នេរទាំង ៤ ខេត្តត្រូវបានលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាសាជាថ្មីម្តងទៀតកាលពីខែសីហាកន្លងមកឲ្យ «និរាករណ៍ចោល» និងដកហូតទុកជាសម្បត្តិរដ្ឋ។
ការបញ្ជាផ្ទាល់មាត់របស់លោក ហ៊ុន សែន នេះគឺបន្ថែមទៅលើ ស ជ ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលបានចេញកាលពីថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០១៦ ស្តីពី «និរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ការកាន់កាប់របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីនៃខេត្តទាំង ៤»។
កិច្ចសន្យាលក់-ទិញនេះគឺវាស៊ីចង្វាក់គ្នាទៅនឹងការលើកឡើងរបស់អាជ្ញាធរសង្កាត់ដែលថាលោកស្រី ស៊ីវ ជូ បានលក់ដីនោះទៅឲ្យលោកឧកញ៉ាម្នាក់ ហើយដីនោះក៏ធ្លាប់ត្រូវបានលក់ដូរតគ្នាជាច្រើនដងផងដែរ។
លោក ខុង វិឈាន អតីតចៅសង្កាត់ស្ទឹងវែងមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ រីឯលោក ឆុង ថាវ៉ន អតីតមេភូមិស្ទឹងវែងបានទទួលស្គាល់ថា លោកបានស៊ីញ៉េលក់ដីរបស់លោកស្រី ស៊ីវ ជូមែន ព្រោះកាលនោះលោកយល់ថា វាជាដីទំនាបចិញ្ចឹមក្តាមដែលធ្លាប់ត្រូវបានគេលក់ទិញពីមុនរួចហើយផងដែរ។
លោកបញ្ជាក់ថា៖ «តែខ្ញុំធ្លាប់ដឹងថាជាដីចិញ្ចឹមក្តាម។ មិនដឹងថា វាមានពាក់ព័ន្ធជាមួយសហគមន៍ទេពីមុនអត់ដឹង បើដឹងក៏មិនហ៊ានដែរ។ វាអត់មានដើមកោងកាងទេ»។
លោកបន្តថាក្រោយពេលស៊ីញ៉េតាមសំណើអ្នកលក់ និងអ្នកទិញរួចហើយ ទើបលោកបានដឹងថា ដីនោះជាដីតំបន់សហគមន៍ដែលកាត់ចេញពីដែនជម្រកពាមក្រសោប។ ម្យ៉ាងវិញទៀតក៏មិនឃើញមានការបោះបង្គោលព្រំ ឬដាក់ស្លាកសញ្ញាប្រាប់ថា ជាតំបន់សហគមន៍ដែរ។
លោក ថាវ៉ន ក៏បានឲ្យដឹងផងដែរថា ក្នុងមួយរយៈពេលចុងក្រោយនេះក៏មានគេចង់លក់ដីនៅតំបន់នេះទៀតដែរ តែអាជ្ញាធរមូលដ្ឋានមិនហ៊ានស៊ីញ៉េលក់ ព្រោះខ្លាចវាពាក់ព័ន្ធទៅនឹងតំបន់ឆ្នេរ ឬតំបន់សហគមន៍។
លោក សុប៉ា សារី ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុងខេមរភូមិន្ទដែលបានដឹកនាំកម្លាំងចុះពិនិត្យកន្លែងបូមខ្សាច់ចាក់នោះបានឲ្យដឹងថា ពួកលោកបានឃើញស្លាកស្នាមបូម និងទុយោបូមខ្សាច់នៅរប៉ាត់រប៉ាយប្រមាណជា ១៣ ទុយោលើផ្ទៃដីនោះប៉ុណ្ណោះ។
ក្រោយពីអាជ្ញាធរខេត្តទទួលបានរបាយការណ៍ពីការចុះពិនិត្យនោះមក លោកសុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកោះកុងបានឲ្យដឹងថា កន្លែងដែលគេបូមខ្សាច់លុបនោះជាតំបន់សហគមន៍ ហើយទាំងសកម្មភាពបូមខ្សាច់ និងការចាក់ខ្សាច់បំពេញគឺ «សុទ្ធតែខុសច្បាប់ទាំងអស់» ព្រោះគ្មានការអនុញ្ញាតពីក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល។
លោក សុទ្ធី បានថ្លែងថា៖ «អាជ្ញាធរខេត្តកំពុងស្រាវជ្រាវបន្ថែមលើករណីនេះហើយ ហើយអាចបញ្ចប់ក្នុងពេលឆាប់ៗនេះ»។
ភ្នំពេញ ប៉ុស្តិ៍ បានព្យាយាមទាក់ទង និងផ្ញើសារទៅលោកឧកញ៉ា ជា លាងហុង តាមរយៈលេខទូរស័ព្ទដើម្បីសុំអត្ថាធិប្បាយ តែមិនទទួលបានការឆ្លើយតបណាមួយនោះទេ។
ភ្នំពេញ ប៉ុស្តិ៍ ក៏បានទាក់ទងទៅក្រុមហ៊ុនអចលនទ្រព្យមួយរបស់លោកឧកញ៉ា នៅតែមិនទទួលបានការឆ្លើយតបដដែល។
ផ្ទៃដីទំហំ ១ ០៥៣ ហិកតានៃដែនជម្រកសត្វព្រៃពាមក្រសោបត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យបង្កើតជាតំបន់សហគមន៍កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០០៩ សម្រាប់បម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់សហគមន៍ដែលរួមមានលំនៅឋាន និងដីស្រែចម្ការជាដើម។
អនុក្រឹត្យបានសរសេរថា រាល់ការចេញប័ណ្ណសម្គាល់ការកាន់កាប់ប្រើប្រាស់ដីធ្លីជាកម្មសិទ្ធិ ឬការអនុញ្ញាតឲ្យប្រើប្រាស់ដីធ្លីក្នុងតំបន់សហគមន៍នេះ «ត្រូវមានការបញ្ជាក់យល់ព្រមជាមុនពីក្រសួងបរិស្ថាន» ដោយអនុលោមតាមច្បាប់ភូមិបាល។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ដែលឃ្លាំមើលព្រៃកោងកាងតំបន់ឆ្នេរទាំង ៤ ខេត្តបានសង្កេតឃើញថាបើទោះបីជាមាន សជណ និងការបញ្ជាផ្ទាល់មាត់ពីប្រមុខរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ការអនុវត្តរបស់អាជ្ញាធរមូលដ្ឋានមិនសូវមានប្រសិទ្ធភាពទេ ដែលបណ្តាលឲ្យការរំលោភយកដីតំបន់ឆ្នេរក៏ដូចជាព្រៃកោងកាងនៅតែបន្តកើតមាន។
លោក សុខុម ថ្លែងថា៖ «ខេត្តយកចិត្តទុកដាក់ធ្វើដែរ តែគ្មានប្រសិទ្ធភាព ដោយសារតែបុគ្គលដែលទន្ទ្រានកាន់កាប់ហ្នឹងមានខ្នងក្រាស់ និងអ្នកធំដែរ។ យើងចង់ឲ្យកុំគិតពីអំណាច លុយ ខ្នង និងបក្ខពួក តែសុំគិតពីច្បាប់ជាគោល ទើបការអនុវត្តមានប្រសិទ្ធភាព»។
លោក ញៀប សំអឿន អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុងបានអះអាងឲ្យដឹងផងដែរលើភាពមិនប្រក្រតីនេះថា ព្រោះប្រសិនបើអ្នកទិញដីគ្មានខ្នងបង្អែកធំ និងមានឥទ្ធិពលក៏មិនអាចទិញដីក្នុងតំបន់សហគមន៍ការពារនោះបានដែរ។
លោក សំអឿន បានថ្លែងបន្តទៀតថា៖ «ការទិញ ការលក់ហ្នឹង វាខុសទៅនឹងច្បាប់ទាំងស្រុងហើយព្រោះដីរដ្ឋ។ សុំបញ្ឈប់ការទិញ និងលក់ដីរបស់រដ្ឋជាបន្ទាន់»។
លោក សំអឿន ក៏បានឲ្យដឹងផងដែរថា នៅចម្ងាយប្រមាណជិត ១ គីឡូម៉ែត្រពីតំបន់នោះក៏មានដីដែលគេកំពុងពុះឡូត៍ដាក់លក់ផងដែរ ដែលដីទាំងនោះជាដីអតីតព្រៃកោងកាងដែលសឹករេចរឹល។
ទោះជាយ៉ាងណាក៏ដោយស្ត្រីដែលជាភរិយារបស់ លោក ឧកញ៉ា ជា លាងហុង បានថ្លែងដោយមិនបញ្ចេញឈ្មោះហើយបានបញ្ជាក់យ៉ាងខ្លីថា លោក ឧកញ៉ា ពិតជាបានទិញដីនៅតំបន់នោះមែន៕