ព្រះ​សីហនុៈ ឧក​ញ៉ា​វ័យ​ក្មេង​ដ៏​មាន​ប្រ​ជា​ប្រីយម្នាក់​នៅ​ខេត្ត ​ព្រះ​សីហនុ​ ​បាន​បង្ហោះ​សារ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ នៅ​ក្នុង​បណ្ដាញ​សង្គម Facebook ​របស់​គាត់​ ​ដោយ​អះអាង​ថា ​មាន​អ្នក​មាន​អំណាច​ម្នាក់​នៅ​រាជ​ធានី​ភ្នំពេញ​ ​ បាន​មក​«ប្លន់​»​យក​ដី​ចម្កា​ររបស់​គាត់​ចំនួន​ជាង ​១៤​ ហិកតា​ ​ព្រម​ទាំង​បាន​រុះរើ​និង​បំផ្លិច​បំផ្លាញ​ផ្ទះ​ចាំ​ចម្ការ​របស់​គាត់​ចោល​អស់​ថែម​ទៀត។​

ឧក​ញ៉ា​វ័យ​ក្មេង​ ​ដែល​អ្នក​ខេត្ត​ព្រះ​សីហនុ​ ភាគ​ច្រើន​អះអាង​ថា ​ជា​អ្នក​បរិច្ចាគ​ដោយ​សប្បុ​រស​ ​ដល់​ជន​ក្រីក្រ​ទូទៅ​នៅ​ក្នុង​ខេត្ត​នោះ។​

កាល​ពី​ថ្ងៃ​ទី​ ១៧​ ​ខែ​កញ្ញា​ ​ឆ្នាំ​ ២០១៨​ ​កន្លង​ទៅ​ថ្មីៗ​នេះ​ គាត់​ [​ឧក​ញ៉ា ​ទៀ ​វិចិត្រ​]​ បាន​បង្ហោះ​សារ​មួយ​នៅ​លើ​​ទំព័រ​ Facebook​ របស់​គាត់​ថា​៖​ «​ឥឡូវ​នេះ​ខ្ញុំ​កំពុង​រង​គ្រោះ​ដោ​យ​សារ​ អ្នក​មាន​អំណាច​នៅ​ភ្នំពេញ​ មក​ប្លន់​យក​ដីច​ម្ការ​រ​បស់​ខ្ញុំ​ហើយ​បងៗ​! ​អស់​អ្នក​រក​រឿង​ ​បែរ​ជា​មក​ប្លន់​ដី​គ្នា​ឯង​ទៅ​វិញ​ ​ចប់​ ​កប់​ ​អស់​យោបល់»​។​

តាម​រយៈ​សារ​នេះ​បាន​បង្ហាញ​ថា​ អ្នក​មាន​អំណាច​នៅ​ភ្នំពេញ​នោះ​ គឺ​ ជា​បុគ្គល​ម្នាក់​ដែល​គាត់​ធ្លាប់​ស្គាល់ ​ធ្លាប់​គោរព ស្រឡាញ់​ ​និង​ ​មាន​ទំនុក​ចិត្ត​ជា​ទី​បំផុត​កាល​ពី​កន្លង​​មក។ ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​អត្ត​សញ្ញាណ​អំពី​បុគ្គល​ដ៏​មាន​ឥទ្ធិ​ពល​និង​អំណាច​នោះ​ទេ។​

ឧ​ក​ញ៉ា​វ័យ​ក្មេង​រូប​នេះ ​ក៏​បាន​បង្ហោះ​រូបភាព​នៃ​សកម្ម​ភាព​របស់​បុគ្គល​មាន​អំណាច​នៅ​ភ្នំពេញ​ ​ដែល​បាន​ប្រើ​កម្លាំង​ទៅ​រុះរើ ផ្ទះ​ចាំ​ចំការ​របស់​គាត់​ ​និង​ ​ទីតាំង​ដី​ចម្ការ​របស់​គាត់ ​ដ៏​ធំ​ល្វឹង​ល្វើយ​ស្ថិត​នៅ​ភូមិ​ពូ​ធឿង ​ឃុំបិត​ត្រាំង ​ស្រុក​ព្រៃន​ប់​ ខេត្ត​​ព្រះ​សីហនុ។​

យោង​តាម​ឯក​សារ​ទិញ​លក់​ ​ឆ្នាំ​២០១០​ ​ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​ អាជ្ញាធរ​មូល​ដ្ឋាន​ រួ​ម​មាន​ លោ​ក​ សៅ​ ហន ​មេភូមិ​ពូ​ធឿង​ ​និង​ លោក​ ​ឡាក់​ គៀន​ មេឃុំ​បិត​ត្រាំង​ ​និង​ដែល​ត្រូវ​បាន​គាត់​បង្ហោះ​ភ្ជាប់​ជាមួ​យ​នោះ ​បាន​បង្ហាញ​ថា​ដី​នោះ​ មាន​ទំហំ​ ១៤១,១៨៥ ​ម៉ែត្រ​ការ៉េ​ ​ស្មើ​នឹង​ជាង​១៤ហិកតា។ ​ហើយ​វា​ត្រូវ​បាន​គាត់​ទិញ​ពី​បុរ​ស​ម្នាក់​ ឈ្មោះ​ ឡុ​ង​ សុ​ធា​ ដែល​ជា​អ្នក​កាន់​កាប់​និង​អាស្រ័យ​ផល​លើដី​នោះ​តាំង​ពី​អំឡុង​ទស​វត្សរ៍​ឆ្នាំ ​១៩៩០​​ ម​ក​ម្ល៉េះ​។​

យ៉ាង​ណា​ក៏​ដោយ​ករណី​វិវាទ​ដីធ្លី​មួយ​នេះ​មិន​ត្រូវ​បាន​អាជ្ញាធរ​មូល​ដ្ឋាន​ណា​ម្នា​ក់​ដឹង​ឮ​នោះទេ​ ហើយ​ក៏​ពុំទ​ទួល​បាន​បណ្ដឹង​ឬ​សេច​ក្ដី​រាយ​ការណ៍​ជា​លាយ​លក្ខ​ណ៍​អក្សរ​ណា​មួ​យ​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន​ ដើម្បី​ស្នើ​សុំកិច្ច​អន្តរាគ​ម​ន៍​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​នោះដែរ។​ ​នេះ​បើ​តាម​ការអះ​អាង​​របស់​លោក​ មៀច​ ចាន់​ ដែល​ជា​មេឃុំ​បិត​ត្រាំង​ ដែល​ទើប​ជាប់​ឆ្នោត​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។​

លោក​ ​មៀច​ ចាន់​ ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​«ខ្ញុំពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ នៅ​ពេល​ឃើញ​គាត់​[ឧកញ៉ា ​ទៀ ​វិចិត្រ]​ បង្ហោះ​សារ​នោះ។ ​ចំពោះ​ករណី​បែប​នេះ ​គាត់​គួរ​តែ​ប្ដឹង​មក​អាជ្ញាធរ​ជំនាញ ​ឲ្យ​ជួយ​ពិនិត្យ ​និង​ ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​»។​

ជុំវិញ​ករណី​នេះ ​អ្ន​ក​ស្រី ​ជៀប​ ​សុធារី​ ​មន្ត្រី​អង្កេត​សមា​គម​សិទ្ធិ​មនុស្ស​អាដ​ហុក​ ប្រចាំ​ខេត្ត​ព្រះ​សីហនុ​ បាន​ថ្លែង​ថា​ ករណី​រំលោភ​ដី​ធ្លី​នៅ​ខេត្ត​ព្រះ​សីហនុ​បច្ចុប្បន្ន​ ​បាន​ផ្ទុះ​កក្រើក​ឡើង​វិញ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ខណៈ​តម្លៃ​ដីនៅ​​ក្នុង​ខេត្ត​នេះ​កំពុង​មាន​ហាង​​ឆេង​ខ្ពស់​ចាប់​តាំង​ពី​មាន​វត្តមាន​ជន​ជាតិ​ចិន​ ​បាន​មក​វិនិយោគ​នៅ​ក្នុង​ខេត្ត​នេះ។​

អ្នក​ស្រី​ សុធារី​ ​បាន​បន្តថា​ ចំពោះ​ករណី​វិវាទ​ដី​ធ្លី​រវាង​លោក​ឧកញ៉ា​ ទៀ​ វិចិត្រ ​និង​ បុគ្គល​មាន​អំណាច​នៅ​ភ្នំពេញ​ ដែល​គាត់​មិន​បាន​ចេញ​ឈ្មោះ ​និង​ ដែល​គាត់​ទើ​ប​តែ​ទម្លាយ​ឲ្យដឹង​នា​ប៉ុន្មាន​ថ្ងៃ​នេះ​ គឺ​ជា​ករណី​ ស្រដៀង​គ្នា​នឹង​ករណី​វិវាទ​ដី​ធ្លី​ផ្សេង​ទៀត​ ​ដែល​ភាគ​ច្រើន​ម្ចាស់​ភោគៈ​ ដែល​មាន​តែ​ឯក​សារ​ទទួល​ស្គាល់​ដោយ​​អាជ្ញាធរ​ ភូមិ​-ឃុំ​ ទោះ​ស្ថិត​នៅមុ​ន​ឆ្នាំ​ ២០០​០ ​ក្ដី​ ​ក៏​ត្រូវ​ចាញ់​ភាគី​ ដែល​មាន​ប័ណ្ណ​សំគាល់​ភោគៈ​ដែល​ចេញ​ដោយ​មន្ទីរ​ ​និង​ ​ស្ថាន​ប័ណ្ណ​ជំនាញ​ដែរ​៕​