
លោក ឧកញ៉ា សុខ ប៊ុន ដែលត្រូវ ACU ចាប់ខ្លួន។ សហការី
ព្រះសីហនុៈ លោកឧកញ៉ា សុខ ប៊ុន ដែលធ្លាប់ជាប់ពន្ធនាគារ មន្ត្រីសង្កាត់កោះរ៉ុង ៤ នាក់ និងមេភូមិម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ហើយត្រូវតុលាការចោទប្រកាន់ជាច្រើនបទល្មើសកាលពីម្សិលមិញ ពាក់ព័ន្ធនឹងការក្លែងឯកសារ ដើម្បីបន្លំយកដីទំហំជាង ៥០០ ហិកតា នៅកោះរ៉ុង ខេត្តព្រះសីហនុ។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់កាលពីរសៀលម្សិលមិញថា លោកបានទទួលមនុស្សចំនួន ៦ នាក់ កាលពីព្រឹកថ្ងៃចន្ទ ដែលត្រូវបានបញ្ជូនពីអង្គភាពប្រឆាំងអំពើពុករលួយ ACU ដើម្បីបន្តនីតិវិធីសាកសួរពាក់ព័ន្ធនឹងរឿងដីធ្លីនៅកោះរ៉ុង។
មនុស្សទាំង ៦ នាក់រួមមាន ១-ឧកញ៉ា សុខ ប៊ុន ២-ឈ្មោះ អ៊ុង និត ប្រធានក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ៣-ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះរ៉ុង ៤-ឈ្មោះ ហែម សាឡេះ សមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ៥-ឈ្មោះ កែវ សោម ចៅសង្កាត់រងទី២ នៃសង្កាត់កោះរ៉ុង និង៦-ឈ្មោះ កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង។
លោក គឹមឡុង បញ្ជាក់ថា ឧកញ៉ា សុខ ប៊ុន ត្រូវបានចោទពីបទ ក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែង ផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ តាមបញ្ញត្តិមាត្រា ៦២៩, ៦៣០ និង២៨ (៦០១) នៃក្រមព្រហ្មទណ្ឌ។
ចំណែកឈ្មោះ អ៊ុង និត ត្រូវបានចោទប្រកាន់ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត វីតិក្រម ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈតាមបញ្ញត្តិមាត្រា ៦០១,៥៩២,៥៩៣,៦២៩ និង ៦៣០ នៃក្រមព្រហ្មទណ្ឌ។
ចំណែកឈ្មោះ សេង ហូលាង, ឈ្មោះ ហែម សាឡេះ, ឈ្មោះ កែវ សោម, និងឈ្មោះ កែវ ពៅ ត្រូវបានចោទពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង តាមបញ្ញត្តិមាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង ៦៣០ នៃក្រមព្រហ្មទណ្ឌ។ លោក គឹមឡុង ថ្លែងថា លោកមិនទាន់អាចលម្អិតពីរឿងនេះបានទេ ដោយសារវាកំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរដោយចៅក្រមស៊ើប។
លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងដែលទើបចូលកាន់តំណែងបាន ៥ ថ្ងៃ ថ្លែងថាលោកមិនបានដឹងព័ត៌មានពាក់ព័ន្ធរឿងនេះទេដោយបានត្រឹមដឹងថា កាលពី ២ សប្ដាហ៍មុនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានចុះទៅស្រាវជ្រាវដល់មូលដ្ឋាន។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ថ្លែងថា លោកមិនមានព័ត៌មានច្បាស់ការទេ ដោយស្នើឲ្យទាក់ទងទៅអង្គភាពប្រឆាំងអំពើពុករលួយនិងសាលាដំបូងរាជធានីភ្នំពេញវិញ។
ពលរដ្ឋមួយចំនួនដែលភ្នំពេញប៉ុស្តិ៍សម្ភាសកាលពីខែមុនបានបញ្ជាក់ថា កាលពីកន្លងទៅ លោកឧកញ៉ា សុខ ប៊ុន បានយកឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមួយច្បាប់ ទៅឲ្យអាជ្ញាធរភូមិ សង្កាត់ដើម្បីចុះហត្ថលេខាទទួលស្គាល់តាមផ្លូវច្បាប់ ដោយក្នុងឯកសារនោះ បញ្ជាក់ថា ដីទំហំជាង ៥០០ ហិកតា ជារបស់លោក សុខ ប៊ុន ដែលបានមកពីការទិញពីបុរសម្នាក់ឈ្មោះ ម៉ា ស៊ី ជាអ្នករស់នៅក្នុងភូមិព្រៃស្វាយ សង្កាត់កោះរ៉ុងនេះតាំងពីឆ្នាំ ២០០២។ ប៉ុន្តែអាជ្ញាធរ ភូមិ-សង្កាត់ ចាត់ទុកឯកសារនោះជាឯកសារមិនប្រក្រតី និង បដិសេធការចុះហត្ថលេខាទទួលស្គាល់លើឯកសារនោះ។
ពលរដ្ឋម្នាក់ឈ្មោះ ហាន សុខខៃ អះអាងកាលពីពេលនោះថា អ្នកស្រីនិងពលរដ្ឋជាង ៤០ គ្រួសារផ្សេងទៀតបានរស់នៅលើដីនោះតាំងពីឆ្នាំ ២០១២ ប៉ុន្តែកាលពីពាក់កណ្ដាលឆ្នាំមុន លោក សុខ ប៊ុន និងបក្ខពួកបានចុះទៅវាស់វែងដីនោះម្ដង។ ទោះយ៉ាងណាការវាស់វែងមិនបានសម្រេចទេ ដោយសារពលរដ្ឋបានរារាំង។
អ្នកស្រី សុខខៃ ថ្លែងកាលពីខែមុនថា៖ «ប្រមុខរដ្ឋាភិបាល បានផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ជាលក្ខណៈប្រព័ន្ធ ដល់គ្រួសារខ្ញុំ និងប្រជាពលរដ្ឋជាង ៤០ គ្រួសារទៀតនៅទីនេះតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជាលោកឧកញ៉ានោះគាត់ហ៊ានធ្វើឯកសារក្លែងបន្លំ គ្របដណ្ដប់យកដីយើងខ្ញុំបែបនេះ»។ ប៉ុន្តែនៅពេលទាក់ទងកាលពីម្សិលមិញ អ្នកស្រី សុខខៃ ស្នើសុំមិនអត្ថាធិប្បាយរឿងនេះទេ។
លោក សេង ហួលាង ចៅសង្កាត់កោះរ៉ុងដែលត្រូវចាប់ខ្លួន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីខែមុនថា លោកទទួលស្គាល់ថា ឧកញ៉ា សុខ ប៊ុន មានដីនៅទីនេះ ប៉ុន្តែដីនោះ មានត្រឹមតែជាង ៥ ហិកតាប៉ុណ្ណោះ ហើយពលរដ្ឋបានស្នើទៅថ្នាក់ខេត្ត ដើម្បីសុំអន្តរាគមន៍រកដំណោះស្រាយមិនឲ្យលោក សុខ ប៊ុន រំលោភយក។
ចំណែកលោក កែវ ពៅ មេភូមិព្រៃស្វាយ បាននិយាយថា អ្នកភូមិរបស់លោកមិនមាននរណាម្នាក់មានដីធំដល់ ៥០០ ហិកតាទេ សូម្បីតែ ១០ ហិកតា ក៏គ្មានដែរ។ ដូច្នេះលោកបដិសេធចុះហត្ថលេខាទទួលស្គាល់លើឯកសារផ្ទេរសិទ្ធិនោះ ព្រោះវាមានភាពមិនប្រក្រតី។
គួររំឭកផងដែរ លោក សុខ ប៊ុន ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ ឆ្នាំ ម្ដងរួចមកហើយកាលពី ខែ កុម្ភៈ ឆ្នាំ ២០១៦ ប៉ុន្តែឲ្យអនុវត្តទោសតែ ១០ ខែ ពាក់ព័ន្ធនឹងហិង្សាទៅលើពិធីការិនីទូរទស្សន៍ ឯក សុជាតា ហៅ សា សា កាលពីខែ កក្កដា ឆ្នាំ ២០១៥៕