ភ្នំពេញ៖ ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដកឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាល ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ដែលបានល្មើសនឹងបម្រាមនៃការបិទខ្ទប់របស់រាជរដ្ឋាភិបាលកាលពីយប់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១។
យោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅថ្ងៃទី ១៧ ខែមេសា នេះដោយព្រះអង្គបានត្រាស់បង្គាប់ឱ្យដកឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាល ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃចាប់ពីថ្ងៃនេះតទៅ។
គួររំឭកផងដែរថា កម្លាំងនគរបាលខណ្ឌមានជ័យនៅយប់ថ្ងៃសុក្រ ទី ១៦ ខែមេសា បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ ម្នាក់ឈ្មោះ អ៊ុង ចាន់ធួក អាយុ ៤៥ ឆ្នាំ ដែលមានតួនាទីជាអនុប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអ្នកពាក់ព័ន្ធចំនួន ២ នាក់ទៀត ដោយសារអ្នកទាំងនេះបានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅជាមួយនឹងអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់ទៀតផង។
ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារបានឃាត់ខ្លួនបុរសម្នាក់ដែលបានបើករថយន្តនៅលើដងផ្លូវម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ ៦A ដែលល្មើសនឹងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃសៅរ៍ ទី ១៧ ខែមេសា នេះបានឱ្យដឹងថា បុរសនេះ ឈ្មោះ សៀង រង្សី អាយុ ៣៥ ឆ្នាំ បានក្លែងបន្លំជានគរបាលជាតិ និងបើករថយន្តថតវីដេអូល្មើសនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ។
បុរសរូបនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ០៣ រសៀលថ្ងៃដដែលនេះ ដើម្បីធ្វើការសាកសួរ និងបន្តអនុវត្តន៍តាមនីតិវិធីច្បាប់៕