
លោកឧបនាយក រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចដាក់ពិន័យឧត្តមសេនីយ៍ទោម្នាក់ដោយដកហូតតំណែងពីអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ។ ផា លីណា
ភ្នំពេញៈ លោកឧបនាយក រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចដាក់ពិន័យឧត្តមសេនីយ៍ទោម្នាក់ដោយដកហូតតំណែងពីអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនិងដកឋានន្តរស័ក្ដិឲ្យមកនៅជាមន្ត្រីធម្មតា។នេះបើតាមប្រកាសចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំនេះដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។
ឧត្តមសេនីយ៍ទោដែលរងការដាក់ពិន័យនោះឈ្មោះ ស៊ុយ វុឌ្ឍី ជាអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនិងជាសមាជិកនៃការិយាល័យក្រុមមេធាវីយុត្តិធម៌ និងសហការី។
ប្រកាសនោះបានលើកពីមូលហេតុថា បណ្ដាលមកពីគាត់បានប្រព្រឹត្ត «ល្មើសវិន័យកងកម្លាំងនគរបាលជាតិ»។
លោក ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈបានថ្លែងថា លោកមិនដឹងថា គាត់ [ស៊ុយ វុឌ្ឍី] មានកំហុសអ្វីខ្លះទេ ប៉ុន្តែតាមរយៈប្រកាសនោះ គាត់ប្រាកដជាមាន
កំហុសអ្វីមួយ។
លោកថា៖ «ការដកហូតមុខតំណែងរបស់គាត់នាពេលនេះជាផ្នែកមួយនៃការធ្វើកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលនៃកងម្លាំងនគរបាលជាតិ»៕